ដោយ​: សុផល / ភ្នំពេញ​: ក្នុង​រយៈពេល​៣​ឆ្នាំ​កន្លងមកនេះ កុមារ​ជាង ១៥.០០០ នាក់​និង​គ្រូបង្រៀន​ចំនួន ៣០០ នាក់​នៅ​សាលា​ចំនួន​៥៣​បានទទួល​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ពី​កម្មវិធី ខាស​វី​ល​ឃី​ដ​“CASHVILLE KIDZ” ដែល​ផ្តួចផ្តើមឡើង​ដោយ​មូលនិធិ​ធនាគារ​មេ​យ​ប៊ែ​ង សហការ​ជាមួយ​ក្រសួង​អប់រំ​យុវជន និង​កីឡា និង​ធនាគារជាតិ​នៃ​កម្ពុជា​។​

​កម្មវិធី​“CASHVILLE KIDZ” នេះ​គឺ​ដើម្បី​លើកកម្ពស់​អំពី​សារៈសំខាន់​នៃ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ ដល់​សិស្សានុសិស្ស អ្នកប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ និង​សាធារណជន​ទូទៅ​។​កម្មវិធី​ប្រកួត​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ CASHVILLE KIDZ បាន​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​ថ្ងៃទី​១៦ ខែ មករា ឆ្នាំ​២០២០​ដែល​រៀបចំឡើង​នៅ​អគារ​មេ​យ​ប៊ែ​ង​ថៅ​វើ រាជធានី​ភ្នំពេញ​។​

​ពានរង្វាន់​ចំនួន​៣ បាន​ត្រូវប្រគល់​ទៅដល់​សាលា គ្រូ និង​សិស្ស​នោះ​គឺ ពានរង្វាន់​សាលា​ល្អ​បំផុត​ដែល​ត្រូវបាន​ផ្តល់​ជូនទៅ​សាលា​ដែល​បង្ហាញ​នូវ​ភាពជា​អ្នកដឹកនាំ​គំរូ ចក្ខុវិស័យ និង​ឆន្ទៈ​ក្នុង​ការជំរុញ​របៀបវារៈ​ចំណេះដឹង​ហិរញ្ញវត្ថុ​នៅក្នុង​សាលា​របស់​ពួកគេ​។​ពានរង្វាន់​អ្នក​អប់រំ​ល្អ​បំផុត​ដែល​បានផ្តល់​ដល់​លោកគ្រូ ឬ​អ្នកគ្រូ​ដែល​បានបង្ហាញ​ការយកចិត្តទុកដាក់ និង​ការប្តេជ្ញាចិត្ត​ដ៏​ខ្លាំងក្លា​ក្នុងការ​ចូលរួម​ក្នុង​កម្មវិធី​ចំណេះដឹង​ហិរញ្ញវត្ថុ​ហិរញ្ញវត្ថុ​របស់​ធនាគារ មេ​យ​ប៊ែ​ង និង​ពានរង្វាន់​សិស្ស​ឆ្នើម​ដែល​ផ្តល់ជូន​សិស្ស​ដែល​ទទួលបាន​ពិន្ទុ​វាយតម្លៃ​ខ្ពស់បំផុត​នៅក្នុង​កម្មវិធី CASHVILLE KIDZ និង​ក្លាយជា​គំរូ​នៃ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ក្នុងចំណោម​សិស្ស​ជាច្រើន​ផ្សេងទៀត​។​

​នាយក​ប្រតិបត្តិ​មូលនិធិ​ធនាគារ មេ​យ​ប៊ែ​ង លោក SHAHRIL AZUAR JIMIN បាន​លើកឡើងថា ធនាគារ មេ​យ​ប៊ែ​ង បាន​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន​ទ្វេដង​តាមរយៈ​ការដាក់ឱ្យ​ប្រើប្រាស់​កម្មវិធី​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ CASHVILLE KIDZ ពី ១៥ សាលា​នៅ​ឆ្នាំ ២០១៨ ដល់ ៣០ សាលា​នៅ​ឆ្នាំ ២០១៩​ដោយ​ពង្រីក​កម្មវិធី​នេះ​ទៅដល់​ខេត្ត​ចំនួន ៥ ក្នុងប្រទេស​កម្ពុជា​រួម​មាន​ខេត្តបាត់ដំបង ខេត្តកំពង់ចាម រាជធានី​ភ្នំពេញ ខេត្តសៀមរាប និង​ខេត្ត​ព្រះសីហនុ​។​

