ដោយៈមុនីរ័ត្ន/ភ្នំពេញ៖ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំការិយាល័យអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ត្រូវបានរំខានដោយនិងសូមច្រានចោលការចេញផ្សាយព័ត៌មានរបស់អ្នករាយការណ៍ពិសេសចំនួនបីរូបកាលពីថ្ងៃទី១៧ខែមករាឆ្នាំ២០២០ ក្រោមហេតុផលនយោបាយនិងមានបំណងបំភ័ន្តសាធារណជន អំពីដំណើរការសវនាការលើជនជាប់ចោទ លោក កឹម សុខា។
ដូចពេលកន្លងមកដែរ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាសូមសម្តែងនូវការសោកស្តាយជាពន់ពេកចំពោះការប្រព្រឹត្តិមិនស្របតាមវិជ្ជាជីវៈរបស់អ្នកជំនាញខាងលើដែលមិនមែនជាមន្ត្រីអង្គការសហប្រជាជាតិនិងគ្រាន់តែបំពេញការងារក្នុងឋានៈផ្ទាល់ខ្លួន ប៉ុន្តែតាំងខ្លួនជាចៅក្រមនៅក្នុងកិច្ចការតុលាការនិងផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យមួយ។
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាសូមរំលឹកអ្នកជំនាញទាំងនោះថា នៅប្រទេសកម្ពុជា ក៏ដូចសង្គមប្រជាធិបតេយ្យដទៃទៀត បុគ្គលបំពានច្បាប់ត្រូវរងការចោទប្រកាន់និងកាត់ទោសដោយឈរលើមូលដ្ឋាននៃបទល្មើសដែលបានប្រព្រឹត្តនិងមិនផ្អែកលើឋានៈនយោបាយឡើយ។ឋានៈជាអ្នកនយោបាយមិនថាស្ថិតនៅក្រោមស្លាកបក្សប្រឆាំងឬអត់ ពុំបានផ្តល់សិទ្ធិឱ្យបុគ្គលនោះធ្វើសកម្មភាពដោយនិទណ្ឌភាពទេ។
ហេតុផលបុគ្គលឬនយោបាយមិនអាចប្រើប្រាស់ជាទឡ្ហីករណ៍សម្រាប់ការប្រព្រឹត្តិបទល្មើសឡើយ។ បទចោទលើលោកកឹមសុខាមានចែងយ៉ាងច្បាស់នៅក្នុងក្រមព្រហ្មទណ្ឌរបស់កម្ពុជា (មាត្រា ៤៥១ និង៤៥៣)ហើយវិធានការច្បាប់ចំពោះគាត់នាពេលកន្លងមកបានត្រូវអនុវត្តស្របតាមច្បាប់ពាក់ព័ន្ធរបស់ប្រទេស រួមទាំងរដ្ឋធម្មនុញ្ញ។
ការនិយាយយោងរបស់អ្នករាយការណ៍ពិសេសទៅនឹងទស្សនៈរបស់”ក្រុមការងារស្តីពីការឃុំខ្លួនតាមអំពើចិត្ត” (ហៅកាត់ថា ” ក្រុមការងារ”)ដែលជាបណ្តុំបុគ្គលប្រាំរូបរួមគ្នា មិនត្រឹមតែពុំមានសំអាងត្រឹមត្រូវ ហើយថែមទាំងបង្កឲ្យមានការភ័ន្តច្រឡំទៀត។បុគ្គលទាំងប្រាំរូបពុំមែនជាមន្ត្រីអង្គការសហប្រជាជាតិ គ្រាន់តែបំពេញការងារក្នុងឋានៈផ្ទាល់ខ្លួនដែលពុំមានការយល់ដឹងជាក់ស្តែងស្តីពីស្ថានភាពច្បាប់និងនយោបាយរបស់ប្រទេសកម្ពុជា។ទស្សនៈឬសេចក្តីសន្និដ្ឋានរបស់”ក្រុមការងារ”នេះពុំមានទម្ងន់អ្វីទាល់តែសោះ រាប់ទាំងទម្ងន់ផ្លូវច្បាប់មកលើរដ្ឋអធិបតេយ្យមួយ ហើយស្ថានបេសកកម្មអចិន្ត្រៃយ៍សូមបដិសេធចំពោះសេចក្តីសន្និដ្ឋានរបស់ ” ក្រុមការងារ ” នេះដែលពុំបានគោរពតាមរបបធ្វើការងារត្រឹមត្រូវ។
