ដោយ៖ រ៉ូហ្សា
ភ្នំពេញ៖ អ្នកប្រដាល់ថៃ ហ្វា នីមីត (Fa Nimith) នឹងបង្ហាញមុខលើសង្វៀន អធិរាជកម្លាំងរ៉េដអាន របស់អាស៊ីអាគ្នេយ៍ យប់ថ្ងៃទី១៩ មករា ដើម្បីសាកកណ្ដាប់ដៃ ជាមួយអ្នកប្រដាល់កម្ពុជា សូត្រ ប៊ុនធី ក្លិបបក្សីស្លាបដែក ។
អ្នកប្រដាល់ទាំង ២រូបនេះ នឹងប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៦៣,៥០ គីឡូក្រាម។ មួយរយៈនេះ លើសង្វៀន នៅស្រុកខ្មែរ អ្នកប្រដាល់ថៃរូបនេះ តែងតែផ្ដួលគូប្រកួតរបស់ខ្លួន មុនទឹកទី៥ ជានិច្ច តែពេលនេះ សូត្រ ប៊ុនធី ប្រកាសថា គេក៏ចង់ភ្លក្សរសជាតិ ជង្គង់របស់អ្នកប្រដាល់ថៃ រូបនេះដែរ ។

ប៊ុនធី ប្រកាសថា តើជង្គង់ប៊ុនធី ខ្លាំងជាង ឬជង្គង់ ហ្វានីមីត ខ្លាំងជាង។ ការលេងសំដីដាក់គ្នា ទៅវិញទៅមកនេះ បានធ្វើឲ្យអ្នកទស្សនា ទន្ទឹងរង់ចាំយ៉ាងអន្ទះសារ នូវការមកដល់ នៃវេលាប្រកួតនោះ ។ ប៊ុនធី ដែលមានប្រវត្តិប្រកួត ចំនួន១១០ដងនោះ ឈ្នះបាន៨៤ដង ចាញ់២២ដង និងស្មើពិន្ទុ៤ដង ។ រីឯ ហ្វានីមីត វិញនោះ គេមានប្រវត្តិប្រកួត ចំនួន៧៨ដង ឈ្នះ៦៣ដង ចាញ់១៤ដង និងស្មើពិន្ទុ១ដង ។ សុទ្ធតែជាអ្នកពូកែជង្គង់ និង កែងដូចគ្នាតើនរណាប្រចែងបានជ័យជំនះនេះ ។
ខាំ ខ្លានាង ដែលបាត់មុខ ពីសង្វៀនអាស៊ីអាគ្នេយ៍ មួយរយៈហើយនោះ ក៏បង្ហាញខ្លួនឡើងវិញ ដើម្បីប្រកួតជាមួយ អ្នកប្រដាល់ថៃ ឡា ហ្វាន (La Fan)។ អ្នកប្រដាល់ទាំង ២រូបនេះ ប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៥១ គីឡូក្រាម។ ឡាហ្វាន ជាអ្នកប្រដាល់ចំណូលថ្មី ចំពោះខ្លានាង ជាអ្នកប្រដាល់វ័យក្មេង ដែលមានប្រវត្តិវ៉ៃ មិនធម្មតានោះទេ ។ គេជាអ្នកប្រដាល់ជើងខ្លាំង វ័យក្មេង ទម្ងន់ស្រាល ។
ខ្លានាង មានប្រវត្តិប្រកួត ចំនួន៩៥ដង ឈ្នះ៧៤ដង ចាញ់១៧ដង និងស្មើពិន្ទុ២ដង ។ ចំពោះ ឡា ហ្វាន វិញមិនដឹងថា គេខ្លាំង ឬខ្សោយនោះទេ តែកំណត់ត្រាប្រកួតរបស់គេ ល្អដោយក្នុងប្រវត្តិប្រកួត ចំនួន៥៥ដង ឈ្នះបាន ៤០ដង ចាញ់១៥ដង ។

លោក ថៃ អ៊ូ ដែលជាអ្នកដឹកនាំ អ្នកប្រដាល់បរទេស មកប្រកួត នៅសង្វៀនអាស៊ីអាគ្នេយ៍នោះថា ក្លិបរបស់ គេប្រាប់លោកថា ល្អ តែលោកពុំធ្លាប់បានឃើញ អ្នកប្រដាល់រូបនេះ ប្រកួតឡើយ។ ជំនួបរវាង អ្នកប្រដាល់ ទម្ងន់ស្រាលនេះ នរណាឈ្នះ ។
ការប្រកួតរវាង អ្នកប្រដាល់ រួមជាតិវិញនោះ សេក កឹមអាន ក្លិបអង្គរមានជ័យ ខេត្តសៀមរាប ប្រកួតជាមួយ ឡុង សំណាង ក្លិបពន្លឺវិបុល ក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាម ។ ភួង ពិសិដ្ឋ ក្លិបខេត្តរតនគីរី ប្រកួតជាមួយ ទូច ដេវីដ ក្លិបអារុណរះកីឡា ក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាម ។ អ៊ុំ សំណាង ក្លិបយុវវាលស្បូវ ប្រកួតជាមួយ អ្នកប្រដាល់ គង់ ឧត្តម ក្លិបកុលបុត្រគុនខ្មែរ ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៦៧ គីឡូក្រាម ៕v