យ៉ាងហោចណាស់ទាហានអាម៉េរិក១១នាក់បានរងរបួសនៅក្នុងការវាយប្រហាររបស់អ៊ីរ៉ង់លើមូលដ្ឋានទ័ពអាម៉េរិកនៅអ៊ីរ៉ាក់កាលពីសប្តាហ៍មុន នេះបើតាមការបញ្ចេញអោយដឹងពីបញ្ជការដ្ឋានកណ្តាលអាម៉េរិកកាលពីថ្ងៃព្រហស្នតិ៍ទី១៦មករា ។
អ្នកនាំពាក្យបញ្ជាការដ្ឋានកណ្តាលអាម៉េរិក លោក ប៊ីល អឺបានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ទាហានអាម៉េរិកមិនបានបាត់បង់អាយុជីវិតទេនៅក្នុងការវាយប្រហារដោយអ៊ីរ៉ង់កាលពីថ្ងៃ៨មករាលើមូលដ្ឋានទ័ពអាកាស អាល់-អាសាត តែជាច្រើននាក់ត្រូវបានព្យាបាលចំពោះការប៉ះទង្គិច ឬកម្លកខួរក្បាល ហើយរហូតពេលនេះនៅត្រូវការវាយតំលៃស្ថានភាពសុខភាពនៅឡើយ»។
នៅពេលរងការវាយប្រហារ ទាហានអាម៉េរិកភាគច្រើនបំផុតក្នុងចំណោមទាហាន១.៥០០នាក់នៅក្នុងមូលដ្ឋាននេះ ត្រូវបាននាំទៅកាន់លេនដ្ឋាន ក្រោយទទួលការព្រមានជាមុនពីមេៗរបស់គេ។
យោងតាមរបាយការណ៍មុនៗពីយោធាអាម៉េរិក ការវាយប្រហារនេះបង្កការខូចខាតសម្ភារធំដុំ តែមិនបណ្តាលអោយបាត់បង់អាយុជីវិតមនុស្សទេ។
ប្រធានាធិបតីអាម៉េរិកលោកដូណាល់ ត្រាំ ក៏បាននិយាយនៅមួយថ្ងៃក្រោយការវាយប្រហារថា «មិនមានជនជាតិអាម៉េរិករងគ្រោះថ្នាក់ពីការវាយប្រហារកាលពីយប់មិញ»។
ទោះជាយ៉ាងណា លោកអឺបាន បាននិយាយថា «នៅប៉ុន្មានថ្ងៃក្រោយការវាយប្រហារ ទាហានអាម៉េរិកខ្លះត្រូវបានដឹកចេញពីមូលដ្ឋាន អាល់ អាសាត។នៅពេលនេះ មនុស្ស៨នាក់ត្រូវបាននាំទៅកាន់ទីក្រុង លែនស្ទូល ប្រទេសអាឡឺម៉ង់ និង៣នាក់នាំទៅកាន់មូលដ្ឋាន ឃែម អារីហ្វចាន់នៅគុយវ៉ែត»។
ក្រៅពីវាយប្រហារមូលដ្ឋាន អាល់-អាសាត នៅអ៊ីរ៉ាក់ខាងលិច កាំជ្រួចអ៊ីរ៉ង់ក៏ធ្លាក់នៅមូលដ្ឋាននៅក្រុងអាប៊ីលដែលដាក់ទាំងទាហានអាម៉េរិកនិងទាហានបរទេសផ្សេងៗក្នុងក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាម៉េរិក ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម៕ប្រែសម្រួល៖វាសនា
ការខូចខាតនៅមូលដ្ឋានអាល់-អាសាត បង្កឡើងដោយកាំជ្រួចរបស់អ៊ីរ៉ង់កាលពីថ្ងៃ៨មករា