ដោយៈមុនីរ័ត្ន/ភ្នំពេញ៖ខណៈពេលដែលការបង្រួបបង្រួមរវាងគណបក្សគណបក្សហ្វ៊ុនស៊ិនប៉ិចនិងគណបក្សខ្មែររួបរួមជាតិនៅទ្រឹងគឺមានសមាជិករបស់គណបក្សហ្វ៊ុនស៊ិនប៉ិចនៅតាមបណ្តាខេត្តមួយចំនួនបានមកចូលរួមជាមួយគណបក្សខ្មែររួបរួមជាតិរបស់លោកញឹកប៊ុនឆៃជាបន្តបន្ទាប់។សមាជិកគណបក្សគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលមកចូលរួមជាមួយគណបក្សខ្មែររួបរួមជាតិ មានដូចជា នៅខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ចាមនិងខេត្តមួយចំនួនទៀត។
លោកញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិបានថ្លែងនៅក្នុងសន្និសីទកាសែតកាលពីថ្ងៃទី១៦ ខែមករាឆ្នាំ២០១៩នេះថានៅពេលដែលលោកចុះមូលដ្ឋានដើម្បីសួរសុខទុក្ខថ្នាក់ដឹកនាំនៅមូលដ្ឋាន (ភូមិឃុំស្រុកខេត្ត)ខេត្តកំពង់ធំខេត្តសៀមរាបខេត្តបន្ទាយមានជ័យនិងខេត្តឧត្តរមានជ័យគឺមានសមាជិករបស់គណបក្សហ្វ៊ុនស៊ិនប៉ិចមួយចំនួនបានមកចូលរួមជាមួយគណបក្សខ្មែររួបរួមជាតិ។
លោកប្រធានគណបក្សបានបន្តថាពួកគាត់ចង់ដឹងអំពីការបង្រួបបង្រួមរវាងគណបក្សទាំងពីរ។សមាជិកគណបក្សហ្វ៊ុនស៊ិនប៉ិចបាននិយាយថាអត់ឃើញថ្នាក់ដឹកនាំរបស់គណបក្សហ្វ៊ុនស៊ិនប៉ិចចុះមូលដ្ឋានជួបសមាជិកគឺពួកគាត់អស់សង្ឃឹម។ពួកគាត់ចង់ឱ្យមានការបង្រួបបង្រួមនៅថ្នាក់មូលដ្ឋានហើយការបង្រួបបង្រួមថ្នាក់លើគឺពេលណាពេលនឹងទៅ។
លោកបានបញ្ជាក់ថា“សមាជិកគណបក្សហ្វ៊ុនស៊ិនប៉ិចដែលមកចូលរួមគឺពួកគាត់ពីការបង្រួបបង្រួមរវាងគណបក្សហ្វ៊ុនស៊ិនប៉ិចនិងគណបក្សខ្មែររួបរួមជាតិចេះតែស្ងាត់ទៅៗហើយពួកគាត់ថាថ្នាក់ដឹកនាំហ្វ៊ុនស៊ិនប៉ិច បាត់អត់ឃើញចុះមូលដ្ឋាន ពួកគាត់អស់សង្ឃឹម”។
លោកញឹក ប៊ុនឆៃ បានបបន្តថា ការចុះមូលដ្ឋានរបស់ថ្នាក់ដឹកនាំគណបក្សខ្មែររួបរួមជាតិ គឺដើម្បីសួរសុខទុក្ខថ្នាក់ដឹកនាំនៅមូលដ្ឋាន (ភូមិ ឃុំ ស្រុក ខេត្ត) និងជម្រាបអំពីស្ថានការណ៍នយោបាយជាតិនិងអន្តរជាតិរួមទាំងអំពីគោលការណ៍ នៃការបង្រួបបង្រួមរវាងគណបក្សខ្មែររួបរួមជាតិ ជាមួយគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលមានការយឺតយ៉ាវ ដែលរហូតមកដល់ពេលនេះ នៅមិនទាន់ដំណើរការនៅឡើយ។
ខាងគណបក្សខ្មែររួបរួមជាតិបានជម្រុញឲ្យមានការបង្រួបបង្រួមឲ្យបានលឿនពីព្រោះការរួបរួមរង់ចាំអស់ពេលពីរបីខែមកហើយ។មេដឹកនាំគណបក្សខ្មែររួបរួមជាតិបានបញ្ជាក់ថា“ការបង្រួបបង្រួមបានឬមិនបានគឺអាស្រ័យលើគណបក្សហ្វ៊ុនស៊ិនប៉ិចរហូតមកដល់ពេលនេះនៅមិនទាន់មានការទាក់ទងគ្នាជាថ្មីនៅឡើយទេ សង្ឃឹមថា រួបរួមគ្នាបានតែមិនដឹងពេលណា”។
លោកបានបន្តថាចំពោះការចុះមូលដ្ឋានជួបសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណបក្សខ្មែររួបរួមជាតិ គឺចាប់ពីថ្ងៃទី១១ ខែមករា តទៅ។ ដោយនៅថ្ងៃទី១១ខែមករាលោកចុះទៅខេត្តកំពង់ធំ(ពេលព្រឹក) និងខេត្តសៀមរាប(ពេលរសៀល)។នៅថ្ងៃទី១២ខែមករាចុះទៅខេត្តបន្ទាយមានជ័យនិងខេត្តឧត្តរមានជ័យ។នៅព្រឹកថ្ងៃទី១៨ខែមករាចុះទៅខេត្តកំពង់ស្ពឺនិងពេលរសៀលចុះទៅខេត្តតាកែវ។
នៅព្រឹកថ្ងៃទី១៩ខែមករាចុះទៅខេត្តព្រៃវែងនិងនៅពេលរសៀលចុះទៅខេត្តស្វាយរៀង។នៅព្រឹកថ្ងៃទី២៥ខែមករាចុះទៅខេត្តកំពង់ឆ្នាំងនិងនៅពេលរសៀលចុះទៅខេត្តពោធិសាត់។នៅព្រឹកថ្ងៃទី២៦ខែមករាចុះទៅខេត្តបាត់ដំបងនិងនៅពេលរសៀលចុះទៅខេត្តប៉ៃលិន។
លោកញឹក ប៊ុនឆៃ បានបន្តទៀតថា ចំណែកនៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ចុះទៅខេត្តក្រចេះ។នៅព្រឹកថ្ងៃទី២ ខែកុម្ភៈចុះទៅខេត្តរតនគីរី។នៅព្រឹកថ្ងៃទី៣ខែកុម្ភៈចុះទៅខេត្តប៉ៃលិន។នៅថ្ងៃទី៨ខែកុម្ភៈចុះទៅខេត្តកោះកុង។នៅព្រឹកថ្ងៃទី៩ខែកុម្ភៈចុះទៅខេត្តព្រះសីហនុនិងនៅពេលរសៀលចុះទៅខេត្តកំពត។នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ចុះទៅខេត្តត្បូងឃ្មុំ និងពេលរសៀលចុះទៅខេត្តកំពង់ចាម។នៅព្រឹកថ្ងៃទី១៦ខែកុម្ភៈ ចុះទៅខេត្តកណ្តាល និងពេលរសៀលនៅរាជធានីភ្នំពេញ៕S/
រូបថតៈ លោកញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