​លោក​បាន​គូសបញ្ជាក់ថា “​ចាប់តាំងពី​កម្មវិធី​នេះ ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ២០១៦ កម្មវិធី​នេះ បាន​ជះឥទ្ធិពល​ដល់​ជីវិត​របស់​កុមារ​ជាង ១៥.០០០ នាក់ និង​គ្រូបង្រៀន​ចំនួន ៣០០ នាក់​នៅ​ទូទាំង​សាលា​ចំនួន ៥៣ នៅក្នុង​ប្រទេស​កម្ពុជា​ដោយ​ជោគជ័យ​។ នេះ គឺជា​សមិទ្ធផល​ដ៏​សំខាន់​មួយ​ក្នុង​រយៈពេល​ដ៏​ខ្លី ដែល​បង្ហាញ​ពី​ការប្តេជ្ញា​ចិត្តជា​បន្ត​រប​ស់​ធនាគារ​មេ​យ​ប៊ែ​ង ក្នុងការ​បណ្ដុះបណ្ដាល​ស​ហគ​មន៍​សន្សំសំចៃ​ផ្នែក​ហិរញ្ញវត្ថុ ក៏ដូចជា​ពង្រឹង​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំងមូល​។ កម្មវិធី​នេះ​នឹង​បន្ត​ឆ្នាំ​ទី​៤​ទៀត​”​។​

​លោក SHAHRIL ក៏មាន​ប្រសាសន៍​បន្ថែម​ទៀតថា “​កម្មវិធី​នេះ​រួមបញ្ចូល​គ្នា​នូវ​ការសប្បាយ​និង​ការរៀនសូត្រ​ដែល​ធ្វើឱ្យ​វា​កាន់តែ​គួរឱ្យ​រំភើប​និង​ងាយស្រួល​សម្រាប់​កុមារ​ដើម្បី​ក្លាយជា​អ្នក​យល់ដឹង​ផ្នែក​ហិរញ្ញវត្ថុ​។ តាមរយៈ​ភាពជា​ដៃគូ​របស់​យើង​ជាមួយ MONEYTREE អាស៊ី​ប៉ាស៊ីហ្វិក ការអនុវត្ត​គំនិត​ផ្តួចផ្តើម​នេះ​មាន​ភាពរលូន​ច្រើន ពីព្រោះ​ខ្លឹមសារ​ត្រូវបាន​គេ​ធ្វើ​តម្រូវ​តាម​ភាសា និង​វប្បធម៌​ក្នុងស្រុក ក៏ដូចជា​នៅ​ទាន់​និន្នាការ​ឌីជីថល​ថ្មីៗ​បំផុត​”​។​
​កម្មវិធី​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ CASHVILLE KIDZ ដែល​កំពុងដំណើរការ​ក្នុង​ឆ្នាំ​ទី ៤ ក្នុង​ឆ្នាំ ២០២០ នឹង​បន្ត​ឈ្នះ​លើ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ក្នុងចំណោម​ប្រជាជន​កម្ពុជា តាមរយៈ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ជាមួយ​ធនាគារជាតិ​នៃ​កម្ពុជា និង​ក្រសួង​អប់រំ​យុវជន និង​កីឡា​នៅ​កម្ពុជា​។​

