ដោយៈសាវរក្ស/ភ្នំពេញ ៖ ជនសង្ស័យម្នាក់អត់លុយទិញថ្នាំញៀនជក់បានធ្វើសកម្មភាពកាច់កម៉ូតូយុវជនទើបនឹងជិះម៉ូតូមកពីសាលារៀនមកទុកក្នុងបន្ទប់ជួលបម្រុងគេចខ្លួន តែត្រូវម្ចាស់ទាន់ស្រែកផ្អើកឆោឡោដល់ប្រជាពលរដ្ឋចាប់បាន ប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង ៤៥នាទីថ្ងៃត្រង់ថ្ងៃទី១៥ ខែមករាឆ្នាំ២០២០ ទៅនៅតាមផ្លូវបេតុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះនី ឌីណា អាយុ ២៤ឆ្នាំមុខរបរនិងស្នាក់នៅមិនពិតប្រាកដ សមត្ថកិច្ចពិនិត្យជនសង្ស័យឃើញមានសារធាតុញៀន។ចំណែកជនរងគ្រោះឈ្មោះយ៉ង យ៉ុងហ៊ួរ អាយុ ១៥ឆ្នាំមុខរបរជាសិស្សស្នាក់នៅភូមិកើតហេតុខាងលើ។
បើតាមការរៀបរាប់ពីជនរងគ្រោះបានប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅមុនពេលកើតហេតុរូបគេបានជិះម៉ូតូម៉ាកឌីសពណ៌សលាយខៀវពាក់ស្លាកលេខភ្នំពេញ 1HZ-៣៩៨៩ ចេញពីសាលារៀនមកទុកនៅមុខបន្ទប់ជួលរួចក៏បានចូលទៅក្នុងបន្ទប់ ក្រោយមកស្រាប់តែឃើញជនសង្ស័យឈ្មោះនី ឌីណា បានឡើងលើម៉ូតូធ្វើសកម្មភាពកាច់កហើយនិងបម្រុងនឹងជិះគេចខ្លួនតែត្រូវជនរងគ្រោះឃើញទាន់ស្រែកថាចោរៗផ្អើលដល់អ្នកជិតខាងក៏ព័ទ្ធចាប់ជនសង្ស័យស្របពេលនោះក៏មានសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ ចុះល្បាតក៏ប្រគល់ឲ្យសមត្ថកិច្ចយកមកសួរនាំនៅប៉ុស្ដិ៍។
នៅមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពកាច់កម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែនដោយសារតែខ្លួនគ្មានលុយទិញថ្នាំជក់។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្ដោះអាសន្ននៅលើប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី ៣និងកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការរដ្ឋានខណ្ឌមានជ័យដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕B/