ដោយ៖ រ៉ូហ្សា
ភ្នំពេញ៖ លោក លឹម រតនៈ អនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF (International Taekwondo Federation) តំណាងលោក កែវ រ៉េមី ប្រធានសហព័ន្ធ អញ្ជើញចូលរួមពិធីបិទ ការផ្លាស់ប្ដូរបទពិសោធន៍ ជាមួយលោកគ្រូតេក្វាន់ដូ ITF មកពីប្រទេសអ៊ុយក្រែន និងក្រុមតេក្វាន់ដូ ITF ចិន រយៈពេល ២ ថ្ងៃ នារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២០ នៅអគារហ្វឹកហ្វឺនកីឡា។

លោក លឹម រតនៈ បានមានប្រសាសន៍ថា ក្នុងរយៈពេល ២ថ្ងៃ លោកសង្កេតឃើញថា ការហ្វឹកហាត់ជាមួយ លោកគ្រូទាំង ២ នាក់ មានការរីកចម្រើន ខ្ពស់ សម្រាប់កីឡាករ-កីឡាការិនី តេក្វាន់ដូ ITF កម្ពុជា ទាំងបច្ចេកទេស កលល្បិច ជាពិសេសលើវិញ្ញាសាវាយក្តារ។ សកម្មភាពទាំងនេះ បង្ហាញថា កីឡាករ -កីឡាការិនី តេក្វាន់ដូ ITF កម្ពុជា អាចចូលរួមប្រកួតប្រជែង ជាមួយកីឡាករ-កីឡាការិនី តេក្វាន់ដូ ITF ប្រទេសដទៃទៀត នៃការប្រកួតជើងឯក អាស៊ីអាគ្នេយ៍ ២០២០ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៃការប្រកួត។

លោកបានបន្តថា សម្រាប់ការប្រកួតជ្រើសរើស ជើងឯកអាស៊ីអាគ្នេយ៍ ២០២០ លោកប្រធានសហព័ន្ធ កីឡាតេក្វាន់ដូ ITF កម្ពុជា និងអនុប្រធាន សហព័ន្ធ កីឡាតេក្វាន់ដូ ITF ពិភពលោក បានសម្រេចទទួលធ្វើម្ចាស់ផ្ទះ នាខែតុលា ឆ្នាំ២០២០៕v
