វីដេអូឃ្លីបបមួយ ដែលបង្ហាញពីសកម្មភាពក្មេងស្រីសិស្សសាលាមួយក្រុមបានព្រួតគ្នាវាយ ទាត់ធាក់សិស្សស្រីម្នាក់ ក្នុងថ្នាក់រៀន និងជេរប្រទេចដូចសត្វធាតុ ចំពោះមុខសិស្សជាច្រើន ទៀត ត្រូវបានគេផ្សព្វផ្សាយ និងចែកចាយតាមហ្វេសប៊ុក នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០។
តាមហ្វេសប៊ុកគេបានឃើញសារមហាជនស្នើដល់អាជ្ញាធរសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនក្រុម ក្មេងស្រីសិស្សសាលា ដែលបានព្រួតគ្នា វាយ ទាត់ធាក់ និងជេរប្រទេចសិស្សស្រីម្នាក់នោះ យកទៅផ្តន្ទាទោសតាមច្បាប់។
កាលពីរសៀលថ្ងៃទី១៦ ខែមករា សមត្ថកិច្ច បានស្រាវជ្រាវរកឃើញថា សកម្មភាពហិង្សាបង្ក ឡើងដោយសិស្សស្រីនោះបានកើតឡើងនៅវិទ្យាល័យផ្សារដើមថ្កូវ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។ សមត្ថកិច្ចបានចាត់វិធានការលើករណីនេះហើយ។
សមត្ថកិច្ចបានបញ្ជាក់ថា សកម្មភាពទាត់ធាក់ក្មេងស្រីម្នាក់នោះ បានកើតឡើង កាលពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១៩ ហើយទើបត្រូវបានគេបង្ហោះផ្សព្វផ្សាយ នាថ្ងៃទី១៦ ខែមករា ។
នៅរសៀលថ្ងៃទី១៦ ខែមករា ទាំងជនរងគ្រោះ និងទាំងជនដៃដល់ ដែលជាក្មេងស្រីសិស្ស សាលា ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាល ខណ្ឌចំការមន ដើម្បីដោះស្រាយ និងចាត់វិធានការតាមច្បាប់។
គេនៅចាំបានថា កាលពីដើមខែមករា ឆ្នាំ២០២០ នេះ ក៏មានការបង្ហោះចែកចាយតាមហ្វេស ប៊ុកនូវឃ្លីបវិដេអូ ដែលក្មេងស្រីម្នាក់ និងបក្ខពួកជាច្រើននាក់ទៀត បានស្ទាក់ម៉ូតូរបស់ក្មេង ស្រីបួននាក់ផ្សេងទៀត ដោយអះអាងថា ជាអ្នកមកពីស្រុកផ្សេង មិនមែននៅស្រុកមេសាង ខេត្តព្រៃវែងនោះទេ។ មូលហេតុដែលក្រុមក្មេងស្រីទំនើងខាងលើ ស្ទាក់សួរនាំនិងគំរាមរកវាយ គេនោះ ដោយសារតែភាគីម្ខាងទៀត បានមើលមុខ ឌឺដងដាក់ខ្លួន។
រហូតដល់ថ្ងៃទី១៣ ខែមករាប៉ូលិសស្រុកមេសាង បានចាប់វ៉ៃខ្នោះក្មេងស្រីទំនើងម្នាក់ អាយុ ១៦ឆ្នាំ រៀនថ្នាក់ទី១០ នៅវិទ្យាល័យមេសាង ដែលអួតក្អេងក្អាងថា ខ្លួនជាជើងខ្លាំងនៅស្រុក មេសាង និងជាអ្នកគំរាមគេ ដោយមានឃ្លីបវិដេអូ បង្ហោះតាមហ្វេសប៊ុក។
