ដោយ: ប៉ែនខុន / ភ្នំពេញ: សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ អមដំណើរដោយលោកឧបនាយរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត អញ្ជើញពិនិត្យការដ្ឋានសាងសង់ផ្លូវមួយចំនួន ដែលអនុវត្តដោយកងវិស្វកម្មលេខ១៧៨ស្ពានថ្នល់ក្រសួងការពារជាតិ ក្នុងចំណោមផ្លូវ៣៤ខ្សែនៅក្នុងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៨ខែមករាឆ្នាំ២០២០។
ការសាងសង់ផ្លូវចំនួន៣៤ខ្សែ ដែលមានប្រវែងជាង៨០គីឡូម៉ែត្រ នៅក្នុងក្រុងព្រះសីហនុ មកទល់នឹងពាក់កណ្តាលខែមករាឆ្នាំ២០២០ សម្រេចលទ្ធផលបានប្រមាណ ជា៣០ភាគរយនៃគម្រោងហើយ បន្ទាប់ពីបើកការដ្ឋានជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ២០២៩រួចមកនិងនៅថ្ងៃទី១៥ខែមករាផ្លូវអូរត្រេះបានចាប់ផ្តើមចាក់បេតុង។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានប្រាប់ឱ្យរស្មីកម្ពុជាដឹងថា គ្រប់ការដ្ឋានផ្លូវទាំង៣៤ខ្សែ ដែលបានបើកការដ្ឋានសាងសង់ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ២០១៩ រហូតមកដល់ត្រឹមថ្ងៃនេះ(១៥មករាឆ្នាំ២០២០) ជាលទ្ធផលសម្រេចបានប្រមាណជា៣០ភាគរយនៃគម្រោងហើយ។
ការដ្ឋានសាងសង់ផ្លូវទាំង៣៤ខ្សែ ដែលបានអនុវត្តដោយក្រុមហ៊ុនឯកជនចំនួន៦និងកងវិស្វកម្មចំនួនពីរគឺកងវិស្វកម្មសម្តេចតេជោហ៊ុន សែនសៀមរាបនិង កងវិស្វកម្មលេខ១៧៨ស្ពានថ្នល់នៃក្រសួងការពារជាតិ គិតពីថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ ២០១៩ ដែលជាថ្ងៃបើកការដ្ឋានជាផ្លូវការមកដល់ត្រឹមថ្ងៃទី១៥ខែមករាឆ្នាំ២០២០ នេះ គឺមានរយៈពេលពីរខែគត់។
លោក គួច ចំរើន បាននិយាយឱ្យដឹងទៀតថា ការសាងសង់ផ្លូវនេះជាទូទៅ មានល្បឿនលឿន ព្រោះកន្លែងខ្លះធ្វើទាំងយប់ ទាំងថ្ងៃនិងយឺតនៅកន្លែងខ្លះដោយសារបច្ចេកទេសដាក់លូតែបានដោះស្រាយហើយ។ ថ្ងៃនេះ(១៥មករា) ផ្លូវអូរត្រេះ បានចាប់ផ្តើមចាក់បេតុងហើយ។ ចំណែកចំណតផ្លូវនៅជិតរង្វង់មូលជំទាវម៉ៅ កំពុងត្រូវបានបន្ទាប ដើម្បីងាយស្រួលធ្វើចរាចរណ៍ឡើងចុះ។
នៅក្រុងព្រះសីហនុពេលនេះ ផ្លូវមួយណាក៏ត្រូវបានគេមើលឃើញកំពុងធ្វើការសាងសង់យ៉ាងសកម្ម ដូច្នេះការធ្វើចរាចរណ៍ពិតជាត្រូវជួបការលំបាក។ មិនមែន តែផ្លូវចាស់នៅក្នុងក្រុងនោះទេដែលកំពុងសម្រុកសាងសង់ ផ្លូវថ្មីកាត់ព្រៃតាម ឆ្នេរ ក៏ត្រូវបានសម្រុកសាងសង់ឱ្យទាន់ពេលដែរ។
រំលឹកឱ្យដឹងថា ផ្លូវចំនួន៣៤ខ្សែមានប្រវែងសរុប៨៤.៥០៥ម៉ែត្រ កំពុងត្រូវ បានធ្វើការសាងសង់ដោយក្រុមហ៊ុនឯកជនចំនួន៦ និងអង្គភាពរបស់រដ្ឋចំនួនពីរ នៅក្រុងព្រះសីហនុនេះ ជាគម្រោងដែលបានលើកឡើងដោយគណៈកម្មាធិការ ជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ដែលមានលោកឧបនាយករដ្ឋ មន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ជាប្រធាន តាំងពីឆ្នាំ២០១៨មក។ ផ្លូវទាំង៣៤ខ្សែនេះចាក់ដោយបេតុងកម្រាស់០.២៥ម៉ែត្រ និងអ៊ុតបេទីមបន្ថែមពីលើកម្រាស់០.០៦ម៉ែត្រ៕ ល/Ha