ក្រសួងការបរទេសអាម៉េរិកនិយាយកាលពីថ្ងៃព្រហស្បតិ៍ទី១៦មករាថា រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោកម៉ៃ ផមផេវនឹងចូលរួមនៅក្នុងសន្និសីទសន្តិភាពលីប៊ីនៅចុងសប្តាហ៍នេះនៅប្រទេសអាល្លឺម៉ង់និងគាំទ្រកិច្ចប្រឹងប្រែងលើបទឈប់បាញ់។
មន្ត្រីអាម៉េរិកម្នាក់បាននិយាយថា លោកផមផេវនឹងអំពាវនាវឱ្យមានការដកកងកម្លាំងបរទេសទាំងអស់ចេញពីប្រទេសដែលកំពុងរងគ្រោះដោយសង្គ្រាមនេះ និង ការបន្តដំណើរការសន្តិភាពគាំទ្រដោយអង្គការសហប្រជាជាតិ ប៉ុន្តែអាទិភាពទីមួយគឺការរក្សាឱ្យបាននូវបទឈប់បាញ់ដ៏ផុយស្រួយនេះសិន។
មន្ត្រីរូបនោះបានប្រាប់អ្នកយកព័ត៌មានក្នុងលក្ខខណ្ឌអនាមិកថា “ភាពចាំបាច់គឺការបន្តនូវបទឈប់បាញ់គ្នា”។
បុរសខ្លាំងលីប៊ីលោក ខាលីហ្វា ហាហ្វថា បានដើរចេញពីកិច្ចចរចានៅទីក្រុងមូស្គូក្នុងសប្តាហ៍នេះដោយមិនបានចុះហត្ថលេខាលើបទឈប់បាញ់គ្នាជាអចិន្រ្តៃយ៍ ដែលរៀបចំឡើងដោយរុស្ស៊ីនិងតួកគីនោះទេ។
ប៉ុន្តែរដ្ឋមន្រ្តីក្រសួងការបរទេសអាល្លឺម៉ង់ ហីកូ ម៉ាស បានហោះទៅកាន់ទីក្រុងបេងហ្គាហ្ស៊ីដើម្បីជួបលោកហាហ្វថានិងនិយាយថាលោកឧត្តមសេនីយ៍បានយល់ព្រមចូលរួមកិច្ចចរចានៅទីក្រុងបែរឡាំង និង គោរពតាមបទឈប់បាញ់គ្នា។
សហរដ្ឋអាម៉េរិកបានគាំទ្រយុទ្ធនាការយោធាដែលដឹកនាំដោយអឺរ៉ុបជំនួសមុខឱ្យពួកឧទ្ទាមដែលបានផ្តួលរំលំមេដឹកនាំផ្តាច់ការលីប៊ីលោកម៉ួអាម៉ា ហ្គាដាហ្វី ក្នុងឆ្នាំ ២០១១ ប៉ុន្តែថ្មីៗនេះបានដើរតួនាទីតិចតួចបំផុត។
មហាអំណាចបរទេសដទៃទៀតកាន់តែមានភាពសកម្មឡើងនៅក្នុងសង្គ្រាមស៊ីវិល ដោយតួកគីជាអ្នកគាំទ្ររដ្ឋាភិបាលដែលទទួលស្គាល់ជាអន្តរជាតិនៅទ្រីប៉ូលី និង រុស្ស៊ីអារ៉ាប់ប៊ីសាអូឌីតនិងអេហ្ស៊ីបស្ថិតក្នុងចំណោមអ្នកគាំទ្រលោកហាហ្វថា ដែលបានចាប់ផ្តើមវាយប្រហារដ៏សាហាវដើម្បីដណ្តើមយកទីក្រុងទ្រីប៉ូលី។
សហរដ្ឋអាម៉េរិកគាំទ្ររដ្ឋាភិបាលឯកភាពជាតិជាផ្លូវការប៉ុន្តែនៅតែរក្សាទំនាក់ទំនងល្អជាមួយលោកហាហ្វថា ដែលប្រធានាធិបតីដូណាល់ត្រាំបានកោតសរសើរបន្ទាប់ពីការតេតាមទូរស័ព្ទកាលពីឆ្នាំមុន។
កាលពីថ្ងៃព្រហស្បតិ៍ លោកហាហ្វថាបានធ្វើទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលទៅកាន់ទីក្រុងអាតែនដែលខឹងខ្លាំងចំពោះការដែលគេមិនអញ្ជើញខ្លួនទៅទីក្រុងបែរឡាំងដែរ ហើយខ្លួនក៏កំពុងមានជម្លោះជាមួយតួកគីជុំវិញការអះអាងកាន់កាប់ធនធានថាមពលដែលពាក់ព័ន្ធនឹងលីប៊ី។
មន្ត្រីអាមេរិករូបនោះបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីការដកចេញប្រទេសក្រិកនោះទេ ដោយនិយាយថាការសម្រេចចិត្តគឺអាស្រ័យលើប្រទេសអាល្លឺម៉ង់៕ ដោយ៖ កញ្ញាដាលីស