សវនាការចោទទោសទម្លាក់ងារប្រធានាធិបតី ដូណាល់ ត្រាំ នៅព្រឹទ្ធសភា បានចាប់ផ្តើមជាផ្លូវការកាលពីថ្ងៃ១៦មករា ដូច្នេះតើអ្នកដឹងទេហេតុអ្វីបានជាត្រាំត្រូវចោទប្រកាន់ និងតើលោកអាចអង្គុយកៅអីសេតវិមានបានតទៅទៀតទេ?
សភាអាម៉េរិកកាលពីថ្ងៃ១៨ធ្នូបានបោះឆ្នោតចោទប្រកាន់ប្រធានាធិតីអាម៉េរិកលោក ដូណាល់ ត្រាំ និងកាលពីថ្ងៃពុធទី១៥មករា ឆ្នាំ២០២០នេះ បានបញ្ជូនឯកសារចោទប្រកាន់ទៅកាន់ព្រឹទ្ធសភាសំរាប់បើកសវនាការ។
ក្នុងសន្និសីទកាសែតមួយមុនការចុះហត្ថលេខាលើឯកសារចោទប្រកាន់ ប្រធានសភាលោកស្រី ណាន់ស៊ី ផេឡូស៊ី បាននិយាយថា«ថ្ងៃនេះយើងនឹងសាងប្រវត្តិសាស្ត្រ។យើងនឹងបញ្ជូនឯកសារចោទទោសទម្លាក់តំណែងប្រធានាធិបតីអាម៉េរិក ចំពោះការរំលោភអំណាចប្រធានាធិបតី និងរារាំងកិច្ចការសភា»។
លោកត្រាំ ប្រឈមការចោទប្រកាន់ថារំលោភអំណាច ដោយសារតែបានស្នើសុំអោយអ៊ុយក្រែនស៊ើបអង្កេតគូប្រជែងនយោបាយរបស់លោក គឺបេក្ខជនប្រធានាធិបតីមកពីបក្សប្រជាធិបតេយ្យ លោកចូ បៃដិន។លោកក៏នឹងប្រឈមការចោទប្រកាន់មួយទៀតចំពោះការរារាំងសភា ដោយបានរាំងខ្ទប់សក្ខីកម្មនិងការបញ្ចេញឯកសារដែលពួកសមាជិកសភាបក្សប្រជាធិបតេយ្យស្វះស្វែងរក។
ឥឡូវលោកត្រាំ ចូលរួមជាមួយអតីតប្រធានាធិបតីអ៊ែនឌ្រូ ចនសុន និងប៊ីល គ្លីនតុន ក្នុងនាមជាប្រធានាធិបតីអាម៉េរិកដែលត្រូចសភាចោទទោសទម្លាក់តំណែង។
ទោះជាយ៉ាងណា ដើម្បីអាចបណ្តេញប្រធានាធិបតីម្នាក់ចេញបាន ព្រឹទ្ធសភាត្រូវបើកសវនាការសួរដេញដោលនិងបោះឆ្នោតទម្លាក់។ក្នុងករណី លោកចនសុន និង ប៊ីល គ្លីនតុន អ្នកទាំងពីរត្រូវព្រឹទ្ធសភា សំរេចអោយរួចការចោទប្រកាន់។
តាមពិតទៅសភាដែលគ្រប់គ្រងដោយសមាជិកសភាគណបក្សប្រជាធិបតេយ្យដែលជាបក្សប្រឆាំង បានបោះឆ្នោតចោទប្រកាន់ត្រាំកាលពីខែមុន ហើយលោកត្រូវសំរេចជោគវាសនានៅព្រឹទ្ធសភា ដែលមានសមាជិកសាធារណរដ្ឋភាគច្រើនគឺ៥៣ ក្នុងចំណោមមានជិកព្រឹទ្ធសភា១០០រូប។
ដើម្បីអាចទម្លាក់ប្រធានាធិបតីតាមដំណើរការនេះបាន វាទាមទារសម្លេងបោះឆ្នោតប្រឆាំងលោក២ភាគ៣នៅក្នុងព្រឹទ្ធសភា ដូច្នេះពួកសមាជិកមកពីគណបក្សលោកត្រាំ ទំនងជានឹងមិនបោះឆ្នោតបណ្តេញលោកទេ។
ឥឡូវឯកសារចោទប្រកាន់ត្រាំត្រូវបញ្ជូនទៅអោយព្រឹទ្ធសភារួចហើយហើយសវនាការនឹងត្រូវមើលការខុសត្រូវដោយប្រធានតុលាការកំពូលអាម៉េរិកនិងនាយកចោទទោសទម្លាក់តំណែង៧រូបទៅពីសភា ៕ដោយ៖វាសនា
ឯកសារចោទប្រកាន់លោកត្រាំ ត្រូវបានបញ្ជូនទៅព្រឹទ្ធសភាកាលពីថ្ងៃ១៥មករា ក្រោយប្រធានសភា ចុះហត្ថលេខាលើវា