ភ្នំពេញៈ របាយការណ៍មួយចេញដោយគេហទំព័របរទេសបានធ្វើការវាយតម្លៃពីបទចម្រៀង ១០បទដែលមានអ្នកចុចចូលមើល និងស្ដាប់ច្រើនជាងគេនៅកម្ពុជាគិតត្រឹមដើម ឆ្នាំ២០២០ ដោយក្នុងនោះគ្រាន់តែផលិតកម្ម Galaxy Navatra ហើយបទចម្រៀងរបស់តារាចម្រៀង តន់ ច័ន្ទសីម៉ា មានរហូតដល់ពី៣បទតែឯង។
របាយការណ៍ចេញដោយ គេហទំព័រ kworb.net ដែលបង្កើតឡើងដោយជនជាតិហូឡង់ម្នាក់ គឺចាប់ផ្ដើមគិតត្រឹមថ្ងៃទី២ ដល់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ ប៉ុណ្ណោះ ដូច្នេះមិនមែនជាតួលេខ សរុបដែលប្រិយមិត្តបានមើលឃើញក្នុងបច្ចុប្បន្នភាពលើបទនីមួយក្នុងប្រព័ន្ធ Youtube ឡើយ។

តាមស្ថិតិនេះបានបង្ហាញថា បទចម្រៀង១០បទ នៅក្នុងចំណោម២០បទដែលមានក្នុងតារាង ដើមរបស់ គេហទំព័របរទេស ខាងលើឃើញថាមាន បទចម្រៀងខ្មែរចំនួន៧ និងបទបរទេស ចំនួន៣បទ បានជាប់ក្នុងបញ្ជីបទចម្រៀង ដែលមានអ្នកចុចចូលស្ដាប់ និងទស្សនាច្រើនជាង គេនៅកម្ពុជា គិតត្រឹមរយៈពេលដូចខាងលើ។
ចំណុចគួរចាប់អារម្មណ៍ក្នុងចំណោមបទចម្រៀងខ្មែរទាំង៧បទ ដែលមានអ្នកចូលមើលលើ Youtube នេះគឺមាន៤បទជាបទរបស់ផលិតកម្ម Galaxy Navatra របស់ឧកញ៉ា ឡេង ណាវ៉ាត្រា បាត់ទៅហើយក្នុងចំណោម៤របស់ផលិតកម្ម Galaxy នេះមាន៣បទ ជាបទរបស់ តារាចម្រៀងស្រីវ័យ ក្មេង តន់ ច័ន្ទសីម៉ា និងមួយបទទៀតជាបទរបស់តារាចម្រៀងស្រីវ័យក្មេង ដូចគ្នាគឺកញ្ញា អ៊ុក សុវណ្ណារី។

ទាំង៣បទរបស់ សីម៉ា នេះមានបទ “ឡានស៊ីរ៉ែន” និពន្ធដោយឧកញ៉ា ឡេង ណាវ៉ាត្រា ផ្ទាល់ស្ថិតនៅចំណាត់លេខ២មានអ្នកចូលមើល និង ស្ដាប់ចំនួន៨៩៣.៧៥៤ដង។ បន្តមក ទៀតបទ “យល់ច្រឡំថាគេស្រឡាញ់យើង” ស្ថិតនៅចំណាត់ថ្នាក់លេខ៣មានអ្នកចូលមើល និងស្ដាប់ចំនួន៦៤០.៧១៨ដង។ បទចម្រៀងរបស់ តន់ ច័ន្ទសីម៉ា ដែរស្ថិត ក្នុងចំណាត់លេខ៦ គឺបទ “គេនោះជាស្រីកាប់ដាវ” និពន្ធដោយឧកញ៉ា ឡេង ណាវ៉ាត្រា មានអ្នកចូលមើលនិង ស្ដាប់ចំនួន៣៨៥.៣៦២ដង។
បទចម្រៀងទី៤របស់ផលិតកម្ម Galaxy Navatra ដែលជាប់ក្នុងបញ្ជីខាងលើគឺបទ “ខ្ញុំក្លាយជា អ្នកជំងឺស្នេហា” របស់ អ៊ុក សុវណ្ណារី ស្ថិតក្នុង ចំណាត់ថ្នាក់លេខ៥ មានអ្នកចូលមើល និងស្ដាប់ចំនួន៤១៩.៤០៦ដង។ លោក យឹម តាស្រង់ អ្នកចាត់ការទូទៅផលិតកម្ម Galaxy Navatra បានភ្ញាក់ ផ្អើលនឹងរបាយការណ៍ចេញដោយ គេហទំព័របរទេស ខាងលើ។
តាស្រង់ បានលើកឡើងថា មិនដឹងច្បាស់ពីនីតិវិធី នៃការចាត់ចំណាក់ខាងលើឡើយតែយ៉ាងណាលោកពិតជារីករាយនិងមោទភាពណាស់ ចំពោះលទ្ធផលនេះវានឹងធ្វើឲ្យលោក និងតារាចម្រៀងផលិតកម្ម កាន់តែមានទឹកចិត្តក្នុងការបន្តពុះពារក្នុងសិល្បៈតន្ត្រីកំដរអារម្មណ៍របស់ ពុកម៉ែបងប្អូនមួយនេះបន្តទៀត។

គេហទំព័រ kworb គឺជាគេហទំព័រប្រមូលតួលេខអ្នកស្ដាប់ចម្រៀងល្បីៗ តាមប្រទេសនីមួយៗ របាយការណ៍របស់គេហទំព័រនេះ គឺស្រង់ចេញពីប្រភព៣គឺទី១ Youtube ទី២ iTunes របស់ Apple និងទី៣គឺ Spotify។ តួលេខអ្នកចូលមើលវេបសាយនេះគិតពី ឆ្នាំ២០១២ ដល់ដើម ឆ្នាំ២០២០ នេះ គឺមានអ្នកចូលមើលទំព័រព័ត៌មាន (page view) ដល់ទៅជាង៤០០លាន ឯណោះ។
តាមលោកឧកញ៉ា ឡេង ណាវ៉ាត្រា ចាងហ្វាងផលិតកម្ម Galaxy Navatra បានឲ្យដឹងថា រាល់បទចម្រៀងរបស់ផលិតកម្ម លោកឧកញ៉ាគឺមិន ត្រឹមដាក់លើ Youtube ប៉ុណ្ណោះទេគឺមាន ដាក់នៅលើ iTunes របស់ Apple ទៀតដែលមាន license ត្រឹមត្រូវ ដូច្នេះតាមរយៈនេះ លោកឧកញ៉ាជឿថាប្រិយមិត្តទាំងក្នុង និងក្រៅប្រទេស បានស្គាល់ពីបទចម្រៀងរបស់ Galaxy Navatra កាន់តែច្រើនថែមទៀត៕ ដោយៈ បូរិន