** បំណែកយន្តហោះដ្រូន នឹងដោះយកមកភ្នំពេញ
ដោយៈ មុនីរ័ត្ន,សុផានីតា
ភ្នំពេញៈ កម្លាំងជំនាញក្រសួងការពារជាតិ និងអគ្គស្នងការដ្ឋាន នគរបាលជាតិ រួមទាំងកម្លាំងស៊ីម៉ាក បានចុះទៅខេត្តកោះកុង ដើម្បីពិនិត្យយន្តហោះដ្រូន ខ្នាតធំមួយគ្រឿង ដែលបានធ្លាក់នៅភូមិពាមកាយ ឃុំកោះស្តេច ស្រុកគីរីសាគរ។ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ នេះ ខាងជំនាញនឹងចុះទៅទីតាំងយន្តហោះដ្រូន ខ្នាតធំធ្លាក់ ដើម្បីដោះបំណែកយកមកធ្វើការពិនិត្យ នៅរាជធានីភ្នំពេញ។
យន្តហោះដ្រូនខ្នាតធំនេះ បានធ្លាក់កាលពីព្រលប់ថ្ងៃទី១៦ ខែមករា ។ ក្រោយហេតុការណ៍ កម្លាំងសមត្ថកិច្ចបានចុះត្រួតពិនិត្យ និងហ៊ុមព័ទ្ធកន្លែងកើតហេតុ ដើម្បីរង់ចាំបញ្ជាពីថ្នាក់លើសម្រេច។
យោងតាមរបាយការណ៍ របស់សមត្ថកិច្ច បានបញ្ជាក់ថា យន្តហោះដ្រូន ខ្នាតធំមួយនេះ ពណ៌ ស លេខសម្គាល់ ១៧០១០០២ មានប្រវែងបណ្តោយ ប្រាំម៉ែត្រ និងទទឹងស្លាប ប្រវែង ៩,៧០ ម៉ែត្រ។ សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវ អំពីប្រភពយន្តហោះដ្រូននេះមកពីខាងណា។
ចំពោះករណីយន្តហោះដ្រូន ខ្នាតធំ ធ្លាក់នៅខេត្តកោះកុងនេះ សមត្ថកិច្ចនៅមិនទាន់សន្និដ្ឋានថាជាករណីអ្វី ពិតប្រាកដនៅឡើយទេ។
លោកឧត្តមសេនីយ៍ទោ សំឃិត វៀត ស្នងការនគរបាលខេត្តកោះកុង បានថ្លែងប្រាប់រស្មីកម្ពុជា កាលពីរសៀលថ្ងៃទី១៧ ខែមករា ថា នៅថ្ងៃទី១៨ ខែមករា ក្រុមការងារខាងក្រសួងការពារជាតិ និងអគ្គស្នងការដ្ឋាន នគរបាលជាតិ រួមទាំងកម្លាំងស៊ីម៉ាក ចុះទៅពិនិត្យយន្តហោះដ្រូន ខ្នាតធំមួយគ្រឿង ដែលបានធ្លាក់ នៅភូមិពាមកាយ ឃុំកោះស្តេច ស្រុកគីរីសាគរ កាលពីវេលាម៉ោងជាង ៦ ល្ងាច កាលពីថ្ងៃទី១៦ ខែមករា ។
លោកស្នងការខេត្ត បានបញ្ជាក់ថា ” ក្រុមការងារនឹងដោះបំណែកដ្រូន ខ្នាតធំនេះ យកមកភ្នំពេញ ដើម្បីពិនិត្យ ហើយខាងស៊ីម៉ាកក៏ចុះទៅពិនិត្យ រកមើលជាតិផ្ទុះផងដែរ”។
លោកស្នងការនគរបាលខេត្តកោះកុង បានបញ្ជាក់ទៀតថា ចំពោះករណីដ្រូនខ្នាតធំធ្លាក់នេះ គឺសមត្ថកិច្ច នៅមិនទាន់សន្និដ្ឋានថា មកពីខាងណានៅឡើយទេ ដោយខាងជំនាញមកពីក្រសួងការពារជាតិ និងអគ្គស្នងការដ្ឋាននគរបាលជាតិ នឹងចុះទៅពិនិត្យ នៅថ្ងៃទី១៨ ខែមករា។
គួរជម្រាបថា ពលរដ្ឋម្នាក់ឈ្មោះ ប៊ុត សូណែត ជាអ្នករស់នៅភូមិកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង បានប្រទះឃើញយន្តហោះដ្រូនមួយគ្រឿង ទំហំ ៩,៧០ ម៉ែត្រ បានធ្លាក់នៅវាលស្មៅ ក្បែរផ្ទះ កាលពីវេលាម៉ោង ៦ ល្ងាចថ្ងៃទី១៦ ខែមករា ហើយក៏បានរាយការណ៍ ទៅសមត្ថកិច្ច ចុះមកពិនិត្យបន្ទាន់។
លោក ឃឹម ច័ន្ទឌី អភិបាលស្រុកគិរីសាគរបាននិយាយថា ដោយយោងតាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋថា យន្តហោះដ្រូនធ្លាក់ ឬចុះចត មិនមានសំឡេងអ្វីទេ អ្វីដែលបានដឹង ពលរដ្ឋប្រទះឃើញ រួចមក ផ្តល់ព័ត៌មានដល់សមត្ថកិច្ចនគរបាលប៉ុស្តិ៍ និងមេភូមិឃុំ។ ការពិនិត្យស្វែងប្រភពដ្រូន វាហួសពីសមត្ថភាព របស់អាជ្ញាធរ រដ្ឋបាលស្រុក ដូច្នេះមានតែខាងកម្លាំងជំនាញទេ ទើបអនុវត្តទៅបាន៕v/Ha