ក្រសួងយុត្តិធម៌បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី១៦មករាថា អតីតមេប៉ូលិសនៅក្នុងអំឡុងសង្គ្រាមសង្គ្រាមដ៏បង្ហូរឈាមរបស់ប្រធានាធិបតីហ្វីលីពីន នឹងត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តអំពើពុករលួយដោយការពារក្រុមមន្ត្រីដែលបានពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន។
លោកអូស្កា អាល់បាយ៉ាល់ដេ អតីតមេប៉ូលិសនេះបានលាលែងពីតំណែងកាលពីខែតុលា បន្ទាប់ពីបានបម្រើការជាមេប៉ូលិសហ្វីលីពីន អស់រយៈពេលជាងមួយឆ្នាំ ដោយបានធ្វើជាប្រធានដឹកនាំការបង្ក្រាបគ្រឿងញៀនដែលបណ្តាលឱ្យជនសង្ស័យគ្រឿងញៀនរាប់ពាន់នាក់ស្លាប់។
បញ្ហានេះ បានធ្វើឱ្យលោក អូស្កា អាល់បាយ៉ាល់ដេ បាត់បង់ការគាំទ្រនិងធ្លាក់ប្រជាប្រិយភាពនៅក្នុងសង្គ្រាមគ្រឿងញៀនដែលមានការគាំទ្រច្រើនពីប្រជាជនហ្វីលីពីន ប៉ុន្តែរឿងនេះបានប្រឈមមុខនឹងការរិះគន់ពីអន្តរជាតិជុំវិញការចោទប្រកាន់ដែលថាប៉ូលិសបានសម្លាប់ជនសង្ស័យច្រើននាក់ក្រៅប្រព័ន្ធតុលាការ។
ក្រសួងយុត្តិធម៌បាននិយាយថា ក្រុមរដ្ឋអាជ្ញាបានរកឃើញមូលហេតុដែលអាចចោទប្រកាន់លោក អូស្កា អាល់បាយ៉ាល់ដេពីបទមិនដាក់ទោសពួកមន្ត្រីដែលត្រូវបានចោទប្រកាន់ពីបទធ្វើការមិនទទួលខុសត្រូវនិងមិនបានរាយការណ៍អំពីគ្រឿងញៀន១៦៣ គីឡូក្រាម និង លុយ១៩១.០០០ ដុល្លារ ពីការឆ្មក់ចូលឆែកនិងចាប់គ្រឿងញៀន។
មន្ត្រីប៉ូលិស១៣នាក់ផ្សេងទៀត នឹងត្រូវបានចោទប្រកាន់ផងដែរជុំវិញករណីចោទប្រកាន់នេះ។
លោក អូស្កា អាល់បាយ៉ាល់ដេ បានបដិសេធជាច្រើនលើកថាមិនបានការពារមន្ត្រីទាំងនោះឬកេងចំណេញពីគ្រឿងញៀនដែលរឹបអូសបាននោះ។
ការចោទប្រកាន់នេះ អាចដាក់ទោសលោក អូស្កា អាល់បាយ៉ាល់ដេ រហូតដល់រយៈពេល១០ឆ្នាំ ប្រសិនបើលោកត្រូវបានកាត់ទោសឱ្យជាប់ទោសនោះ៕ដោយ៖សុខា/sn

លោកអូស្កា អាល់បាយ៉ាល់ដេអតីតមេប៉ូលិសហ្វីលីពីនដែលត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តពុករលួយក្នុងសង្គ្រាមគ្រឿងញៀន