អង្គការឃ្លាំមើលសង្គ្រាមមួយបាននិយាយនៅថ្ងៃព្រហស្បតិ៍ទី១៦មករានេះថា ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លារវាងកងកម្លាំងគាំទ្ររដ្ឋាភិបាលនិងយុទ្ធជនដែលដឹកនាំដោយក្រុមជីហាដនៅក្នុងខេត្តអ៊ីដលីបរបស់ស៊ីរី បានសម្លាប់អ្នកប្រយុទ្ធយ៉ាងតិច ៣៩ នាក់ក្នុងរយៈពេលតែមួយយប់។

អំពើហិង្សា ដែលឃើញមានការវាយប្រហារតាមអាកាស ការបាញ់គ្រាប់ផ្លោង និងការប្រយុទ្ធនៅលើដី បានកប់ពន្លិចបន្ថែមទៀតនូវបទឈប់បាញ់ ដែលបានប្រកាសដោយរុស្ស៊ីកាលពីថ្ងៃអាទិត្យនៅអ៊ីដលីប ដែលជាមូលដ្ឋានរឹងមាំចុងក្រោយរបស់ក្រុមប្រឆាំងនៅក្នុងប្រទេសស៊ីរី។

អង្គការឃ្លាំមើលសិទិ្ធមនុស្សស៊ីរីបាននិយាយថាកងកម្លាំងរដ្ឋាភិបាលនិងកងកម្លាំងសម្ព័ន្ធមិត្តបានដណ្តើមកាន់កាប់ភូមិចំនួនពីរនៅក្នុងការរុលឆ្ពោះទៅមុខរបស់ពួកគេចូលក្នុងទីក្រុង ម៉ាអារ៉េតអាល់នូម៉ាន់។

យោងតាមអង្គការឃ្លាំមើលសង្រ្គាមដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសមួយនេះបានឱ្យដឹងថា ការប្រយុទ្ធបានកើតឡើងនៅល្ងាចថ្ងៃពុធនៅតំបន់ភាគខាងត្បូងនៃទីក្រុងម៉ាអារ៉េតអាល់នូម៉ាន់ ដែលជាគោលដៅសំខាន់នៃការវាយលុកផ្នែកយោធាចុងក្រោយបង្អស់របស់រដ្ឋាភិបាលស៊ីរី។

យ៉ាងហោចណាស់ យុទ្ធជនប្រឆាំងរដ្ឋាភិបាលចំនួន ២២ នាក់ត្រូវបានសម្លាប់ ដែលភាគច្រើនជាសមាជិកនៃក្រុមហាយ៉ាត់ថារៀអាល់សាម (Hayat Tahrir al-Sham) ដែលជាក្រុមសកម្មប្រយុទ្ធមួយ រួមបញ្ចូលទាំងអ្នកប្រយុទ្ធមកពីអតីតសម្ព័ន្ធមិត្តអាល់កៃដានៅក្នុងប្រទេសស៊ីរី។

លោក រ៉ាមី អាប់ឌែល រ៉ាម៉ាន់ ប្រធានអង្គការនេះបាននិយាយថា កងទ័ពរដ្ឋាភិបាលចំនួន ១៧ នាក់និងកងជីវពលសម្ព័ន្ធមិត្តក៏ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នានេះដែរ។

លោកបានបន្ថែមថា កងកម្លាំងរដ្ឋាភិបាលឥឡូវនៅឆ្ងាយត្រឹម ៧ គីឡូម៉ែត្រប៉ុណ្ណោះពីទីក្រុងម៉ាអារ៉េតអាល់នូម៉ាន់ ដែលជាកន្លែងងើបបះបោរមួយប្រឆាំងនឹងប្រធានាធិបតីបាសាអាល់អាសាដ៕ ដោយ៖ កញ្ញាដាលីស