ដោយមូលសម្បត្តិ/ភ្នំពេញ៖ជាមោទនភាពថ្មីមួយទៀតសម្រាប់កម្ពុជាដោយទីក្រុងទេសចរណ៍របស់កម្ពុជាចំនួន៣រួមមានខណ្ឌដូនពេញ(រាជធានីភ្នំពេញ)ទីក្រុងកំពតនិងទីក្រុងតាខ្មៅបានទទួលជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាន។នៅក្នុងពិធីចែកជ័យលាភីរង្វាន់ទេសចរណ៍អាស៊ានដែលបានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ នាឱកាស វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២០ នៅប្រទេសព្រុយណេ។ រដ្ឋមន្ត្រីទេសចរណ៍ អាស៊ានបានប្រគល់រង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន ដល់ទីក្រុងទេសចរណ៍ ចំនួន ២១ នៅក្នុងតំបន់។
ការប្រគល់រង្វាន់នេះធ្វើឡើងដើម្បីពង្រឹងភាពទាក់ទាញនិងបង្កើនភាពប្រកួតប្រជែងរបស់ទីក្រុងទេសចរណ៍អាស៊ានពង្រឹងគុណភាពផលិតផលនិងសេវាកម្មទេសចរណ៍នៅក្នុងតាមបណ្តាទីក្រុងរបស់អាស៊ាន។ក៏ដូចជាជម្រុញដល់ការរៀបចំមជ្ឈដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋតាមបណ្តាទីក្រុងឱ្យកាន់តែប្រសើរឡើង ព្រមទាំងចូលរួមយ៉ាងមានប្រសិទ្ធភាពដល់ការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព។
គួរបញ្ជាក់ថាស្តង់ដាទីក្រុងទេសចរណ៍ស្អាតអាស៊ានត្រូវបានដឹកនាំរៀបចំដោយក្រសួងទេសចរណ៍កម្ពុជា និង គណៈ កម្មាធិការ ជាតិ វាយ តម្លៃ ទីក្រុងស្អាត តាំងពីឆ្នាំ ២០១១ ដោយមានការគាំទ្រពីរដ្ឋមន្ត្រី ទេសចរណ៍អាស៊ាន។ស្តង់ដានេះត្រូវបានអនុម័តនិងដាក់ឲ្យអនុវត្តជាផ្លូវការកាលពីវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០១៥។គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតបាននឹងកំពុងជម្រុញចលនាប្រឡងប្រណាំងទីក្រុងស្អាតទាំងនៅកម្រិតថ្នាក់ជាតិ។
កម្រិតតំបន់អាស៊ានសំដៅចូលរួមដល់ការជម្រុញការកសាងទីក្រុងឆ្លាតវៃ(SmartCity)នៅក្នុងតំបន់អាស៊ានថែមទៀត។នេះឆ្លុះបញ្ចាំងពីតួនាទីនិងការចូលរួមរបស់កម្ពុជាក្នុងតំបន់ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕S/