ដោយ:គូលែន/សៀមរាប ៖ កាលពី វេលាម៉ោង០៩និង៣០នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ នេះ កម្លាំងសមត្ថកិច្ច កងរាជអាវុធហត្ថក្រុងសៀមរាប បានចុះប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន នៅសង្កាត់ស្វាយដង្គំ សម្រេចឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់រួមនឹងដកហូតវត្ថុតាងមួយចំនូន។
លោកអនុសេនីយ៍ឯក សំ សារ៉ូ មេបញ្ជាការរងកងរាជអាវុធហត្ថក្រុងសៀមរាប បាននិយាយថា ក្នុងប្រតិបត្តិការចុះបង្ក្រាបករណីចែកចាយ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចព្រះអង្គចេកព្រះអង្គចម ស្ថិតក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ និងបន្តនីតិវិធី ចាប់ខ្លួនបក្សពួកបន្តទៀត នៅវេលាម៉ោង១១និង១០នាទី ថ្ងៃ ខែ ឆ្នាំដដែល នៅចំណុចម្ដុំវត្តចក ស្ថិតក្នុងភូមិពោធិ៍បុស្ស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់បន្ថែមទៀត រួមនឹងដកហូតវត្ថុតាងបានមួយចំនួន។
លោកបានបន្តថា វត្ថុតាងដែលដកហូតបាន រួមមាន ម្ស៉ៅក្រាមពណ៌សថ្លាចំនួន៦កញ្ចប់ ទូរស័ព្ទដៃ០៣គ្រឿង និងឧបករណ៍សម្រាប់ជក់ថ្នាំញៀនមួយចំនួន។
ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនរួមមានទី១-ឈ្មោះ ឌៀប សត់ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ នៅផ្ទះ រស់នៅភូមិវត្ដដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប , ទី២-ឈ្មោះ ចាន់ រ័ត្នបញ្ញា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ លក់បាយ-សម្ល រស់នៅភូមិត្រពាំងព្រៃ ឃុំសសរស្ដម្ភ ស្រុកពួក ខេត្តសៀមរាប និងទី៣-ឈ្មោះកុសល បុរី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន រស់នៅភូមិពោធិ៍បុស្ស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាបខេត្តសៀមរាប។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនបន្តទៅការិយាល័យគ្រឿងញៀន កងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីបន្តនីតិវិធីច្បាប់៕B/