ដោយ៖ រ៉ូហ្សា
ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអបរំ យុវជន និងកីឡា ផ្ញើសារលិខិត អបអរសាទរ វីរ:កីឡាការិនី ជម្រើសជាតិកម្ពុជា កែ ឡេង បន្ទាប់ពីលោកស្រី ត្រូវបានរាជរដ្ឋាភិបាល សម្រេចដំឡើង ឋានន្តរស័ក្តិ ពីឧត្តមសេនីយ៍ត្រី ទៅជាឧត្តមសេនីយ៍ទោ ចំពោះការខិតខំ ប្រឹងប្រែង ដណ្តើមបានមេដាយមាស ពិភពលោក។
ក្នុងសាររបស់រដ្ឋមន្ត្រីក្រសួងអបរំ មានអត្ថន័យថាៈ ” តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និស្សិត សិស្សានុសិស្ស កីឡាករ-កីឡាការិនី នៃក្រសួងអប់រំ យុវជន និងកីឡា និងរូបខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវសេចក្តីត្រេកអរឥតឧបមា ចំពោះលោកស្រីឧត្តមសេនីយ៍ទោ កែ ឡេង វីរកីឡាការិនី ជម្រើសជាតិកម្ពុជា នៃសហព័ន្ធកីឡាប៊ូល និង ប៉េតង់កម្ពុជា ក្នុងឱកាសដែលរាជរដ្ឋាភិបាល សម្រេចដំឡើងឋានន្តរស័ក្តិ ពីឧត្តមសេនីយ៍ត្រី ទៅជាឧត្តមសេនីយ៍ទោ ចំពោះការខិតខំប្រឹងប្រែង ដណ្តើមបានមេដាយមាស ពិភពលោក ” ។
សារនោះ មានអត្ថន័យបន្តថាៈ ” ក្រសួងអប់រំ យុវជន និងកីឡា សូមកត់សម្គាល់ថា ការលះបង់ ទាំងកម្លាំងកាយ កម្លាំងចិត្ត របស់លោកស្រី ឧត្តមសេនីយ៍ទោ តាំងពីការចាប់យកអាជីព ជាកីឡាការិនី នៅឆ្នាំ១៩៩៨ បាននាំជោគជ័យ យ៉ាងច្រើនសន្ធឹកសន្ធាប់ ជូនជាតិមាតុភូមិ ដោយបានដង្ហើមមេដាយសំរឹទ្ធិ មេដាយប្រាក់ មេដាយមាស ពីការប្រកួតកម្រិតជាតិ អន្តរជាតិ និង ពិភពលោក ដូចជា ការប្រកួតជើងឯកអាស៊ី ការប្រកួតកីឡាស៊ីហ្គេម និងការប្រកួតកីឡា ប៉េតង់ពិភពលោក ” ។
” នៅក្នុងព្រឹត្តិការណ៍ ការប្រកួត ” កីឡាប៉េតង់ ជ្រើសរើសជើងឯក ពិភពលោក យុវជន និងស្ដីលើកទី១៧ ” នៅរាជផានីភ្នំពេញ កីឡាការិនីរូបនេះ បានធ្វើឲ្យពិភពលោក មានការកោតសរសើរ ជាថ្មីម្តងទៀត នូវសមត្ថភាពដ៏អស្ចារ្យ របស់ខ្លួនយ៉ាងខ្លាំង ក្នុងការដណ្តើមបាន មេដាយមាសពិភពលោក លើកទី៤ ជូនជាតិមាតុភូមិ ” ។
” ការផ្តល់ជូន នូវការលើកទឹកចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមគ្គទេសក៍ដឹកនាំដ៏ឆ្នើម និងក្រសួងអប់រំ យុវជន និងកីឡា ជូនចំពោះលោកស្រី ឧត្តមសេនីយ៍ទោ ក៏ដូចជា ចំពោះកីឡាករ កីឡាការិនី គ្រូបង្វឹក ដទៃទៀត ជាបន្តបន្ទាប់ គឺជាសក្ខីភាព បញ្ជាក់យ៉ាងជាក់ច្បាស់ថា រាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ យ៉ាងខ្លាំង ចំពោះវិស័យកីឡា នៅកម្ពុជា ” ។
លោករដ្ឋមន្ត្រី បានបញ្ជាក់ក្នុងសារលិខិតទៀតថាៈ ” តាមរយៈការដំឡើង ឋានន្តរស័ក្តិជូនលោកស្រី ឧត្តមសេនីយ៍ទោ ខ្ញុំសង្ឃឹមជឿជាក់ថា លោកស្រី ឧត្តមសេនីយ៍ទោ នឹងខិតខំបន្តចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ជាមួយក្រសួងអប់រំ យុវជននិងកីឡា និងជាពិសេសជាមួយកីឡាករ កីឡាការិនី រួមអាជីព យកជោគជ័យថ្មីៗ បន្ថែមទៀត ជូនប្រទេសជាតិ ” ៕v