ដោយ៖សៅវ៉ាន់ឌី/ព្រះវិហារ៖កាលពីព្រឹកថ្ងៃទី១៦ខែមករាឆ្នាំ២០២០រដ្ឋបាលស្រុកជាំក្សាន្តបានប្រារព្វពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១នៃទិវាជ័យជម្នះថ្ងៃ៧មករា១៩៧៩=៧មករា២០២០។ពិធីនេះមានប្រជាពលរដ្ឋមន្ត្រីរាជការចូលរួម ប្រមាណ១៣.០០០នាក់។
ពិធីនេះក្រោមវត្តមានលោកស៊ូសិរីអភិបាលរងបានគូសបញ្ជាក់ថា៖ថ្ងៃ៧មករាឆ្នាំ១៩៧៩គឺជាថ្ងៃប្រវត្តិសាស្ត្រដែលបានផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត។ដើម្បីសង្គ្រោះជាតិនិងប្រជាជនកម្ពុជាឱ្យមានជីវិតរស់រានឡើងវិញរួចផុតពីការកាប់សម្លាប់រង្គាលនៅរបបដ៏សាហាវយង់ឃ្នង។នេះហើយបើកឡើងនូវសករាជថ្មីគឺឯករាជ្យសេរីភាពប្រជាធិបតេយ្យនិងវឌ្ឍនភាពសង្គមជាស្នាដៃរបស់ថ្នាក់ដឹកនាំកំពូលគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន។
លោកស៊ូសិរីបានថ្លែងបញ្ជាក់ថា«បើគ្មានរដ្ឋប្រហារថ្ងៃ១៨មីនា១៩៧០ក៏គ្មានរបបប្រល័យពូជសាសន៍ប៉ុលពត បើគ្មានរបបប្រល័យសាសន៍ ក៏គ្មានជ័យជម្នះ៧មករា បើគ្មានជ័យជម្នះ៧មករា គឺគ្មានអ្វីៗ នៅថ្ងៃនេះឡើយ»។លោកបន្តថា៖ក្នុងរយៈពេល៤១ឆ្នាំកន្លងមកនេះរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានសម្រេចគោលដៅសំខាន់ៗដែលជាបំណងប្រាថ្នារបស់ប្រជាជនគឺរក្សាបាននូវសន្តិភាព ការអភិវឌ្ឍ និងការលើកស្ទួយកំរិតជីវភាពរស់នៅ របស់ប្រជាជនកាន់តែប្រសើរឡើងផ្ដល់នូវយុត្តិធម៌ ជំនឿទុកចិត្ត ខិតខំប្រឹងប្រែងលះបង់អ្វីៗទាំងអស់ ដើម្បីប្រជាជននិងសង្គមជាតិទាំងមូល។
ជាមួយគ្នានេះលោកស៊ូសិរីអភិបាលរងខេត្តព្រះវិហារបានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ជូនដល់ក្រុមកីឡាករបាល់ទាត់ដែលទទួលបានជ័យលាភីក្នុងនោះ៖ ក្រុមមហាជនលេខ១.ទទួលបានពាន១ បាល់១ថវិកា៤០ម៉ឺនរៀល,លេខ២.ទទួលបានបាល់១ថវិកា៣០ម៉ឺនរៀល,លេខ៣.ទទួលបានបាល់១ថវិកា២០ម៉ឺនរៀល,។ក្រុមកីឡាករបាល់ទាត់សិស្សានុសិស្សក្រុមបុរស និងក្រុមស្ត្រី លេខ១.ទទួលបាន ពាន១ ថវិកា២០ម៉ឺនរៀល, លេខ២.ទទួលបានបាល់១ ថវិកា១៥ម៉ឺនរៀល,លេខ៣.ទទួលបានបាល់១ និងថវិកា១០ម៉ឺនរៀល៕S/