រដ្ឋមន្ត្រីការពារជាតិអាឡឺម៉ង់កាលពីថ្ងៃសុក្រទី១៧មករាបានទម្លាយអោយដឹងថា ប្រធានាធិបតីអាម៉េរិកលោកដូណាល់ ត្រាំ បានព្យាយាមទាញអង់គ្លេស បារាំងនិងអាឡឺម៉ង់ អោយធ្វើសង្គ្រាមការទូតជាមួយអ៊ីរ៉ង់ ដោយគំរាមយកពន្ធ២៥ភាគរយលើរថយន្តប្រណិតៗរបស់ប្រទេសអឺរ៉ុបទាំងបី ។
ប្រធានាធិបតីអាម៉េរិកបាននិងកំពុងដាក់សម្ពាធលើលោកនាយករដ្ឋមន្ត្រីអង់គ្លេស បូរីស ចនសុន អធិកាបតីអាឡឺម៉ង់លោកស្រី អង់ហ្គេឡា មឺគែល និងប្រធានាធិបតីបារាំងលោកអេមម៉ានុយអែល ម៉ាក្រុង អោយធ្វើការចោទប្រកាន់រដ្ឋាភិបាលក្រុងតេអេរ៉ង់ជាផ្លូវការថារំលោភកិច្ចព្រមព្រៀងនុយគ្លេអ៊ែរឆ្នាំ២០១៥។
នៅសន្និសីទកាសែតមួយនីក្រុងឡុងដ៍កាលពីថ្ងៃសុក្រ រដ្ឋមន្ត្រីការពារជាតិអាឡឺម៉ង់ បានបញ្ជាក់អះអាងរបាយការណ៍អំពីការគំរាមផ្នែកសេដ្ឋកិច្ចនិងបាននិយាយថា« ការបង្ហាញឬការគំរាមនេះ ពិតជាមានមែន»។
ពន្ធ២៥ភាគរយលើរថយន្តនឹងប៉ះពាល់អាឡឺម៉ង់ ដែលនាំចេញរថយន្តក្នុងតំលៃសរុបប្រមាណ២៥,៥ពាន់លានដុល្លារកាត់មហាសមុទ្រអាត្លង់ទិចក្នុងមួយឆ្នាំ។
កាលពីថ្ងៃអង្គារ រដ្ឋាភិបាលក្រុងឡុងដ៍ ប៉ារីសនិងប៊ែរឡាំង បានរួមគ្នាប្រកាសថាពួកគេមិនមានជំរើសណាក្រៅតែពីបង្កើតយន្តការជម្លោះនៃកិច្ចព្រមព្រៀងនុយគ្លេអ៊ែរទល់នឹងអ៊ីរ៉ង់ ជាចំណាត់ការមួយដែលនឹងធ្វើអោយលោកត្រាំសប្បាយចិត្ត។
ក្រសួងការបរទេសអ៊ីរ៉ង់ បានតតបវិញដោយចោទប្រកាន់ប្រទេសទាំងបីថាធ្វើតាមសម្ពាធរបស់ប្រធានាធិបតីអាម៉េរិក៕ប្រែសម្រួល៖វាសនា
ប្រធានាធិបតីអាម៉េរិកគំរាមអោយមេដឹកនាំអឺរ៉ុបទាំងបី ចោទប្រកាន់អ៊ីរ៉ង់ថារំលោភកិច្ចព្រមព្រៀងនុយគ្លេអ៊ែរឆ្នាំ២០១៥