ដោយ​:​គង់​ហេង​/​កំពង់ចាម​៖​កាលពី​រសៀល​ថ្ងៃទី​១៦​ខែមករា​ឆ្នាំ​២០២០​ផ្ទះ​សង់​អំពី​ឈើ​ដំបូល​ប្រក់​ក្បឿង​ចំនួន​មួយ​ខ្នង​របស់​ប្រជាពលរដ្ឋ​នៅ​ស្រុក​កោះសូទិន​បាន​ដួលរលំ​បាក់​រាប​ដល់​ដី​ខណ​:​ក្រុម​ជាង​បាន​រំកិល​ផ្ទះមួយ​ខ្នង​នេះ​ថយក្រោយ​បាន​បន្តិច​។​ប៉ុន្តែ​ពុំមាន​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស​ឡើយ​។​

​លោក​យិន​វណ្ណ​:​អភិបាលស្រុក​កោះសូទិន​បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថា​ករណី​រលំ​ផ្ទះ​ខាងលើ​បានកើត​ឡើង​នៅ​ភូមិ​ព្រែក​រំចេក​កើត​ឃុំ​ពង្រ​ស្រុក​កោះសូទិន​។​ជា​ផ្ទះ​ចាស់​សង់​ពី​ឈើ​និង​មាន​ដំបូល​ប្រក់​ក្បឿង​ទំហំ​ទទឹង ប្រាំបី ម៉ែត្រ​និង​បណ្តោយ​ប្រាំបួន​ម៉ែត្រ​ជា​កម្មសិទ្ធិ​របស់​គ្រួសារ​ស្ត្រី​វ៉េង​សុ​វ៉ាន​អាយុ​៥៣​ឆ្នាំ​។​

​លោក​អភិបាលស្រុក​បាន​ដកស្រង់​សម្តី​ម្ចាស់ផ្ទះ​បានឱ្យដឹងថា​ការដួលរលំ​នេះ​ផ្ទះ​បាន​កើតឡើង​បន្ទាប់ពី​ម្ចាស់ផ្ទះ​បាន​ជួល​ក្រុម​ជាង​ជំនាញ​ខាង​រុញ​រំកិល​ផ្ទះ​របស់គាត់​ពី​ខាងមុខ​ទៅកាន់​ដី​ទំនេរ​ផ្នែក​ខាងក្រោយ​ដើម្បី​ទុក​ដី​ជា​បរិវេណ​ឱ្យ​ទូលាយ​នៅខាងមុខ​ផ្ទះ​វិញ​។​លោក​វណ្ណ​:​បាន​បន្តថា​ប៉ុន្តែ​ការ​រំកិល​ផ្ទះ​បាន​ប្រមាណ​ពីមួយ​ទៅ​ពីរ​ម៉ែត្រ​ពី​ទីតាំង​ចាស់​ទំនងជា​ខុស​បច្ចេកទេស​ក៏​រអិល​រនេល​បណ្តាលឱ្យ​ដួលរលំ​បាក់បែក​ធ្លាក់​ផ្ទះ​រាប​ដល់​ដី​តែម្តង​។​

​បញ្ហា​បែបនេះ​គឺជា​ការទទួលខុសត្រូវ​របស់​ខាង​ក្រុម​ជាង​រំកិល​ផ្ទះ​។​ដោយ​ខាង​នគរបាល​បាន​ចុះទៅពិនិត្យ​និង​ជួយ​រុះរើ​យក​ឈើ​ដែល​នៅ​អាច​ប្រើការ​បាន ដើម្បី​សាងសង់​ម្ចាស់ផ្ទះ​ឡើងវិញ​៕S/​