ប្រធានាធិបតីអ៊ីរ៉ង់លោកហាសសាន់ រូហានីបាននិយាយថាលោកចង់ចៀសវាងសង្គ្រាមបន្ទាប់ពីរបបក្រុងតេហេរ៉ង់និងក្រុងវ៉ាស៊ីនតោនប៊ិះតែនឹងប្រឈមមុខគ្នាផ្នែកយោធាដោយផ្ទាល់កាលពីដើមខែមករា គឺប៊ិះកើតពីរដងហើយក្នុងរយៈពេលតិចជាងមួយឆ្នាំ។
នៅមុនការបោះឆ្នោតសភានៅថ្ងៃទី ២១ ខែកុម្ភៈ ដែលគេព្យាករណ៍ថាជាបញ្ហាប្រឈមសម្រាប់ជំរំនយោបាយរបស់លោករូហានីនិងចំពេលមានភាពតានតឹងខ្លាំងរវាងទីក្រុងតេហេរ៉ង់និងលោកខាងលិចជុំវិញកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ប្រធានាធិបតីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី១៦មករាថា កិច្ចពិភាក្សាជាមួយពិភពលោកនៅតែអាចធ្វើទៅបាន។
លោករូហានីបាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា “រដ្ឋាភិបាលកំពុងធ្វើការជារៀងរាល់ថ្ងៃដើម្បីទប់ស្កាត់ការប្រឈមមុខឬសង្គ្រាម”។
តំបន់មជ្ឈិមបូព៌ាហាក់ស្ថិតនៅមាត់ជ្រោះនៃជម្លោះថ្មីកាលពីដើមខែមករាបន្ទាប់ពីសហរដ្ឋអាម៉េរិកបានសម្លាប់ឧត្តមសេនីយ៍អ៊ីរ៉ង់ កាសសេម សូឡីម៉ានី នៅក្នុងការវាយប្រហារដោយដ្រូនក្នុងទីក្រុងបាកដាដ ដោយជំរុញឱ្យអ៊ីរ៉ង់សងសឹកលើគោលដៅយោធាអាម៉េរិកវិញនៅអ៊ីរ៉ាក់ ជាមួយគ្រាប់មីស៊ីលរាប់សិបនៅប៉ុន្មានថ្ងៃក្រោយមក។
យោងតាមយោធាអាម៉េរិក ការវាយប្រហារនោះបណ្តាលឱ្យខូចខាតសម្ភារៈមួយចំនួន ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់នោះទេ។
លោករូហានីនិយាយថាការវាយប្រហារនោះគឺស្មើនឹង “សំណង” សម្រាប់ការស្លាប់របស់សូឡីម៉ានី ស្ថាបនិកយុទ្ធសាស្ត្រយោធាប្រចាំមជ្ឈិមបូព៌ារបស់អ៊ីរ៉ង់។
ភាពតានតឹងរវាងសត្រូវទាំងពីរហាក់ធូរស្រាលវិញបន្ទាប់ពីការបាញ់ធ្លាក់យន្តហោះដឹកអ្នកដំណើររបស់អ៊ុយក្រែនដោយចៃដន្យនៅមួយម៉ោងក្រោយពីការវាយប្រហារសងសឹកនោះ ក្នុងពេលអ៊ីរ៉ង់កំពុងប្រុងជើងការខ្ពស់សម្រាប់ការសងសឹកពីអាម៉េរិកវិញ។
សោកនាដកម្មនេះបានសម្លាប់មនុស្សចំនួន ១៧៦ នាក់ ដែលភាគច្រើនជាជនជាតិអ៊ីរ៉ង់និងកាណាដា។
រដ្ឋមន្រ្តីការបរទេសកាណាដាកាលពីថ្ងៃព្រហស្បតិ៍បានប្តេជ្ញាជំរុញឱ្យអ៊ីរ៉ង់ផ្តល់ចម្លើយអំពីសោកនាដកម្មនេះ។
លោក ហ្វ្រង់សឺស ហ្វីលីព ឆាមផេង បាននិយាយនៅទីក្រុងឡុងដ៍ថា “គ្រួសារចង់បានចម្លើយ សហគមន៍អន្តរជាតិចង់បានចម្លើយ ពិភពលោកកំពុងរង់ចាំចម្លើយ ហើយយើងនឹងមិនសម្រាកទេរហូតដល់យើងទទួលបានចម្លើយ”៕ ដោយ៖ កញ្ញាដាលីស