​នាវាចម្បាំង​អាម៉េរិក​មួយ​បាន​បើក​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៦​មករា​នៅ​ពេល​មិន​ដល់​១​សប្តាហ៍​ផង ក្រោយ​ពី​ប្រធានាធិបតី​សាយ អ៊ី​ន​វេន​​ជាប់ឆ្នោត​ជា​ថ្មី​នៅ​ក្រោម​កម្មវិធី​នយោបាយ​ប្រឆាំង​នឹង​ការអះអាង​របស់​ចិន​ដែល​ថា​កោះ​នេះ​ជា​ផ្នែក​មួយ​របស់​ចិន​។​

​នាវា​បាន​បើក​ទៅ​ទិស​ខាងជើង​ឆ្ពោះទៅ​កាន់​ដែនទឹក​ដ៏​រសើប ហើយ​កងកម្លាំង​ប្រដាប់អាវុធ​តៃវ៉ាន់​បាន​តាមដាន​ជាប់ នេះ​បើ​តាម​ការប្រកាស​របស់​ក្រសួង​​ការពារ​ជាតិ​តៃវ៉ាន់​កាលពី​ថ្ងៃ​សុក្រ​។​

​ក្រសួង​បាន​និយាយថា​«​ដំណើ​របស់​នាវា​នេះ​ជា​បេសកកម្ម​ធម្មតា​។​ប្រជាជន​អាច​ដេក​សុខ​ស្រួល​»​។​

​សូមបញ្ជាក់​ថា តៃវ៉ាន់​ជា​បញ្ហា​ការទូត​និង​ទឹកដី​ដ៏​រសើប​បំផុត​របស់​ចិន ដែល​គំរាម​ប្រើ​កម្លាំង​ដើម្បី​នាំ​កោះ​សេរីនិយម​នេះ​មក​នៅ​ក្រោយ​ការគ្រប់គ្រង​របស់​ខ្លួន​​ឬ​ធ្វើ​ការបង្រួបបង្រួម​ជាតិ​ឡើងវិញ​។​ចំណែក​ច្រក​សមុទ្រ​តៃវ៉ាន់​ខណ្ឌ​ចែក​កោះ​តៃវ៉ាន់​និង​មហា​ចិនដីគោក និង​តែងតែ​ជា​ប្រភព​នៃ​ភាព​តានតឹង​ដោយសារ​ម្តង​​អាម៉េរិក​បង្ហាញ​វត្តមាន និង​ម្តង​ចិន​ចិន​បង្ហាញ​កម្លាំង​របស់ខ្លួន​នៅ​ទីនោះ​។​

​ចិន​ទើប​បញ្ជា​អោយ​នាវា​ផ្ទុក​យន្តហោះ សាន់​ទុង របស់​ខ្លួន​ឆ្លងកាត់​ច្រក​សមុទ្រ​នេះ​នៅ​មុន​កោះ​តៃវ៉ាន់ ធ្វើ​ការបោះឆ្នោត​ប្រធានាធិបតី​កាលពី​ថ្ងៃ​សៅរ៍​មុន តែ​​បន្តិច​។​

​អាម៉េរិក​មិនមាន​ទំនាក់ទំនង​ការទូត​ផ្លូវការ​ជាមួយ​អាជ្ញាធរ​តៃវ៉ាន់​ទេ តែ​មាន​ច្បាប់​មួយ​ដើម្បី​ផ្តល់​មធ្យោបាយ​ការពារ​ខ្លួន​ដល់​កោះ​នេះ​និង​ក៏​ជា​ប្រភព​លក់​អា​​វុ​ធ​ដ៏​សំខាន់​សំរាប់​អាម៉េរិក​ផងដែរ​៕​ប្រែ​សម្រួល​៖​វាសនា​

នាវា​បំពាក់​កាំជ្រួច​បញ្ជា​នាំ​ផ្លូវ​USS Shiloh​របស់​កងទ័ពជើងទឹក​អាម៉េរិក​បើក​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់​