ដោយបាយ័ន/ឧត្តរមានជ័យៈប្រជាពលរដ្ឋខ្មែរចំនួន២នាក់ត្រូវបានអាជ្ញាធរប្រទេសថៃបានធ្វើការបញ្ជូនមកឱ្យភាគីកម្ពុជាវិញបន្ទាប់ពីបុរសទាំង២នាក់ត្រូវបានដោះលែងពីពន្ធនាគារខេត្តស៊ីសាកេតប្រទេសថៃពីបទឆ្លងដែនខុសច្បាប់ចូលទៅកាប់ឈើគ្រញូងក្នុងទឹកដីថៃរួចមក។ពិធីប្រគល់និងទទួលប្រជាពលរដ្ឋខ្មែរនេះបានធ្វើឡើងកាលពីវេលាម៉ោង១៦និង១៥នាទីថ្ងៃទី១៨ខែមករាឆ្នាំ២០២០ស្ថិតនៅច្រកអន្តរជាតិជាំស្រងាំក្នុងទឹកដីស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចនគរបាលប្រចាំច្រកអន្តរជាតិជាំស្រងាំបាននិយាយថាប្រជាពលរដ្ឋខ្មែរចំនួន២នាក់ដែលត្រូវបានអាជ្ញាធរថៃបញ្ជូនមកស្រុកកំណើតវិញនោះគឺមានឈ្មោះ សៀង ស្រស់ ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិសម្បូរឃុំព្រៃគុយស្រុកកំពុងស្វាយខេត្តកំពង់ធំ។ម្នាក់ទៀតឈ្មោះនួនសុភ័ក្រភេទប្រុសអាយុ៣១ឆ្នាំរស់នៅភូមិអូរឃុំសង្វើយស្រុកជីក្រែងខេត្តសៀមរាប។អ្នកទាំង២ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៦ខែមករាឆ្នាំ២០១៨កន្លងមកនេះពីបទដែនខុសច្បាប់ចូលទៅកាប់ឈើគ្រញូងក្នុងទឹកដីថៃដោយចូលតាមច្រកភ្នំខ្មោច។
ក្រោយពីចាប់ខ្លួនអ្នកទាំង២ត្រូវបនយកទៅដាក់ពន្ធនាគារនៅខេត្តស៊ីសាកេតចាប់តាំងពីពេលនោះរហូតមកដល់ថ្ងៃទី១៨ខែមករាឆ្នាំ២០២០នេះទើបដោះលែងហើយបញ្ជូនមកស្រុកកំណើតវិញតែម្តង៕S/
រូបភាពៈអាជ្ញាធរថៃបានបញ្ជូនប្រជាពលរដ្ឋខ្មែរចំនួន២នាក់អោយមកស្រុកវិញបន្ទាប់ពីដោះលែងពីពន្ធនាគារ៕បាយ័ន