ភ្នំពេញ:តារាសម្តែងសិចស៊ីរូបស្រស់ កញ្ញា ឈិន សៀវម៉ី និងតារាកំប្លែង នាយគ្រឿន បានប៉ះគ្នាលើកដំបូងក្នុងភាពយន្តបែបកំប្លែងខ្នាតធំគឺរឿង “កំពូលអ្នកស៊ើបអង្កេតបែកស្លុយ”។
រឿង “កំពូលអ្នកស៊ើបអង្កេតបែកស្លុយ” របស់ផលិតកម្ម វីស៊ីន( VCINE Production) បានប្រកាសដាក់បញ្ចាំងជាផ្លូវការកាលពីរាត្រីថ្ងៃទី១៥ ខែមករាឆ្នាំ ២០២០ នៅរោងភាពយន្តMajor Cineplex ។ នៅក្នុងរឿងនេះ នាយគ្រឿន សម្ដែងជាតួឯកប្រុស និងជាអ្នកស៊ើបអង្កេត។ ប៉ុន្តែកំប្លែងដែលជាអត្តសញ្ញាណរបស់លោកនៅតែមានដដែល ពោលគឺជាអ្នកស៊ើបអង្កេតបែបកំប្លែងនេះឯង។
តួអង្គកំប្លែង នាយគ្រឿន បានថ្លែងឱ្យដឹងថា រឿងនេះលោកមានឈុតល្អូកល្អឺនជាមួយតួស្រី ឈិន សៀវម៉ី ដ៏ស្រស់ស្អាត ច្រើនជាងរឿងកន្លងទៅ។ នាយ គ្រឿន អះអាងថា សម្ដែងកំប្លែង គឺមានការលំបាកច្រើន ព្រោះក្រៅពីកាយវិការ ត្រូវរកពាក្យពេចន៍មកនិយាយឲ្យគេសើច។ ដោយឡែក ឈុតស្នេហា ក៏ពិបាកមិនចាញ់គ្នាដែរ។ ប៉ុន្តែត្រង់ការសម្ដែងឲ្យចូលតួ ឲ្យវាស្និទ្ធ គឺនាយហាក់មិនទាន់ល្អគ្រប់គ្រាន់ ព្រោះតែខ្លាចតួស្រីយល់ផ្សេងមកលើនាយ។
តួឯកស្រីសាច់សដូចបណ្តូលចេក បាននិយាយថា ទោះបីជួបគ្នាលើកដំបូងមែនប៉ុន្តែមិនមានបញ្ហាប្រឈមនឹងការសម្តែងឡើយ។ នាងថាកាន់តែប្លែកក្រោយពីនាងបានសម្តែងក្នុងភាពយន្តកំប្លែងមួយនេះ ដែលជាភាពយន្តខ្នាតធំលើកដំបូង។ នាងមានមានសាច់រឿងបែបកំប្លែង និងឈុតឆាកថ្មី ក៏បង្កប់ដោយទស្សនៈអប់រំផងដែរ។
ជាមួយគ្នានោះ លោក លី វ៉េត ចាងហ្វាងផលិតកម្មវីស៊ីន បានបញ្ជាក់ថា នេះជារឿងទី២របស់ផលិតកម្ម បន្ទាប់ពីរឿង “ទេសចរណ៍ឋាននរក” ហើយថា បន្ទាប់ពីនេះទៅផលិតកម្មលោកក៏នៅមានរៀងបន្តបន្ទាប់ទៀត ដែលមានរសជាតិថ្មីពីរឿងទាំងពីរខាងលើ។
លោកបាននិយាថា ភាពយន្តនេះសម្រិតសម្រាំងការផលិតប្រមាណកន្លះឆ្នាំ មុនពេលចាក់បញ្ចាំងជាផ្លូវការនៅគ្រប់រោងភាពយន្តចាប់ពីថ្ងៃទី១៦ ខែមករានេះតទៅ។ លោកថាជាភាពយន្តមានរសជាតិថ្មីប្លែកនិងមានការយកចិត្តទុកដាក់ខ្ពស់លើការផលិតដើម្បីឲ្យភាពយន្តនេះ អាចប្រកួតប្រជែងនៅលើទីផ្សារ៕ ដោយ: បូរិន/Ha