Home ព័ត៌មានជាតិ នាយិកា CDPO ប...

នាយិកា CDPO ប្រកាស​ផ្តល់​ពានរង្វាន់​បរិ​យា​ប័ន​ដល់​ខណ្ឌ​ទាំង ១៤

ដោយៈ មេសា​/ភ្នំពេញៈ លោកស្រី ម៉ាក់ ម៉ូ​និ​កា តំណាង​អង្គការ​ជនពិការ​កម្ពុជា ដែល​ហៅ​កាត់​ថា CDPO បាន​ឱ្យដឹងពី​គម្រោង​របស់​អង្គការ​ក្នុងការ​ផ្តល់​ពានរង្វាន់​ដល់​ខណ្ឌ​ដែលមាន​ស្នាដៃ​ឆ្នើម​ក្នុងការ​បង្កលក្ខណៈ​ងាយស្រួល​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ថា ពានរង្វាន់​នោះ គឺជា​ការលើកទឹកចិត្ត​ដល់​អាជ្ញាធរ​ខណ្ឌ​ទាំង ១៤ ដែល​បាន​ខិតខំ​ប្រឹងប្រែង​គិតគូរ​យកចិត្តទុកដាក់​ក្នុងការ​អនុវត្ត​កម្មវិធី​បរិ​យា​ប័ន​ផ្នែក​ហេ​ដ្ឋា​ន​រចនាសម្ព័ន្ធ​នានា​ក្នុង​គ្រាកន្លងមក​ផង ក៏ ដើម្បី ជំរុញ​ដល់​អាជ្ញាធរ​ខណ្ឌ​ទាំង ១៤ ឱ្យ​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន​បន្ថែមទៀត​ក្នុង​វិស័យ​បិ​រ​យា​ប័ន​នេះ​ផងដែរ


​លោកស្រី ម៉ក់ ម៉ូ​និ​កា ថ្លែង​ឱ្យដឹង​យ៉ាង​ដូច្នេះ នៅក្នុង​សិក្ខាសាលា​ស្តីពី​បរិ​យា​ប័ន​អនាម័យ​ទឹកស្អាត រៀបចំ​នៅឯ​ភោជនីយដ្ឋាន​ទន្លេបាសាក់ ២ នា​ថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០២០ នេះ ហើយ​ការលើកឡើង​របស់លោក​ស្រី ម៉ក់ ម៉ូ​និ​កា ខាងដើម​មកនេះ ក៏​គឺជា​ការទទួលស្គាល់​នូវ​កិច្ចខិតខំ​របស់​អាជ្ញាធ​រ​ខណ្ឌ​ទាំងឡាយនា​គ្រាកន្លងមក​ដែរ ។​


​លោកស្រី ម៉ុំ ដា​នី ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា រាជធានី​ភ្នំពេញ និង ជា​តំណាង​លោក ឃួ​ង ស្រេង អភិបាល នៃ គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​លើកឡើងថា បើទោះជា​មិនទាន់​បានសម្រេច​តាម​បំណង​ក្តី ក៏​មន្ទីរ​សង្គមកិច្ច​រាជធានី ក៏ដូចជា​អាជ្ញាធរ​រាជធានី តែងតែបាន​គិតគូរ​យ​ក​ចិត្ត​ទុកដាក់​ក្នុង​វិស័យ​បរិ​យា​ប័ន​នេះ ហើយ​ការងារ​បិ​រ​យា​ប័ន គឺជា​ការងារ​ស្នូល​មួយ ដូចជា​ការស្ថាបនា ផ្លូវ​ស្ទាប និង បង្គន់​សាធារណៈ ជាដើម ហើយ​ចំពោះ​រដ្ឋ​យន្ត​ក្រុង​សាធារណៈ ដែល​កន្លងមក ជន​មាន​ពិការភាព ត្រូវបាន​អនុញ្ញាត​ឱ្យធ្វើ​ដំណើរ​ដោយ​មិន​គិត​ប្រាក់ ពេលនេះ ស្ថាប័ន​ពាក់ព័ន្ធ បាន និង កំពុង​គិតគូរ​រិះរក​មធ្យោបាយ​ធ្វើយ៉ាងណា​ឱ្យ​ជន​មានការ​ពិការភាព​កាន់​តែមាន​ភាពងាយស្រួល​ថែមទៀត ដូចជា​កែច្នៃ​ជម្រាល​ផ្លូវ​ចុះ​-​ឡើង និង ចន្លោះ​ផ្លូវ​ក្នុង​រថយន្ត​ដែល​អាចឱ្យ​ជន​មាន​ពិការភាព​អង្គុយ​លើ​រទេះ​អាច​ប្រើប្រាស់​បាន​ដោយ​ងាយស្រួល ។​


