ដោយៈ មេសា​/​ភ្នំពេញៈ លោក ឈួ​រ សុ​បញ្ញា ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​សង្គម នៃ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ដែលជា​អ្នកដឹកនាំ​អនុវត្ត​ផ្ទាល់​នូវ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​ស្ត្រី​មាន​ផ្ទៃពោះ និង កុមារ​អាយុ​ក្រោម ២ ឆ្នាំ​ក្នុង​គ្រួសារ​ក្រីក្រ បានលើកឡើង​អំពី​សារសំខាន់ នៃ អនុ​ក្រឹ​ត្ត​ស្តីពី ការអនុវត្ត​ន៍កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង កុមារ​អាយុ​ក្រោម ២ ឆ្នាំ ថា អនុក្រឹត្យ​ដែល​រាជរដ្ឋាភិបាល​ទើបតែ​ចេញមក​ថ្មីៗ​នេះ ពិតជា​មានតម្លៃ​ខ្លាំងណាស់ សម្រាប់​ការអនុវត្តន៍​កម្មវិធី​ផ្តល់​សាច់ប្រាក់​ដល់​ស្ត្រី​មាន​ផ្ទៃពោះ និង កុមារ​អាយុ​ក្រោម ២ ឆ្នាំ​ក្នុង​គ្រួសារ​ក្រីក្រ ។ មានតម្លៃ​ខ្លាំង ព្រោះថា​អនុក្រឹត្យ​នេះ គឺជា​យន្តការ​ធ្វើឱ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ បញ្ចេញ​សកម្មភាព​ព្រមៗ​គ្នា និង ស៊ីសង្វាក់​គ្នា សំដៅ​ជំរុញ​ឱ្យ​កម្មវិធី​ផ្តល់​សាច់ប្រាក់​នេះ មាន​ប្រសិទ្ធភាព និង ប្រសិទ្ធ​ផល​ចំពោះ​ស្ត្រី និង កុមារ​ក្នុង​គ្រួសារ​ក្រីក្រ​នៅ​ទូទាំងប្រទេស


​លោក ឈួ​រ សុ​បញ្ញា ពន្យល់​បន្ថែមថា កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង កុមារ​អាយុ​ក្រោម ២ ឆ្នាំ​ក្នុង​គ្រួសារ​ក្រីក្រ គឺជា​កម្មវិធី​ការងារ​ពហុ​វិស័យ និង អន្តរក្រសួង ហេតុនេះ ប្រសិនបើ​គ្មាន​អនុក្រឹត្យ​នេះ​ទេ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ អាច​នឹងមិន​បញ្ចេញ​សកម្មភាព​តាម​តម្រូវការ និង ទាន់ពេលវេលា​ឡើយ ឬ ក៏​អាច​ខ្វះ​សង្គតិភាព ( ភាព​ត្រូវ ឬ ស៊ីសង្វាក់​គ្នា ) ហើយ​ប្រសិនបើ​មានការ​អាក់ខាន ឬ យឺតយ៉ាវ​ដោយ​ក្រសួង​ស្ថាប័ន​ណាមួយ​នោះ វា​នឹង​នាំឱ្យមាន​ភាពរអាក់រអួល​ក្នុង​ដំណើរ​ការផ្តល់​សាច់ប្រាក់​នេះ ។​


​សូមជម្រាបថា ដើម្បី សម្រេចបាន​គោលដៅ​ធ្វើឱ្យ​កម្ពុជា មាន​ចំណូល​មធ្យ​មក​ម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ និង មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០ រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​ស្ត្រី​មាន​ផ្ទៃពោះ និង កុមារ​អាយុ​ក្រោម ២ ឆ្នាំ​ក្នុង​គ្រួសារ​ក្រីក្រ សំដៅ​កសាង​មូលធន​មនុស្ស តាមរយៈ​លើកទឹកចិត្ត​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​ទៅពិនិត្យ​ផ្ទៃពោះ និង សុខភាព​ទារក​ឱ្យបាន​ទៀងទាត់ ហើយ​ពេល​សម្រាល ក៏ត្រូវ​ទៅ​សម្រាល​នៅ​មណ្ឌល​សុខភាព​ដែរ ចៀសវាង​ទៅ​សម្រាល​នៅ​កន្លែង​ណា​ផ្សេង​ដែល​មិនមាន​វិជ្ជាជីវៈ​ច្បាស់លាស់ អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ ដល់​ម្តាយ និង ទារក ហើយ​រាល់​ការពិនិត្យ និង សម្រាល​នោះ​ទៀតសោត គឺ​ស្ត្រី​ទាំងនោះ មិន​តម្រូវឱ្យ​ចំណាយ​ថវិកា​អ្វី​ឡើយ ដែល​ប្រការនេះ​គេ​អាច​និយាយ​ម្យ៉ាង​ទៀតថា ពួកគាត់​មិន​ត្រឹមតែ​មិន​ចំណាយ​ថវិកា​ឡើយ ហើយក៏​ថែមទាំង​ទទួលបាន​លុយ​ទៀតផង ព្រោះ​រាល់ពេល​ទៅពិនិត្យ​សុខភាព និង ទៅ​សម្រាល​នោះ ពួកគាត់​ទទួលបាន​ការឧបត្ថម្ភ​ជា​សាច់ប្រាក់​ពី​កម្មវិធី​ខាង​លើង​នេះ​ទៀតផង ហើយ​ប្រាក់​ទាំងនោះ គឺ​ពួកគេ​ទទួលបាន​តាមរយៈ​គណ​នេ​យ្យ​ធនាគារវី​ង គឺ​មិនមែន​បើក​ពី​មន្ត្រី​ណា​ម្នាក់​ឡើយ ។


