បណ្តាញហាងលក់អាហារឆ្អិនស្រាប់ដែលអាចបំរើជូនអតិថិជនភ្លាមៗហៅថាfast-foodបានសុំផ្តល់តំណែងជាជំនួយការលក់មួយកន្លែងដល់ព្រះអង្គម្ចាស់វ័យ៣៥វស្សាហារី បន្ទាប់ពីទ្រង់និងព្រះនាង មេហ្គឹន ប្រកាសថា ពួកគេលាឈប់ពីរាជឋានៈជាន់ខ្ពស់និងមានផែនការក្លាយជា«អ្នកភាពឯករាជ្យភាពខាងហិរញ្ញវត្ថុ»។
ហាងBurger King នៅអាហ្សង់ទីនជាអ្នកប្រកាសផ្តល់ការងារនេះមុនគេ នៅពេលសាខាមួយរបស់ខ្លួនបានសរសេរបង្ហោះថា « យើងបានដឹងថា ព្រះអង្គម្ចាស់និងព្រះនាងបោះបង់តួនាទីក្នុងរាជវង្ស ហើយនឹងធ្វើខ្លួនជាអ្នកឯករាជ្យខាងលុយកាក់។«ដូច្នេះ យើងមានកន្លែងមួយសំរាប់អ្នក ដូចមនុស្សរាប់ពាន់នាក់ដែរហើយចូលមកធ្វើការជាមួយយើង។ក្រោយគង់នៅជាឌុច(ឋានៈរាជវង្ស)អស់ពេលរាប់ឆ្នាំ ឥឡូវជាឱកាសដើម្បីចាប់ផ្តើមស៊ីដូចជាស្តេចហើយ»។
ក្រោយមកBurger Kingនៅអាម៉េរិកបានសរសេរបង្ហោះថា « ផ្តល់ការងារក្រៅម៉ោងដល់រាជវង្សនេះ»។
កាលពីសប្តាហ៍មុន គូស្នេហ៍នេះ ដែលមានបុត្រាវ័យ៨ខែ បានបង្កការភ្ញាក់ផ្អើលក្នុងរាជវង្សអង់គ្លេសពេលពួកគេប្រកាសផែនការបោះបង់ចោលរតំណែងជាន់ខ្ពស់ក្នុងរាជវង្សនិងសម្លឹងរកតួនាទីថ្មី។
ពួកគេបាននិយាយថា«ក្រោយត្រិះរិះនិងពិភាក្សាគ្នារាប់ខែ យើងបានជ្រើសរើសធ្វើអន្តកាលមួយនៅឆ្នាំនេះ ដោយចាប់ផ្តើមតួនាទីជឿនលឿនថ្មីមួយនៅក្នុងស្ថាប័ននេះ។យើងមានបំណងដកខ្លួនចេញពីសមាជិកជាន់ខ្ពស់នៃរាជង្ស និងធ្វើការងារដើម្បីក្លាយជាមនុស្សឯករាជ្យខាងថវិកា តែបន្តគាំទ្រមហាក្សត្រិយានីពេញលេញ»។
ព្រះអង្គម្ចាស់ហារី និងព្រះនាង មេហ្គឹន បានចំណាយពេលភាគច្រើននៅអង់គ្លេសនិងកាណាដា និងបន្ទាប់ពីមានបញ្ហាជាមួយរាជវង្សមក ព្រះនាងមេហ្គឹនបានចេញទៅកាណាដា ទុកអោយហារី ប្រឈមបញ្ហាតែឯង។
ស្តេចអង់គ្លេសនៅមិនទាន់សំរេចយ៉ាងណាទេ ក្រោយពីអ្នកទាំងពីរសំរេចបោះបង់តួនាទីជាន់ខ្ពស់ក្នុងរាជវង្ស ហើយចង់ធ្វើការរកលុយកាក់ខ្លួនឯង
ទោះជាប្រជាជនកាណាដា ស្រឡាញ់ចូលចិត្តគូស្នេហ៍នេះ តែពួកគេភាគច្រើនមិនចង់ចំណាយលើការការពារសន្តិសុខនិងថ្លៃចំណាយផ្សេងៗ ដោយសារតែការរើទីលំនៅរបស់អ្នកទាំងពីរទេ។
សារព័ត៌មានកាណាដា បានវាយតំលៃថា ថ្លៃការពារព្រះអង្គម្ចាស់ហារីនិង ព្រះនាងមេហ្គឹន អស់ប្រមាណ១,៣លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ។
កាសែតធំបំផុតមួយរបស់កាណាដា បានរិះគន់អ្នកទាំងពីរចំពោះការសំរេចចិត្តចាកចេញពីព្រះរាជវាំងអង់គ្លេស និងថាកាណាដា មិនអាចក្លាយជាផ្ទះរបស់ពួកគេទេ៕ប្រែសម្រួល៖វាសនា