ក្រុមគ្រួសារបាននិយាយថាបុរសដែលទាបជាងគេបំផុតនៅលើពិភពលោកដែលអាចដើរបាននិងត្រូវបានបញ្ជាក់ដោយអង្គការកំណត់ត្រាពិភពលោក Guinness World Records នោះបានស្លាប់កាលពីថ្ងៃសុក្រទី១៧ខែមករា នៅឯមន្ទីរពេទ្យមួយនៅប្រទេសនេប៉ាល់។
លោកខាហ្គេនដ្រា ថាប៉ា ម៉ាហ្កា( Khagendra Thapa Magar) ដែលមានកម្ពស់៦៧,០៨សង់ទីម៉ែត្រ បានស្លាប់ដោយសារជំងឺរលាកសួតនៅមន្ទីរពេទ្យមួយនៅទីក្រុងប៉ូខារ៉ា ចម្ងាយ២០០ គីឡូម៉ែត្រពីទីក្រុងកាត្មាន់ឌូ ជាកន្លែងដែលគាត់រស់នៅជាមួយឪពុកម្តាយរបស់គាត់។
បងប្រុសរបស់គាត់បានប្រាប់សារព័ត៌មានAFP ថា “គាត់បានចេញចូលមន្ទីរពេទ្យជាញឹកញយដោយសារតែជំងឺរលាកសួត។ ប៉ុន្តែពេលនេះ ដោយសារបេះដូងរបស់គាត់ក៏រងផលប៉ះពាល់ដែរនោះ គាត់បានទទួលមរណភាពនៅថ្ងៃនេះ ” ។
លោក ខាហ្គេនដ្រា ថាប៉ា ម៉ាហ្កា ត្រូវបានប្រកាសជាបុរសទាបបំផុតដំបូងគេនៅឆ្នាំ២០១០ បន្ទាប់ពីមានអាយុ១៨ឆ្នាំ ។ប៉ុន្តែ គាត់បានបាត់បង់តំណែងនេះបន្ទាប់ពីជនជាតិនេប៉ាល់ផងដែរ ដែលមានកម្ពស់៥៤,៦ សង់ទីម៉ែត្របានចូលជំនួសតំណែងបុរសទាបជាងគេលើពិភពលោក។
លោកខាហ្គេនដ្រា ថាប៉ា ម៉ាហ្កា បានទទួលឋានៈនេះជាថ្មីបន្ទាប់ពីមរណភាពរបស់ លោកចាន់ដ្រា បាហាឌួរ ដានហ្គី កាលពីឆ្នាំ ២០១៥ ៕ដោយ៖សុខា/sn
លោកខាហ្គេនដ្រា ថាប៉ា ម៉ាហ្កាបានស្លាប់ដោយសារជំងឺរលាកសួតកាលពីថ្ងៃសុក្រទី១៧ខែមករា