ដោយ៖តារារិទ្ធ(ភ្នំពេញ)៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យលោកស្រី អូប៊ូជី ជីសុកូ (OBUCHI Chizuko) ភរិយាលោក កៃហ្សូ អូប៊ូជី អតីតនាយករដ្ឋមន្ត្រីជប៉ុនចូលជួបសំដែងការគួរសមនិងពិភាក្សាការងារនៅព្រឹកថ្ងៃទី១៦ខែ មករាឆ្នាំ ២០២០ នៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រី ។ នៅក្នុងជំនួបនោះសម្តេចតេជោ ហ៊ុន សែន បានបំពាក់គ្រឿងឥស្សរិយយសសហមេត្រីថ្នាក់មហា សេរិវឌ្ឍន៍ជូនលោកស្រី ជីសុកូ ជាការសំដែងនូវការគោរពដឹកគុណចំពោះការជួយដល់ប្រទេសកម្ពុជា ។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោហ៊ុនសែនបានមានប្រសាសន៍ឲ្យដឹង ថា៖លោកស្រី អូប៊ូជី ជីសុកូ បានជម្រាបជូនសម្តេចតេជោហ៊ុនសែនថាលោកស្រីពិតជាមានសេចក្តីសុខរីករាយយ៉ាងខ្លាំងដែលបានមកធ្វើទស្សនកិច្ចនៅកម្ពុជាក្នុងខួប ២០ ឆ្នាំបន្ទាប់ពីលោកស្រីនិងស្វាមីរបស់លោកស្រី មកកាន់កម្ពុជាកាលពី២0ឆ្នាំមុន ។
លោកស្រីបានសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោដែលបានអនុញ្ញាតឱ្យលោកស្រីនិងប្រតិភូបានជួបសំដែងការគួរសមផងហើយក៏បានសូមថ្លែងអំណរគុណជូនសម្ដេចតេជោផងដែរដែលតំណាងឱ្យព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានបំពាក់គ្រឿងឥស្សរិយយសជូនលោកស្រី។លោកស្រីបានមានប្រសាសន៍ថាលោកស្រីមានការចង់ចាំអំពីដំណើរទស្សនកិច្ចរបស់លោកស្រីនិងស្វាមីទៅកាន់ cmac កាលពី២០ឆាំ្ននាំមុន។លោកស្រីបានបន្តថាក្នុងដំណើរទស្សនកិច្ចនៅកម្ពុជាពេលនេះលោកស្រីក៏បានទៅធ្វើទស្សនកិច្ចនៅស៊ីម៉ាក់ផងដែរ ។ លោកស្រីបានកត់សម្គាល់ថាក្នុងដំណើរទស្សនកិច្ចមកកាន់ កម្ពុជាលើកនេះលោកស្រីបានកត់សម្គាល់ឃើញថាព្រះរាជា ណាចក្រកម្ពុជាបានទទួលនូវសុខសន្តិភាពពិតប្រាកដពីនោះទៀតប្រជាជនកម្ពុជាមានទឹកមុខស្រស់ស្រាយនិងរស់រាយ ។ លោកស្រីបានមានប្រសាសន៍ថានេះជាជោគជ័យដ៏ពិតប្រាកដដ៏ធំធេងរបស់កម្ពុជា ។
ជាការឆ្លើយតបសម្ដេចតេជោបានថ្លែងអំណរគុណជូនចំពោះលោកស្រីដែលបានជូនពរ ។ សម្តេចតេជោបានលើកឡើងពីអតីតកាលដែលនៅពេលនោះ លោក អូប៊ូជី បានមកទស្សនកិច្ចនៅកម្ពុជាហើយក្នុងទស្សនកិច្ចនោះផងដែរគឺមានតែលោកអូប៊ូជីនិងលោកស្រីទេដែលជាជនជាតិបរទេសដែលបានធ្វើទស្សនកិច្ចទៅមើលសកម្មភាពដោះមីនរបស់អង្គការស៊ីម៉ាក,ហើយមានតែលោក អូប៊ូជី ទេដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើបញ្ហាដោះមីននេះ។ពីនោះទៀតសម្ដេចតេជោក៏បានរំឭកអំពីអតីតកាលផងដែរនោះគឺលោក អូប៊ូជី និងរាជរដ្ឋាភិបាលជប៉ុនប្រជាជនជប៉ុនបានដើរតួយ៉ាងសំខាន់ក្នុងការជួយដល់កម្ពុជាឲ្យមានការបោះឆ្នោតនៅឆ្នាំ ១៩៩៨ បន្ទាប់ពីកម្ពុជាមានជម្លោះប្រដាប់អាវុធនៅឆ្នាំ ១៩៩៧ ។ ពីនោះទៀតលោក អូប៊ូជី ជានាយករដ្ឋមន្ត្រីជប៉ុនទី២ក្នុងប្រវត្តិសាស្ត្រដែលបាន មកទស្សនកិច្ចនៅកម្ពុជាដោយនាយករដ្ឋមន្ត្រីជប៉ុនទី១បានមកកម្ពុជានៅទសវត្សរ៍៥០។នៅក្នុងដំណាក់កាលរបស់លោកអូប៊ូជីជានាយករដ្ឋមន្ត្រីលោកបានជួយ ដល់កម្ពុជាជាច្រើនជាពិសេសក្នុងការជំរុញឲ្យមានការផ្ដល់ថវិកាទ្រទ្រង់ដល់កម្ពុជាគឺលោកជាអ្នកសម្រេចនិងជាអ្នកប្រកាសនៅក្នុងដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជា៕