សកម្មភាពទំនើងរបស់ក្មេងស្រីសិស្សវិទ្យាល័យទាំងពីរករណីនេះ ហាក់ដូចជាបង្ហាញពី អសីលធម៌ និងចរិតមិនស័ក្តិសមជាស្ត្រីខ្មែរ ដែលសុភាពរាបសា។ ពីមុនៗ គេល្បីតែក្មេងប្រុស ខាងបងធំបងតូច វាយទាត់ធាក់គ្នា។ ប៉ុន្តែនៅពេលនេះ បែរជាក្មេងស្រីៗ ក្លាយជាបងធំបងតូច ចេញសកម្មភាពពាល។
ជាងនេះទៅទៀតបទល្មើសទាំងពីរករណីនេះសុទ្ធតែឈានដល់ការចាប់ខ្លួនតាមរយៈការថត បង្ហោះហ្វេសប៊ុក ដែលជនដៃដល់ គិតថា ថតបង្ហាញពីសកម្មភាពខ្លួនឯងខ្លាំងឲ្យមហាជន បានដឹង។ តែតាមពិត វិដេអូឃ្លីបបនោះ គឺជាភស្តុតាងដាក់បន្ទុកបទល្មើសលើខ្លួនឯងទៅ វិញទេតើ។
យ៉ាងណាក៏ដោយចុះ ក្មេងស្រីបង្កបញ្ហាទាំងពីរករណីនេះ សុទ្ធតែជាសិស្សសាលាវិទ្យាល័យ ដែលជាវ័យត្រូវខំរៀនសូត្រ ព្រោះថា ឪពុកម្តាយមិនឲ្យពួកគេធ្វើអ្វីក្រៅតែពីទៅរៀននោះ ឡើយ។ ផ្ទុយទៅវិញ បែរជាក្មេងស្រីជំទង់ទាំងនេះ ធ្វើខ្លួនជាបងធំ ដើរបង្កជម្លោះនាំដល់ការ ចាប់ខ្លួន ដែលរងនូវភាពអាម៉ាស់ មិនត្រឹមតែខ្លួនឯងទេ គឺរងនូវភាពអាម៉ាស់ដល់ក្រុមគ្រួសារ ឪពុកម្តាយ បងប្អូនថែមទៀតផង។ សម័យនេះ ជាសម័យហ្វេសប៊ុក ដែលដំណឹងអាក្រក់ដូច្នេះ ត្រូវបានផ្សព្វផ្សាយលឿនណាស់។
ក៏ប៉ុន្តែអ្វីៗ នៅស្តារដើមបានទេ។ ករណីក្មេងស្រីទាំងពីរករណី ដែលបង្កជម្លោះ វាយ តប់ និងប្រើហិង្សាលើរាងកាយ ព្រមទាំងពាក្យសម្តីនេះ គឺអាជ្ញាធរសមត្ថកិច្ចយើងអាចដោះ ស្រាយបាន តាមរយៈការធ្វើកិច្ចសន្យា ឈប់ប្រព្រឹត្តខុសឆ្គងតទៅទៀតហើយបង់ជំងឺចិត្ត ដល់ក្មេងស្រីរងគ្រោះ និងសុំទោស ហើយធ្វើខ្លួនជាកូនល្អ សិស្សល្អ ចូលរៀនឡើងវិញ ក៏មិនទាន់ហួសពេលឡើយ។
មានតែការសិក្សារៀនសូត្រ ឲ្យក្លាយជាសិស្សល្អ ប្រឡងឲ្យជាប់ នៅពេលប្រឡងបាក់ឌុប ហើយបន្តរៀននៅមហាវិទ្យាល័យឲ្យចេះចប់ នឹងមានការងារធ្វើ ព្រមទាំងការស្តាប់បង្គាប់ទេ ដែលជាវត្ថុបំណងរបស់ឪពុកម្តាយ ចង់បានពីកូនៗ មិនថា កូនស្រី ឬកូនប្រុសនោះទេ។ យុវជនយើង ទាំងស្រី ទាំងប្រុស គឺជាទំពាំងស្នងឫស្សី ដែលជាសរសរទ្រូងរបស់គ្រួសារ និយាយដោយឡែក និងនិយាយជារួមជាសរសរទ្រូងរបស់ប្រទេសជាតិ។ ដូច្នេះសូមយុវជន ក្មេងស្រី ក្មេងប្រុស ភ្ញាក់រឭក និងធ្វើខ្លួនជាកូនល្អ សិស្សល្អ យុវជនល្អ ដើម្បីអនាគតខ្លួនឯងផង ដើម្បីអនាគតក្រុមគ្រួសារផង និងក៏ដើម្បីអនាគតប្រទេសជាតិយើងផងដែរ៕ ដោយម៉េងឆៃ