ដោយ: មូលសម្បត្តិ / ភ្នំពេញ: ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សនៃឧទ្យានជាតិអូរយ៉ាដាវ ចំនួន០៣នាក់ ក្រោយពីទទួលដំណឹងពីប្រជានេសាទ បានឱ្យដឹងអំពីការប្រទះឃើញសាកសពសត្វដំរី ០១ក្បាលបានងាប់នៅក្នុងទឹកក្នុងអូរលាវ ព្រំប្រទល់រវាង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ដោយមិនទាន់ដឹងមូលហេតុ និងសាកសពមានសភាពស្អុយរលួយទៅហើយ។
តាមការសាកសួរពីអ្នកភូមិ បានឱ្យដឹងថា ប្រហែលជាង១០ថ្ងៃមុន មានដំរីប្រមាណពី ២០ ទៅ៣០ក្បាល បានចូលមកឧទ្យានជាតិអូរយ៉ាដាវ ដោយធ្វើការកាច់បំបាក់ដើមឫស្សី និងមែកឈើ បន្សល់លាមកជាច្រើន ហើយឆ្លងទៅទឹកដីខេត្តមណ្ឌលគិរីវិញ បន្ទាប់មកក៏លឺថាមានកូនដំរីស្លាប់។
ក្រុមការងារពិបាកនឹងយកសពកូនដំរី មករក្សាទុក ដោយស្ថានភាពពិបាកក្នុងការដឹកជញ្ជូន ក្រុមការងារ នឹងអូសដំរីមកកប់នៅដីក្បែរមាត់អូរសិន ដើម្បីទុកឱ្យសាច់រលួយ ទើបអាចប្រមូលឆ្អឹងជាក្រោយ។
ប្រភពដដែលមិនបានបញ្ជាក់លំអិតអោយដឹងថា តើកូនដំរីនេះញីឫឈ្មោល មានអាយុប៉ុន្មាននោះទេ៕ ល