ដោយៈ មេសា/ភ្នំពេញៈ ការប្រឡងពុទ្ធិកបឋមសិក្សា ឬ សាលាបាលីរង ឆ្នាំ ២០២០ ត្រូវបានចាប់ផ្តើមហើយនៅថ្ងៃទី ១៨ (និង ១៩ ) ខែ មករា នេះ ហើយព្រះភិក្ខុ សុខ សុភាព ប្រធានផ្នែកពុទ្ធិកបឋមសិក្សា និង ធម្មវិន័យ បានអះអាងថាគ្មានការបន្ធូរបន្ថយវិន័យឡើយ បើទោះជាមិនធ្លាប់មានការបំពានវិន័យបញ្ញត្តិប្រឡងគួរឱ្យកត់សម្គាល់នាឆ្នាំកន្លងមកក៏ដោយ ។
ព្រះមហាសមណៈ សុខ សុភាព លើកឡើងថា វិន័យសណ្តាប់ធ្នាប់ និង សុក្រឹតភាព នៅតែជាអាទិភាពសម្រាប់ការប្រឡងពុទ្ធិកបឋមសិក្សាឆ្នាំ ២០២០ នេះ ហើយប្រសិនបើបេក្ខសមណៈ បេក្ខជន បេក្ខនារី រូបណា បំពានលើបញ្ញត្តិណាមួយ នឹងត្រូវអនុវត្តទៅតាមប្រភេទពិរុទ្ធភាពទាំងនោះ ដោយគ្មានការលើកលែងឡើយ ហើយអាចឈានដល់ការទម្លាក់ឱ្យធ្លាក់ដោយស្វ័យប្រត្តិ និង ដកសិទ្ធិប្រឡង ១ ឆ្នាំទៀតផង ខណៈមន្ត្រីប្រឡង ក៏ត្រូវអនុវត្តបទបញ្ញត្តិទាំងនោះ ដោយខ្ជាប់ខ្ជួនដូចគ្នា ហើយប្រសិនបើធ្វើឱ្យមានពិរុទ្ធភាពណាមួយ ក៏នឹងមិននឹងត្រូវបានអនុគ្រោះដែរ ។
តាមពិតទៅ ទាំងនេះមិនចាត់ទុកថាជាការរឹតបន្តឹងឡើយ ព្រោះការអនុវត្តបទបញ្ញត្តិម៉ឺងម៉ាត់បែបនេះ ត្រូវបានកត់សម្គាល់ថាធ្វើជារៀងរាល់ឆ្នាំមក ។ ទោះយ៉ាងណា រយៈពេល ២ ឆ្នាំចុងក្រោយនេះ បទបញ្ញត្តិនានា ដោយចាប់តាំងការចុះឈ្មោះសុំប្រឡង គឺត្រូវបានផ្ទៀងផ្ទាត់ជាងបណ្តាឆ្នាំមុនៗ ហើយកិច្ចានុកិច្ចទាំងនោះ ត្រូវបានព្រះមហាសមណៈ សុខ សុភាព ហៅថា គឺជាការពង្រឹងគុណភាពអប់រំក្នុងវិស័យពុទ្ធិកបឋមភូមិ ដែលជាភូមិសិក្សាគ្រឹះ ។
ចំពោះទិដ្ឋភាពនៅក្រៅមណ្ឌលប្រឡងវិញ ត្រូវបានកត់ចំណាំរាល់ឆ្នាំថា មិនដែលធ្លាប់មានសមត្ថិក្ចត្រូវបានដាក់ពង្រាយ ហើយក៏គ្មានមនុស្សរេរានៅទីនោះដែរ ដែលទិដ្ឋភាពនេះ បានសេចក្តីថា គ្មានឡើយវប្បធម៌ នៃ ការបោះព្រីយ៉ុង ។ ចំពោះសំណៅឯកសារ និង ឧបករណ៍អេឡិចត្រូនិក ដូចជាទូរស័ព្ទដៃ និង ម៉ាស៊ីនគិតលេខជាដើម ត្រូវបានហាមឃាត់ និង ត្រួតពិនិត្យយ៉ាងច្បាស់លាស់ ទាំងបេក្ខសមណៈ និង មន្ត្រីប្រឡង ។
សូមជម្រាបថា ការប្រឡងពុទ្ធិកបឋមសិក្សា ឬ សាលាបាលីរង នាឆ្នាំ ២០២០ នេះ មានបេក្ខសមណៈ បេក្ខជន បេក្ខនារី ទូទាំងប្រទេសសរុប ៤.១៨៩ អង្គ និង នាក់ ថយចុះ ១៩២ អង្គ និង នាក់ បើធៀបទៅនឹងឆ្នាំ ២០១៩ កន្លងទៅ ហើយនោះត្រូវបានមគណៈកម្មការប្រឡង ពន្យល់ថា ដោយសារការធ្វើឱ្យមានសុក្រឹតភាពក្នុងការដាក់ពាក្យប្រឡង គឺសំដៅពង្រឹងគុណភាពអប់រំក្នុងវិស័យពុទ្ធិកសិក្សា ។
ក៏ដូចជាបណ្តាលឆ្នាំមុនៗដែរ វិញ្ញាសា នៃ ការប្រឡងពុទ្ធិកបឋមសិក្សា ឬ សាលាបាលីរង ឆ្នាំ ២០២០ នេះ មាន ៖ ភាសាបាលី តែងសេចក្តី ប្រវត្តិ-ភូមិវិទ្យាសាស្ត្រអនុវត្តន៍ ពុទ្ធវិន័យ ពុទ្ធប្បវត្តិ ពុទ្ធសាសនា គណិតវិទ្យា និង សរសេរតាមអាន ៕ Kh