​កម្មវិធី​នេះ ត្រូវបាន​ដឹកនាំ​អនុវត្ត​ដោយ​ក្រសួងសុខាភិបាល​ចាប់ពី​ខែ មិថុនា ឆ្នាំ ២០១៩ ហើយ ដើម្បី ពង្រីក​វិសាលភាព​ឱ្យ​កាន់តែ​ទូលំទូលាយ​គ្របដណ្តប់​ទូទាំងប្រទេស កម្មវិធី​នេះ​ត្រូវបាន​ផ្ទេរ​ទៅឱ្យ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ដែលមាន​នាយកដ្ឋាន​សុខុមាលភាព​សង្គម ជា​អ្នកដឹកនាំ​អនុវត្ត​ផ្ទាល់​ចាប់ពី​ថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០២០ នេះ​តទៅ ។

ដើម្បីឱ្យ​ស្ត្រី និង កុមារ​ក្នុង​គ្រួសារ​ក្រីក្រ​គ្រប់​ច្រកល្ហក​នៅ​ទូទាំងប្រទេស​ទទួលបាន​ផលប្រយោជន៍​ពី​កម្មវិធី​នេះ នាយកដ្ឋាន​សុខុមាលភាព​សង្គម បាន​បណ្តុះបណ្តាល​មន្ត្រី និង ជន​បង្គោល គ្រប់​រាជធានី ខេត្ត និង ឃុំ សង្កាត់ ទូទាំងប្រទេស ជាង ៨ ពាន់​នាក់ បំពាក់ និង ដំឡើង​ប្រព័ន្ធ​បច្ចេកវិទ្យា​គ្រប់គ្រង​ព័ត៌មាន និង ផ្តល់​ប្លេ​ត ជាង ១.៧០០ គ្រឿង ។​


​ក្រសួង​សំខាន់ៗ​ចំនួន ៥ ដែល​ពាក់ព័ន្ធ​នឹង​កម្មវិធី​នេះ គឺ​ក្រសួង​សង្គមកិច្ច​ដែលជា​សាមីក្រសួង ក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ ក្រសួងផែនការ និង ក្រសួង​សេដ្ឋកិច្ច ហើយ​ស្ត្រី​ក្នុង​គ្រួសារ​ក្រីក្រ​ដែលមាន​ប័ណ្ណ​សមធម៌​អាច​ទៅ​ទទួលយក​ការឧបត្ថម្ភ​សាច់ប្រាក់​នេះ​នៅ​មណ្ឌល​សុខភាព ចំណែក​ស្ត្រី​ដែល​គិតថា​ខ្លួនឯង​ក្រីក្រ ប៉ុន្តែ​មិនទាន់មាន​ប័ណ្ណ​សមធម៌ អាច​ទៅ​ទំនាក់ទំនង​នៅ ឃុំ សង្កាត់​របស់ខ្លួន ដើម្បី ធ្វើ​អត្តសញ្ញាណ​កម្ម មុននឹង​ទទួលបាន​ផលប្រយោជន៍​ពី​កម្មវិធី​នេះ ។​


​ថ្លែង​នៅក្នុង​ពិធី​ប្រគល់ ថេ​ប្លេ​ត ចំនួន ១.៧២៥ គ្រឿង កាលពី​ថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០១៩ លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បាន​មានប្រសាសន៍​អំពី​គោលជំហ​របស់​រដ្ឋាភិបាល​ចំពោះ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​នេះ​ថា រាជរដ្ឋាភិបាល មាន​ឆន្ទៈ​ច្បាស់លាស់ ពោលគឺ​ពិតជា​មានបំណង​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​ក្នុង​គ្រួសារ​ក្រីក្រ និង កុមារ​អាយុ​ក្រោម ២ ឆ្នាំ ពិតប្រាកដ​មែន ហើយ​ថវិកា មិនមែនជា​បញ្ហា​ទេ គឺ​រាជរដ្ឋាភិបាល​មាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់ធ្វើ​ការងា​រ​នេះ ! ដូច្នេះ​អ្នកប្រតិបត្តិ​ផ្ទាល់ ក៏ដូចជា​អ្នកពាក់ព័ន្ធ​ទាំងឡាយ ត្រូវតែមាន​ឆន្ទៈ​ច្បាស់លាស់ និង ចាំបាច់​ក៏ត្រូវ​តែមាន​ចំណេះដឹង​ឱ្យបាន​គ្រប់គ្រាន់ ដើម្បី ធ្វើការ​ងារ​ដ៏​មាន​សារសំខាន់​នេះ ឱ្យមាន​ប្រសិទ្ធភាព សម​តាម​បំណង​របស់​រាជរដ្ឋាភិបាល ៕ Kh/Ha

លោក ឈួ​រ សុ​បញ្ញា ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​សង្គម ដែលជា​អ្នកដឹកនាំ​អនុវត្ត​ផ្ទាល់ នូវ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​ស្ត្រី​មាន​ផ្ទៃពោះ និង កុមារ​អាយុ​ក្រោម ២ ឆ្នាំ ក្នុង​គ្រួសារ​ក្រីក្រ ( រូបៈ មេសា )
​ពិធី​ប្រគល់ ថេ​ប្លេ​ត ចំនួន ១.៧២៥ គ្រឿង ក្រោម​អធិបតីភាព​លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច កាលពី​ថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០១៩ ( រូបៈ មេសា )