ដោយ: ម៉ារ៉ា / ភ្នំពេញ: បុរសម្នាក់បែកខ្លួនខ្ទេចខ្ទីស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ខណៈកំពុងជិះម៉ូតូមួយគ្រឿង ត្រូវរថយន្តបែនដឹកថ្មបុកពីក្រោយពេញទំហឹង និងកិន រួចព្យាយាមបើករត់ តែត្រូវបងប្អូនជាពលរដ្ឋដេញចាប់បានមកវិញ រួចប្រគល់ឲ្យសមត្ថកិច្ច។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១០ និង៤៥ នាទីយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ នៅចំណុចមុខផ្សារស្ទឹងមានជ័យចាស់ តាមបណ្ដោយផ្លូវ ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។
សពជនរងគ្រោះមិនស្គាល់អត្តសញ្ញាណនៅឡើយនោះទេ។
តាមប្រភពពីប្រជាពលរដ្ឋឃើញហេតុការណ៍នេះ បានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូ កូនទា មួយគ្រឿងពណ៌ផ្កាឈូកលាយស ពាក់ផ្លាកលេខភ្នំពេញ 1GV 0473 ធ្វើដំណើរតាមមិនដោយផ្លូវ២១៧ ទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តបែនដឹកថ្មមួយគ្រឿង ក្បាលពណ៌សពាក់ផ្លាកលេខព្រះសីហនុ 3A 2810 បើកបរដោយបុរសម្នាក់ទិសដៅស្របគ្នាមកពីក្រោយ ជ្រុលទៅបុកម៉ូតូបណ្ដាលដួលទៅនឹងថ្នល់ ចំណែកជនរងគ្រោះខ្ទៀតទៅចូលកង់រថយន្តខាងក្រោយផ្នែកខាងស្ដាំ រួចកិនពេញទំហឹង បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។ ចំណែករថយន្តបង្កព្យាយាមបើករត់មកដល់ចំណុចមុខវត្តស្ទឹងមានជ័យ ត្រូវបានបងប្អូនប្រជាពលរដ្ឋឃើញហេតុការណ៍នេះ ក៏បាននាំគ្នាជួយដេញចាប់បានរថយន្ត និងអ្នកបើកបរ រួចទៅប្រលគល់ឲ្យសមត្ថកិច្ចនាំខ្លួនយកទៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ ដើម្បីសួរនាំ។ អ្នកបើកបររថយន្តមានឈ្មោះ តែម ពិសិទ្ធិ អាយុ២៧ឆ្នាំ ស្រុកកំណើតនិងស្នាក់នៅបច្ចុប្បន្ននៅសង្កាត់សំរោងខណ្ឌព្រែកភ្នៅ បច្ចុប្បន្នបើករថយន្តឲ្យក្រុមហ៊ុនទ្រីស៊មី។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូ និងរថយន្ត ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុ និងយកដំកល់ទុកនៅវត្ថទឹកថ្លា ដើម្បីស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ ល