តាមព័ត៌មានថា លោក ចូសេ ម៉ូរីញ៉ូ (Jose Mourinho) អ្នកចាត់ការក្លិប តូតិនហេម(Tottenham) បាននិយាយជាមួយកីឡាករ ចូអាវ កានសេឡូ (Joao Cancelo) អំពីលទ្ធភាពផ្ទេរចេញពីក្លឹប ម៉េនឆេស្ទ័រ ស៊ីធីមកកាន់ក្លិប Tottenham។
កានសេឡូ ដែលបានផ្ទេរពីក្លិប ជូវេនទុស(Juventus) មកក្នុងតម្លៃ៦០លានផោនកាលពី រដូវក្តៅនេះ ប៉ុន្តែបានត្រឹមជាកីឡាករបម្រុងរបស់កីឡាករ ខាយ វ៉កឃ័រ (Kayle Walker) នៅរដូវកាលនេះ។
កីឡាកររូបនេះបានចាប់ផ្តើមបាន១៣លើកជាមួយស៊ីធីនៅគ្រប់ការប្រកួតហើយសម្លឹងមើលឱកាសផ្ទេរចេញ។ លោក ម៉ូរីញ៉ូបាននិយាយជាមួយកីឡាករព័រទុយហ្គាល់វ័យ២៥ឆ្នាំរូបនេះ អំពីការផ្ទេរមកទីក្រុងឡុងដ៍។
តាមព័ត៌មានថា កានសេឡូ ចង់បានឱកាសបង្ហាញមុខច្រើនជាងនេះ ហើយចង់ផ្ទេរមកក្លិប Spurs ស្របពេលក្លិប Barcelona ក៏ចាប់អារម្មណ៍ផងដែរ។
លោក ម៉ូរីញ៉ូ ចង់បន្ថែមកម្លាំងនៅតំបន់ការពារ ជាពិសេសការពារផ្នែកខាងស្តាំ ស្របពេល កីឡាករ សឺជ អូរីយ៉េ (Sere Aurier) ដែលកំពុងគ្រងតំណែងនេះធ្វើមិនសូវបានល្អ។ គេជឿថា ភាគីទាំងពីរអាចសម្រេចកិច្ចព្រមព្រៀងផ្ទេរក្នុងតម្លៃ៥១លានផោន។
បើទោះបីជាមានឱកាសតិចតួចក្នុងក្រុមជម្រើសក៏ដោយ ក៏ កានសេឡូ បានបង្ហាញមុខ ក្នុងការប្រកួតកាលពីថ្ងៃអាទិត្យសប្តាហ៍មុនដែលស៊ីធីបំបាក់ក្រុម Aston Villa ៦-១ នៅក្រប ខណ្ឌព្រីមីញ៉េលីក៕ ប្រែសម្រួល: ពិសិដ្ឋ