ដោយ៖តារារិទ្ធ(​ភ្នំពេញ)​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានអនុញ្ញាត​ឲ្យ​លោក យ៉ាម៉ា​ម៉ូ​តុ កូ​ហ្សូ (YAMAMOTO KOZO) សមាជិក​រដ្ឋសភា​និង​ជា​អតីត​អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​ជប៉ុន​ចូលជួប​សំដែង​ការគួរ​សមនិង​ពិភាក្សា​ការងារ​នៅ​ព្រឹក​ថ្ងៃទី ១៦ ខែមករា​ឆ្នាំ ២០២០ នៅ​វិមាន សន្តិភាព​ទីស្តីការ​នាយករដ្ឋមន្ត្រី ។​

​លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​មានប្រសាសន៍​ឲ្យ​ដឹង ថា​៖​នៅក្នុង​ជំនួប​នោះ​លោក យ៉ាម៉ា​ម៉ូ​តុ កូ​ហ្សូ (YAMAMOTO KOZO) សមាជិក សភា​ជប៉ុន​បាន​គោរព​ជម្រាបជូន​សម្ដេច​តេ​ជោ​ថា​លោក​បាន​ជួប​ជាមួយ​សម្តេច​តេ​ជោ​កាលពី​ឆ្នាំ ២០០៧ ហើយ​លោក​ពិនិត្យឃើញថា​កម្ពុ​ជាមាន​ការ​អភិវ​ឌ្ឍ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​បំផុត ។លោក​បាន​គោរព​ជម្រាបជូន​សម្ដេច​តេ​ជោ​ថា​ដំណើរ​ទស្សនកិច្ច​មកកាន់​កម្ពុជា​នៅពេលនេះ​គឺមាន​គោលដៅ​ពីរ​១.​គឺ​ដើម្បីសិក្សា​ពី​សេវា​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​ឌីជីថល​និង​ការអភិវឌ្ឍន​ប្លុក​ឆេង​នៅ​កម្ពុជា។​ការអភិវឌ្ឍ​ប្លុក​ឆេង​នៅ​កម្ពុជា​នេះ​លោក​បាន​បញ្ជាក់ថា​បើសិន​ដាក់​ឲ្យ​ដំណើរ ការ​រួចហើយនោះ​កម្ពុជា​គឺជា​ប្រទេស​ទីមួយ​ហើយ​ដែល​ដាក់ចេញ​ឲ្យ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ឌីជីថល​ទំនើប​មួយ​នេះ​។​គោលដៅ​ទី​២​គឺ​លោ​កមក​ធ្វើការ​សិក្សា​អំពី​បញ្ហា ការផ្គត់ផ្គង់​ទឹកស្អាត​នៅ​ទីក្រុង​ភ្នំពេញ ។លោក​ក៏បាន​ស្នើសុំ​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្ដេច​តេ​ជោ​ហ៊ុនសែន​ពាក់ព័ន្ធ​បញ្ហា​ទាំងពីរ​ខាងលើ​។​

​ជាការ​ឆ្លើយតប​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​លើកទឹកចិត្ត​លោក យ៉ាម៉ា​ម៉ូ​តុ កូ​ហ្សូ មក​ធ្វើការ​សិក្សា​ទៅលើ​ការប្រើប្រាស់​ការទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​ទូរស័ព្ទដៃ(ប្លុក​ឆេង)ដើម្បីឱ្យ​ ការទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​ឌីជីថល​នេះ​មានដំណើរ​ការប្រសើរ​និង​សុក្រឹត្យភាព​នៅ​កម្ពុជា ។​ពាក់ព័ន្ធ​ជាមួយនឹង​បញ្ហា​ទឹកស្អាត​សម្ដេច​តេ​ជោនាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា​កម្ពុជា​គឺ​ត្រូវការ​ពង្រីក​ស្ថានីយ​ទឹកស្អាត​ឲ្យ​បាន​ច្រើន​ដោយសារតែ​រាជធានី​ភ្នំពេញ​កាន់តែ​រីកធំ ឡើង​ជា​លំដាប់​ពី​៣០០​គីឡូម៉ែត្រ​ការ៉េ​រហូត​ទៅ​ដល់​ប្រជា​ជាង​៦០០​គីឡូម៉ែត្រ​ការ៉េ​ហើយ​ការអភិវឌ្ឍ​ផ្ទះសម្បែង​មានការ​រីកលូតលាស់​និង​ឆាប់រហ័ស​ផងដែរ​។​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំ ពេញ​កំពុងទទួល​ផ្គត់ផ្គង់​ទឹក​ទៅកាន់​ក្រុង​តាខ្មៅ​ខេត្តកណ្ដាល​ផងដែរ ​។​ សម្ដេច​តេ​ជោ​បាន​បញ្ជាក់ថា​ការងារ​ពីរ​ដែល​ត្រូវធ្វើ​ទី​១.​គឺ​ត្រូវ​ពង្រីក​នូវ​សមត្ថភាព​ការផ្គត់ផ្គង់​ទឹកស្អាត​ឲ្យ ដល់ ប្រជាពលរដ្ឋ​ប្រើប្រាស់​កាន់តែ​ទូលំទូលាយ និង ទី​២. គឺ​ធ្វើយ៉ាងណា​ពង្រីក​បណ្ដាញ​ចែកចាយ​ទៅកាន់​តំបន់​អភិវឌ្ឍន៍​ថ្មីៗ​ថែមទៀត ៕​