​លោក​បណ្ឌិត អ៊ឹម កុ​ច រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា បាន​មានប្រសាសន៍ថា ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​បង្កើត​កម្មវិធីសិក្សា​ថ្មី​មួយ ដើម្បី​បណ្តុះ​គំនិត​ដល់​សិស្សានុសិស្ស​ឲ្យ​ចេះ​គ្រប់គ្រង​ផ្នែក​ហិរញ្ញវត្ថុ​រួមមាន​ឲ្យ​ចេះ​សន្សំសំចៃ​ប្រាក់ និង​ការចាយវាយ​ប្រាក់​ប្រកប ដោយ​ប្រសិទ្ធភាព​ខ្ពស់​។ កម្មវិធី​ថ្មី​នេះ ក៏​នឹង​ជួយ​ឲ្យ​កុមារ​ទាំងអស់​ឲ្យ​យល់ដឹង​ពី​សារៈសំខាន់ នៃ​ផែនការ​ចំណូល និង​ចំណាយ​ដ​សម្រាប់​រយៈពេល​ខ្លី និង​រយៈពេល​វែង ដើម្បី​អភិវឌ្ឍន៍​គំនិត​របស់​ពួកគាត់​ឲ្យ​ក្លាយទៅជា​សហគ្រិន និង​ភាពជា​អ្នកដឹកនាំ​នាពេល​អនាគត​។​

​លោក​បណ្ឌិត អ៊ឹម កុ​ច បាន​មានប្រសាសន៍​ទៀតថា ក្រសួង​អប់រំ​សូម​ធ្វើការ​គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​ការសហការ​និង​ប្តេជ្ញាចិត្ត​របស់​ថ្នាក់ដឹកនាំ នៃ​សម្ព័ន្ធ​ធនាគារ​មេ​យ​ប៊ែ​ង​និង​មូលនិធិ​ធនាគារ​មេ​យ​ប៊ែ​ង ក្នុងការ​ពង្រីក​វិសាលភាព​នៃ​ការ​បណ្តុំ​បណ្តាល​ថ្នាល​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​នេះ​ដល់​សិស្សានុសិស្ស នៅតាម​សាលា​របស់​រដ្ឋ​និង​ឯកជន​នានា ក្នុងប្រទេស​កម្ពុជា​។​

​លោកស្រី ជា សិរី អគ្គនាយក​បច្ចេកទេស នៃ​ធនាគារជាតិ​នៃ​កម្ពុជា​បាន​គាំទ្រ​កម្មវិធី​កម្មវិធី​ខាស​វ៉ី​ល​ឃី​ដ របស់​មេ​យ​ប៊ែ​ង​នេះ​ព្រោះថា​នៅពេលដែល​កុមារ​ទទួលបាន​ចំណេះដឹង​គ្រប់គ្រាន់​ផ្នែក​ហិរញ្ញវត្ថុ​នេះ នឹង​អាចជួយ​ឲ្យ​ពួកគេ​អាច​ចេះ​ការពារ​ខ្លួន​ពី​ការកេងប្រវ័ញ្ច ឬ​ការបោកប្រាស់​ផ្សេងៗ ទាក់ទិន​នឹង​ផ្នែក​ហិរញ្ញវត្ថុ​ព្រោះថា កុមារ​ក៏​ជា​អតិថិជន​សក្តានុពល​ដែរ​ដោយសារតែ​ការរីកចំរើន​នៃ​បច្ចេកវិទ្យា​។​

​លោកស្រី​បាន​មានប្រសាសន៍ថា​៖ កម្មវិធី​នេះ​ជួយ​ឱ្យ​សិស្សានុសិស្ស​យល់ដឹង​កាន់តែច្បាស់​អំពី​សារៈសំខាន់ នៃ​ហិរញវត្ថុ​និង​រួមចំណែក​ជួយ​ជ្រោមជ្រែង​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ធនាគារជាតិ ក្នុងការ​ជំរុញ​និង​លើកកម្ពស់​ដល់​ការពង្រឹង​សមត្ថភាព​ដ​ល់​អ្នក​ប្រើ​សេវា​ហិរញ្ញវត្ថុ​៕ ល​