Home កីឡា ព្រឹត្តិការណ៍...

ព្រឹត្តិការណ៍​រត់​ចម្ងាយ​ឆ្ងាយ ១២៨​គីឡូម៉ែត្រ នៅ​តំបន់​អង្គរ ចាប់ផ្ដើម​ការប្រកួត​

ដោយ​: មូល​សម្បត្តិ / ភ្នំពេញ​: ទិវា​រត់ប្រណាំង​ចម្ងាយ​ឆ្ងាយ​នៅ​តំបន់​អង្គរ Angkor Ultra Trial លើក​ទី​៥ បានចាប់ផ្ដើម​ការប្រកួត​ហើយ​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែមករា​នេះ ដោយ​វិញ្ញាសា​រត់​ចម្ងាយ ១២៨​គីឡូម៉ែត្រ និង ៦៤​គីឡូម៉ែត្រ បានចេញ​ដំណើរ​មុនគេ តាំងពី​ម៉ោង ៤​ទៀបភ្លឺ នៅ​ទីលាន​ប្រជល់​ដំរី ហើយ​ត្រូវ​រត់​ឆ្លងកាត់​ឧបសគ្គ ព្រៃព្រឹក្សា ប្រាង្គ​ប្រាសាទ ភូមិ​-​ឃុំ​អ្នកស្រុក និង​វាលស្រែ​មួយចំនួន មុន​បញ្ចប់​នៅ​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២០ ស្អែក​។​

​ក្នុងឱកាស​ចូលរួម​ពិធី​ចេញដំណើរ​ការរត់​ចម្ងាយ​ឆ្ងាយ​ខាងលើ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) តំណាង​លោក​ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន NOCC បានបង្ហាញ​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្ដៅ ចំពោះ​វត្តមាន​កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្ដរជាតិ ដែល​បាន​ចូលរួម និង​គាំទ្រ​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​បែប​ផ្សងព្រេង​នេះ ហើយ​លោក​បាន​អំពាវនាវ​ឲ្យ​ពួកគេ​បន្ដ​ការគាំទ្រ និង​ចូលរួម​កាន់តែច្រើន​បន្ថែ​ម​ទៀត នា​ឆ្នាំក្រោយៗ ។​

រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​រូបនេះ​បានបង្ហាញ​នូវ​សុទិដ្ឋិនិយម​ខ្ពស់ ចំពោះ​កីឡាករ​-​កីឡាការិនី​ទាំងអស់ ដែល​បានបង្ហាញ​នូវ​ស្នាមញញឹម អមដោយ​ភាពសប្បាយ​រីករាយ ក្នុងការ​ចូលរួម​រត់​ចម្ងាយ​ឆ្ងាយ​រហូតដល់​ទៅ ១២៨​គីឡូម៉ែត្រ ក្នុងនោះ​ក៏មាន​កីឡាករ​កម្ពុជា ៣​រូប​ចូលរួម​ដែរ ។ ពិសេស​គឺ​ជនបរទេស ដែល​បាន​អរគុណ​កម្ពុជា ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​នេះ​ឡើង នៅ​តំបន់​អង្គរ ជា​តំបន់​បេតិកភណ្ឌ​ដ៏​ល្អ​ឯក ហើយ​មានការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​ប្រជាពលរដ្ឋ ។​

​ដោយឡែក​លោក Jean Claude មន្ដ្រី​បច្ចេក​រៀបចំ​ព្រឹត្តិការណ៍ Angkor Ultra Trail បាន​បញ្ជាក់ថា ឆ្នាំនេះ​ការប្រកួត​មាន​លក្ខណៈ​ល្អប្រសើរ និង​ទាក់ទាញ​ជាង​ឆ្នាំមុន ដោយសារ​ការចុះឈ្មោះ​កើន​ដល់​ទៅ ១០% ។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​គឺ​កំណើន​នៃ​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​នាំ​ឲ្យ​ព្រឹត្តិការណ៍​កីឡា​ផ្សងព្រេង​នេះ មាន​កំណើន​អ្នកចូលរួម​ជា​បន្ដបន្ទាប់ ។ មិនតែប៉ុណ្ណោះ​លោក​ក៏បាន​បង្ហើប​គម្រោង​បង្កើត​វិញ្ញាសា​រត់​ចម្ងាយ ៨​គីឡូម៉ែត្រ​នា​ឆ្នាំក្រោយ ដើម្បី​ទាក់ទាញ​អ្នកចូលរួម​កាន់តែច្រើន​ទៀតផង ។​

​គួរ​បញ្ជាក់ថា ទិវា​រត់ប្រណាំង​ចម្ងាយ​ឆ្ងាយ Angkor Ultra Trail 2020 គឺមាន​វិញ្ញាសា​ប្រកួត ដូចជា​រត់ ១២៨​គីឡូម៉ែត្រ​, ៦៤​គីឡូម៉ែត្រ​, ៤២​គីឡូម៉ែត្រ​, ៣២​គីឡូម៉ែត្រ និង ១៦​គីឡូម៉ែត្រ ដោយមាន​អ្នកចូលរួម​សរុប ១,២៥៥​នាក់ មកពី ៤៥​ប្រទេស ។ ចំពោះ​វិញ្ញាសា​រត់​ចម្ងាយ ១២៨​គីឡូម៉ែត្រ ត្រូវ​ចំណាយពេល​រត់​ប្រមាណ ២៤​ម៉ោង ដោយ​គ្រោង​បញ្ចប់​នៅ​ថ្ងៃទី​១៩ ខែមករា ។ ឯ​ពិធី​បំពាក់​មេដាយ នឹងធ្វើ​ឡើង​ក្រោម​វត្តមាន​លោក ថោង ខុន ហើយ​មានការ​ចូលរួម​ពី​លោកជំទាវ​ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា​ផងដែរ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកនាំពាក្យ​ក្រសួងយុត្តិ...

ដោយ​: មុនី​រ័ត្ន / ភ្នំពេ...

​មន្ត្រី​​អះអាងថា​ផ្ទៃដី​...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

លោ​កស សុខា ដឹកនាំ​ក្រុមកា...

ដោយ​: មុនី​រ័ត្ន / បន្ទាយ...

ឆេះ​រោង​ម៉ាស៊ីនកិនស្រូវ​ន...

ដោយ​: ចាន់តូ / ភ្នំពេញ​: ...