ការចោទប្រកាន់ថា លោក កឹម សុខា ត្រូវបានឃុំខ្លួនលើសរយៈពេលកំណត់ដោយច្បាប់ គឺជាការបំផ្លើស និងបង្ហាញយ៉ាងច្បាស់អំពីការយល់ដឹងនៅមានកម្រិត ឬពុំមានឆន្ទៈចង់យល់អំពីនីតិវិធីតុលាការរបស់ប្រទេសកម្ពុជា ពីសំណាក់អ្នកជំនាញទាំងនោះ។ ការពិតគឺថា លោក កឹម សុខា បានត្រូវដោះលែងកាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ ក្រោមការត្រួតពិនិត្យផ្លូវតុលាការ ដោយមានលក្ខខណ្ឌជាក់លាក់។នេះមានន័យថា គាត់ពុំស្ថិតក្រោមរបបនៃការឃុំខ្លួនមុនសវនាការ ដែលមានរយៈពេលអតិបរមា១៨ខែនោះឡើយ។លោកកឹមសុខាពុំស្ថិតក្នុងការឃុំឃាំងក្នុងផ្ទះទេ។
សូមរំលឹកអ្នកជំនាញឲ្យប្រើប្រាស់វាក្យស័ព្ទច្បាប់ឱ្យបានត្រឹមត្រូវនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ប្រសិនបើពុំមានបំណងធ្វើឱ្យសាធារណជនយល់ខុសនិងភ័ន្តច្រឡំ។ដោយស្ថិតនៅជាជនជាប់ចោទនៅឡើយ លោកកឹមសុខាពុំអាចធ្វើដំណើរចាកចេញពីព្រំដែនកម្ពុជា ហើយមិនត្រូវចូលរួមក្នុងសកម្មភាពនយោបាយណាមួយទេ។
ការចោទប្រកាន់របស់អ្នករាយការណ៍ពិសេសខាងលើអំពីកង្វះការចូលរួមជាសាធារណៈនៅក្នុងបន្ទប់សវនាការ បង្ហាញយ៉ាងច្បាស់ថាការវាយតម្លៃរបស់អ្នកជំនាញទាំងនោះអំពីកម្ពុជាបានផ្អែកលើតែប្រភពព័ត៌មានពុំបានផ្ទៀងផ្ទាត់និងមិនអាចទុកចិត្តបាន។នៅគ្រប់ប្រទេសប្រជាធិបតេយ្យទាំងអស់ការសម្រេចឲ្យចូលទៅក្នុងបន្ទប់សវនាការតែងតែជាឆន្ទានុសិទ្ធិរបស់តុលាការ ដោយពិចារណាលើទំហំជាក់ស្តែងនៃបន្ទប់សវនាការ សណ្តាប់ធ្នាប់និងការប្រព្រឹត្តិទៅនៃការជំនុំជម្រះ។
មានតំណាងអង្គទូតជាច្រើនចូលរួម ហើយពុំមានកៅអីនៅសល់ទំនេរទុកចោលទេ។ស្ថានបេសកកម្មអចិន្ត្រៃយ៍យល់ថា ការលើកឡើងរបស់អ្នករាយការណ៍ពិសេសថាកង្វះខាតការចូលរួមជាសាធារណៈនៅក្នុងបន្ទប់សវនាការ មានន័យស្មើនឹងកង្វះយុត្តិធម៌ គឺជាការចំអកលើបទដ្ឋាននៃវិជ្ជាជីវៈច្បាប់និងតុលាការទាំងស្រុង។
ជាចុងក្រោយ ស្ថានបេសកកម្មអចិន្ត្រៃយ៍ទទូចដល់អ្នករាយការណ៍ពិសេសទាំងអស់ គោរពឱ្យបានខ្ជាប់ខ្ជួននូវ “ក្រមប្រតិបត្តិសម្រាប់តំណាងអាណត្តិនៃនីតិវិធីពិសេសរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ” នៅពេលបំពេញមុខងារខ្លួនរួមទាំងការចេញសេចក្តីថ្លែងការណ៍សាធារណៈដែលអាចត្រូវបកស្រាយថាជាការជ្រៀតជ្រែកក្នុងប្រព័ន្ធយុត្តិធម៌កម្ពុជា៕S/Ha

