ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធីជប់លៀង​អបអរសាទរ​ពិធីបុណ្យ ចូលឆ្នាំ​ប្រពៃណី​ជនជាតិ​វៀតណាម​ឆ្នាំ ២០២០ ជាមួយ​សហគមន៍​និង​ធុរកិច្ច​វៀតណាម​នៅ​កម្ពុ​ជានា​ល្ងាច​ថ្ងៃទី ១៧ ខែមករា ២០២០ នៅ​សណ្ឋាគារ​សុខា​រាជ ធានី​ភ្នំពេញ ដើម្បី​បង្ហាញ​អំពី​ចំណងមិត្តភាព ​សាមគ្គី​ភាពជា​ប្រពៃណី ជាពិសេស​ការពង្រឹង​ភាពជា​ដៃគូ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស ទាំងពីរ​កម្ពុជា​វៀតណាម​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងនាម​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​បាន​សម្ដែង​នូវ​ការអបអរសាទរ​ចំពោះ​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​លើ​គ្រប់​វិស័យ​របស់​វៀត ណា​ម​ ជាពិសេស​ការសម្រេចបាន​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​វៀតណាម​និង​សហភាព​អឺរ៉ុប​ដែល​នឹង​ជំរុញ​ឲ្យ​មាន​កំណើនសេដ្ឋកិច្ច​ពាណិជ្ជ​កម្ម​និង​ទេសចរណ៍​ជាមួយនឹង​លំហូរ​វិនិយោគ​បរទេស​ក្នុងប្រទេស​វៀតណាម​ក៏ដូចជា​បណ្ដា​ប្រទេសជិតខាង​និង​តំបន់​​​ ​រួមទាំង​កម្ពុជា​ផងដែរ​ ដែលជា​ការរួម​ចំណែក​ក្នុងការ​លើកកម្ពស់​កំណើន​សេដ្ឋកិច្ច​ជាពិសេស​ឬ​ការលើកស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានបង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​វិស័យ​វិនិយោគទុន​ជាតិ​និង​បរទេស​ទាំងអស់ ​ជាពិសេស​វិនិយោគិន​វៀតណាម​ដែល​នឹង​ជ្រើសរើស​កម្ពុជាជា​គោលដៅ​វិនិយោគ​ដ៏​មាន​សក្តានុពល​សម្រាប់​ដំណាក់កាល​នៃ​ការវិនិយោគ​ដំបូង​ឬ​ការពង្រីក​អាជីវកម្ម​របស់ខ្លួន​ប​ន្ត​ទៀត​ ស្របតាម​គោលការណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល​ស្តីពី​ការលើកទឹកចិត្ត​សម្រាប់​ការវិនិយោគ​និង​ការធ្វើ​ធុរកិច្ច​ដោយ​គ្មាន​ការរើសអើង​ មាន​លក្ខណៈ​ប្រកួតប្រជែង​ស្មើភាព​ដល់​ការការពារ​នូវ​សិទ្ធិ​និង​ផលប្រយោជន៍​ស្របច្បាប់​សម្រាប់​ការវិនិយោគ​លើ​គ្រប់​វិស័យ​ដើម្បី​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​សម្រេចបាន​តា​ម​គោលដៅ​ដែល​បានគ្រោង​ទុក ។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា​៖​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​វៀតណាម​បាន​លើសពី​៥​ពាន់​២​រយ​លាន​ដុល្លារ​អាម៉េរិក​ ​តួលេខ​នេះ​គឺជា​តួលេខដែល​យើង​ជឿជាក់​បាន​ ព្រោះថា​អ្វី​ដែលជា​តួលេខ​ដែល​យើង​បាន​កត់ត្រា​នៅតាម​រយៈ​ជើង​លេខ​គយ​នោះ​មិនមែន​មិន​ឆ្លុះបញ្ចាំង​ពី​ការពិត​នោះទេ​។​សម្តេច​បាន​បន្តថា​ យ៉ាងហោចណាស់​វៀតណាម​បាន​ជួយ​ទិញស្រូវ​ពី​កម្ពុជា​ក្នុង​ចន្លោះ​ពី ១ លាន​ទៅ ២ លាន​តោន​ក្នុង​មួយឆ្នាំដែល​មិនបាន​កត់ត្រា​នៅក្នុង​ជើង​លេខ​របស់​គយនោះទេ ​មូលហេតុ​ទាំងនេះហើយ​ដែល​យើង​អំពា​នាវ​ឱ្យ​មិត្ត​វៀតណាម​វិនិយោគ​នៅ​កម្ពុជា​ដោយសារ​វិនិយោគិន​វៀតណាម​មានលទ្ធភាព​ច្រើន​នៅក្នុង​ការកែច្នៃ​ ដូច្នេះ​ការវិនិយោគ​ទៅលើ​ឧស្សាហកម្ម​កែច្នៃ​នៅក្នុង​កម្ពុជា​វា​មាន​ប្រយោជន៍​សម្រាប់​ប្រជាជន​កម្ពុជា​ ក៏ដូចជា​សម្រាប់​ធុរកិច្ច​វៀតណាម​ដែល​ធ្វើ​សកម្មភាព​នៅទីនេះ ។​

​គួរបញ្ជាក់​ថា​ នេះ​ជា​ឆ្នាំ​ទីមួយ​ហើយ​ដែល​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ជួប​ពិសា​បាយ​ជាមួយ​សហគមន៍​និង​ធុរកិច្ច​វៀតណាម​នៅ​កម្ពុជា ។ សម្តេច​តេ​ជោ ហ៊ុន សែន សង្ឃឹមថា​ឆ្នាំក្រោយ​មុនពេល​ចូលឆ្នាំ​វៀតណាម​នឹងមាន​ការជួបគ្នា​ជា​បន្តទៀត​ ដោយ​សម្តេច​សង្ឃឹមថា​ការជួបគ្នា​បែបនេះ​ដើម្បី​ពង្រឹង​នូវ​ចំណងមិត្តភាព​និងបង្កើន​នូវ​ជំនឿ​ទុកចិត្ត​រវាង​គ្នា​ទៅវិញទៅមក​ ហើយ​ជាពិសេស​គឺ​ពង្រឹង​នូវ​ការជឿទុកចិត្ត​សម្រាប់​វិនិយោគិន​វៀតណាម​នៅ​កម្ពុជា ៕/Ha