​លោកស្រី​ប្រធាន​មន្ទីរ​សង្គមកិច្ច​រាជធានី ក៏បាន​សំណូមពរ​ដល់​ស្ថាប័នរដ្ឋ និង ឯកជន​ទាំងអស់ មេត្តា​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួប​ន្ថែ​ម​ទៀត​ក្នុងការ​លើកកម្ពស់​វិស័យ​ពិការភាព ដូចជា បង្ក​ភាពងាយស្រួល​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​នានា និង ការជ្រើសរើស​ជន​មាន​ពិការភាព​ចូល​បម្រើ​ការងារ​សមស្រប​តាម​សមត្ថភាព ដែលជា​ការអនុវត្ត​ច្បាប់​ស្តីពី​កិច្ចការពារ និង លើកកម្ពស់​សិទ្ធិ​ជនពិការ ហើយ​ថា​ការចូល​អនុវត្ត​បែប​នោះ គឺជា​ការរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ព្រោះ​រាជរដ្ឋាភិបាល​កម្ពុជា បានចាត់ទុក​ការលើកកម្ពស់​វិស័យ​ពិការភាព​នេះ ថា​ជា​កិច្ចការ​អាទិភាព​មួយ ។​


​គប្បី​បញ្ជាក់ថា បរិ​យា​ប័ន​ក្នុង​បរិបទ ហេដ្ឋារចនាសម្ព័ន្ធ បានសេចក្តីថា គឺជា​ការបង្ក​លក្ខណៈ​ងាយស្រួល ដូចជា​ស្ថាបនា​ជម្រាល​ផ្លូវចេញចូល​កន្លែងធ្វើការ ទីសាធារណៈ បន្ទប់ទឹក ផ្លូវ​ស្ទាប ( ផ្លូវ​សម្រាប់​ជនពិការភ្នែក ) ចំណត​ជន​មាន​ពិការភាព និង មធ្យោបាយ​ធ្វើដំណើរ​សាធារណៈ ជាដើម ដែល​អាចឱ្យ​មនុស្ស​គ្រប់គ្នា និង គ្រប់​ប្រភេទ ដូចជា​កុមារ ជន​មាន​ពិការភាព ជន​ចាស់ជរា និង ស្ត្រី​មាន​ផ្ទៃពោះ ជាដើម អាច​ប្រើប្រាស់​បាន​ដោយ​ងាយស្រួល ដែល​តាមពិតទៅ​មនុស្ស​ទូទៅ ក៏​អាច​ប្រើប្រាស់​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនោះ បានដែរ ៕ Kh

លោកស្រី ម៉ក់ ម៉ូ​និ​កា ថ្លែង​នៅក្នុង​សិក្ខាសាលា​ស្តីពី​បរិ​យា​ប័ន​អនាម័យ​ទឹកស្អាត ( រូបៈ មេសា )
លោកស្រី ម៉ុំ ដា​នី ប្រធាន​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ តំណាង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ( រូបៈ មេសា )
​អ្នកចូលរួម​ក្នុង​សិក្ខាសាលា​ស្តីពី​បរិ​យា​ប័ន អនាម័យ ទឹកស្អាត ( រូបៈ មេសា )

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular