ដោយៈប.ខុន/ភ្នំពេញ៖ការស្នាក់នៅនិងលក់ដូរដោយសង់រោងលើឆ្នេរអូរត្រេះដែលជាឆ្នេរដ៏ពេញនិយមរបស់អ្នកទេសចរណ៍អឺរ៉ុបមុនពេលសហគមន៍ជនជាតិចិនមកដល់ត្រូវបានរុះរើនិងសម្អាតអស់ហើយ កាលពីថ្ងៃទី១៥ខែមករាឆ្នាំ២០២០តាមការកំណត់ដោយរដ្ឋបាលខេត្តព្រះសីហនុ។
លោកអ៊ីសុខឡេងអភិបាលក្រុងព្រះសីហនុបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី១៦ខែមករាឆ្នាំ២០២០ថារោងស្នាក់នៅ និង តូបលក់ដូរលើឆ្នេរអូរត្រេះត្រូវបានរុះរើចេញអស់ហើយកាលពីថ្ងៃទី១៥ខែមករា បន្ទាប់ពីរដ្ឋបាលខេត្តព្រះសីហនុបានជូនដំណឹងជាបន្តបន្ទាប់រួចមក។លោកអភិបាលក្រុងរូបនេះនិយាយឱ្យដឹងទៀតថាក្រោយពីអ្នកលក់ដូរនិងអ្នកស្នាក់នៅចាកចេញអស់រដ្ឋបាលក្រុងបានបញ្ជូនរថយន្តធំៗចំនួន៥៩គ្រឿង ដើម្បីដឹកសំណល់ផ្សេងៗចេញពីលើឆ្នេរនេះមុននឹងទៅធ្វើការឈូសសម្អាតដូច ជាឆ្នេរអូរឈើទាល២(អារីស្តុន)។
លោកគួចចំរើនអភិបាលខេត្តព្រះសីហនុបានប្រាប់ឱ្យរស្មីកម្ពុជាដឹងកាលពីថ្ងៃទី១៥ខែមករាឆ្នាំ២០២០ថាឆ្នេរអូរត្រេះបានសម្អាតរាបរយហើយតែសំរាមមានច្រើនណាស់ត្រូវដឹកចេញដើម្បីរៀបរយឆ្នេរនេះឱ្យបានស្អាតដូចជាឆ្នេរអូរ ឈើទាល១និងអូរឈើទាល២(អារីស្តុន)។
លោកគួចចំរើនបាននិយាយឱ្យដឹងទៀតថាមួយខែទៀតពលរដ្ឋមកលេងក្រុងព្រះសីហនុកាន់តែមានភាពងាយស្រួលហើយដោយផ្លូវក៏ងាយស្រួលដើរនិងមានឆ្នេរលេងកម្សាន្តក៏ស្រឡះភ្នែកអាចមើលបានក្នុងពេលចូលឆ្នាំខ្មែរខាងមុខនេះ។អូរត្រេះជាឆ្នេរធម្មជាតិដ៏ស្ងប់ស្ងាត់និងពេញនិយមសម្រាប់ជនបរទេសមកពីអឺរ៉ុបមុនពេលសហគមន៍ជនជាតិចិនមកដល់កាលពី២ឆ្នាំមុន។
ជាឆ្នេរមានទូកនិងម៉ូតូទឹកសម្រាប់ដឹកទេសចរណ៍ទៅមើលកោះតូចៗនៅជិតនោះតែភ្ញៀវអឺរ៉ុបបានបាត់អស់នៅពេលអ្នកវិនិយោគចិនបានចូលមកដល់ច្រើន។អ្នកបើកទូកម៉ាស៊ីនសម្រាប់ដឹកភ្ញៀវនៅឆ្នេរអូរត្រេះមួយរូបបាននិយាយឱ្យដឹងថាភ្ញៀវអឺរ៉ុបដែលបាត់មុខមួយរយៈក្នុងពេលជនជាតិចិនចូលមកដល់ច្រើននោះឥឡូវឃើញត្រឡប់វិញខ្លះហើយ។តែមិនច្រើនដូចមុនទៀតទេដោយសារនៅលើឆ្នេរគេលែងឱ្យមានការលក់ដូរដូចកាលពីពេលមុន។
បារាំងមកទីនេះចូលចិត្តភាពស្ងប់ស្ងាត់ដោយដេកហាលថ្ងៃនិងជិៈទូកមើលកោះនៅជិតៗនេះ។ការបញ្ចប់សកម្មភាពស្នាក់នៅលក់ដូរលើឆ្នេរអូរត្រេះដោយរដ្ឋបាលខេត្តព្រះសីហនុបានធ្វើឱ្យអ្នកមានផលប្រយោជន៍ពីឆ្នេរនេះមិនសប្បាយចិត្តតែជាទូទៅពលរដ្ឋគាំទ្រឱ្យមានការុះរើនិងសម្អាតទុកជាឆ្នេរសាធារណៈបែបនេះ។
រំលឹកឱ្យដឹងថារដ្ឋបាលខេត្តព្រះសីហនុកាលពីថ្ងៃទី១៣ខែមករាឆ្នាំ២០២០លោកគួចចំរើនអភិបាលខេត្តព្រះសីហនុសូមជម្រាបជូនសម្តេចទ្រង់លោក,លោកស្រីសាធារណជននិងអ្នកសារព័ត៌មានឱ្យបានជ្រាបថា៖កន្លងមករដ្ឋបាលខេត្តបានចេញលិខិតជូនដំណឹង លេខ៤៧ ៣/១៩សជណ ចុះថ្ងៃទី៤ខែធ្នូ ឆ្នាំ២០១៩ជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងលក់ដូរនិងអាស្រ័យផលនៅលើឆ្នេរអូរឈើទាល(អតីតអារីស្តុន)និងឆ្នេរអូរត្រេះមានទីតាំងស្ថិតនៅភូមិ៤និងភូមិ៦សង្កាត់លេខ៤ក្រុងព្រះសីហនុខេត្តព្រះសីហនុ ឱ្យរុះរើតូបរោង និងស្តង់លក់ដូរចេញពីលើឆ្នេរ។
បន្ទាប់ពីទទួលបានបានសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុរួចមកបងប្អូនប្រជាពលរដ្ឋដែលកំពុងលក់ដូរនៅលើឆ្នេរអូរឈើទាល(អតីតឆ្នេរអារីស្តុន)បានចូលរួមសហការជាមួយអាជ្ញាធរដោយបានធ្វើការរុះរើតូបរោងនិងស្តង់លក់ដូររបស់ខ្លួនទាំង១២៦តូបជាស្ថាពរ។ដោយគ្មានការតវ៉ានិងគ្មានបង្កអំពើហិង្សាអ្វីឡើយព្រមទាំងបានចូលរួមធ្វើការសម្អាតឆ្នេរខ្សាច់វិលមករកសភាពស្រស់ស្អាតឡើងវិញថែមទៀត។
ដោយឡែកចំពោះបងប្អូនប្រជាពលរដ្ឋដែលកំពុង លក់ ដូរនៅលើឆ្នេរអូរ ត្រេះ(អូរត្រេះ១និងអូរត្រេះ២) មួយចំនួនបានចូលរួមសហការក្នុងការរុះរើតូបរោងនិងស្តង់លក់ដូររបស់ខ្លួនបានរួចរាល់។ប៉ុន្តែនៅមានបងប្អូនមួយចំនួនទៀតមិនទាន់បានរុះរើនៅឡើយ។រដ្ឋបាលខេត្តព្រះសីហនុស្នើសុំកិច្ចសហការពីបងប្អូនដែលកំពុងបន្តលក់ដូរ នៅលើឆ្នេរអូរត្រេះ (អូរត្រេះ១ និង អូរត្រេះ២) ត្រូវរុះរើ តូបរោងនិងស្តង់លក់ដូរ របស់ខ្លួន ស្របតាម ស្មារតីនៃលិខិតជូន ដំណឹងលេខ ៤៧៣/១៩ សជណ ចុះថ្ងៃ ទី៤ ខែធ្នូ ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្ត។ក្នុងករណីបងប្អូនមិនអនុវត្តតាមសេចក្តីជូនដំណឹងនេះរដ្ឋបាលខេត្តនឹងអនុវត្តវិធានការរដ្ឋបាលរុះរើដោយមិនទទួលខុសត្រូវចំពោះការខូចខាតសម្ភារៈឬបាត់បង់ទ្រព្យសម្បត្តិរបស់បងប្អូនឡើយ ។
សូមបញ្ជាក់ថារដ្ឋបាលខេត្តនឹងមិនអនុញ្ញាតឱ្យបងប្អូនបន្តលក់ដូរនៅលើឆ្នេរអូរឈើទាល(អតីតអារីស្តុន)និងឆ្នេរអូរត្រេះ(អូរត្រេះ១និងអូរត្រេះ២)តទៅទៀតឡើយដើម្បីទុកលទ្ធភាពដល់ក្រុមការងារជំនាញរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយកែលម្អសោភ័ណភាពឆ្នេររក្សាទុកជាឆ្នេរសាធារណៈនិងជាសម្បត្តិរួម របស់ប្រជា ពលរដ្ឋខ្មែរទូទៅមកទស្សនា កម្សាន្ត៕S/