អាជ្ញាធរសុខាភិបាលចិនកាលពីថ្ងៃសៅរ៍ទី១៨មករាបាននិយាយថា គេបានរកឃើញអ្នកកើតជម្ងឺរលាកសួតបង្កឡើងដោយវីរុសថ្មីចំនួន៤ករណីទៀត តែពួកអ្នកវិទ្យាសាស្ត្រសង្ស័យថា មនុស្សដល់ទៅ៤.៥០០នាក់បានឆ្លងកូរ៉ូណាវីរុសនេះនៅចិន។
មនុស្ស៤នាក់ត្រូវបានរកឃើញរោគសញ្ញារលាកសួតកាលពីថ្ងៃព្រហស្បតិ៍និងពួកគេស្ថិតក្នុងស្ថានភាពនឹងនរ នេះបើតាមគណៈកម្មាធិការសុខាភិបាលក្រុងវូហានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ។សេចក្តីថ្លែងការណ៍កាលពីថ្ងៃសៅរ៍ បង្ហាញករណីឆ្លងថ្មីដែលទទួលស្គាល់ដោយអាជ្ញាធរនៅ១ថ្ងៃបន្ទាប់ពីខ្លួនបានអះអាងការស្លាប់អ្នកជម្ងឺទី២។
ជាផ្លូវការមនុស្សជិត៥០នាក់ប៉ុណ្ណោះដែលបានឆ្លងវីរុសរលាកសួតដែលមានប្រភពចេញពីទីក្រុងវូហាន ប្រទេសចិន តែអង្គការសុខភាពពិភពលោកបានព្រមានថាអាចមានការឆ្លងរាលដាលធំឡើង។ប្រជាជនចិនរាប់លាននាក់ត្រូវធ្វើដំណើរទៅស្រុកនិងវិលមកកាន់កន្លែងធ្វើការវិញក្នុងអំឡុងពេលចូលឆ្នាំចិននៅចុងខែនេះ ជាហេតុននាំអោយមានការព្រួយបារម្ភអំពីការឆ្លងវីរុសនេះទៅកាន់ផ្នែកផ្សេងៗនៃប្រទេសចិន។
ជម្ងឺរលាកសួតបច្ចុប្បន្ន បង្កឡើងដោយវីរុសមួយក្នុងក្រុមកូរ៉ូណាវីរុស ដែលបានបង្កការផ្ទុះជម្ងឺសា(SARS)នៅចិននិងអាស៊ីកាលពីឆ្នាំ២០០២-២០០៣ ដែលបានសម្លាប់មនុស្សជិត៨០០នាក់នៅទូទាំងពិភពលោក។កូរ៉ូណាវីរុសមួយប្រភេទក៏បានបង្កជម្ងឺមឺស(MERS)នៅមជ្ឈិមបូព៌ា។
សន្តិសុខត្រួតពិនិត្យផ្សារអាហារសមុទ្រនៅក្រុងវូហាន ដែលគេសង្ស័យថាជាប្រភពនៃការផ្ទុះជម្ងឺរលាកសួតបង្កឡើងពីវីរុសថ្មី
មន្ត្រីសុខាភិបាលក្រុងវូហាន បានអះអាងថា បូករួមទាំងករណីថ្មី៤ទៀត សរុបមានមនុស្ស៤៨នាក់បានឆ្លងវីរុសនេះ តែពួកអ្នកសិក្សាស្រាវជ្រាវនៅវិទ្យាល័យ Imperial College Londonនិយាយថា ចំនួននេះអាចគ្រាន់តែជាផ្នែកតូចមួយប៉ុណ្ណោះ។
ពួកអ្នកជំនាញនិយាយថា អ្នកទេសចរមកពីចិន៣នាក់ដែលត្រូវបានធ្វើតេស្តរកឃើញវីរុស្សនេះ នៅក្រៅទីក្រុងវូហាន វាបង្ហាញថាចំនួនអ្នកកើតជម្ងឺនេះអាចខ្ពស់ជាងរបាយការណ៍។ពួកគេនិយាយថាវាអាចលើ៤ពាន់ករណី។
ថៃបានប្រកាសរកឃើញករណីអ្នកផ្ទុកវីរុសនេះទី២លើស្ត្រីម្នាក់មកពីចិន ខណៈជប៉ុនក៏រាយការណ៍ថា បុរសជប៉ុនម្នាក់ដែលទើបមកពីដើរលេងនៅចិនក៏ឆ្លងវីរុសនេះដែរ។
ប្រឈមនឹងការប្រកាសរកឃើញករណីថ្មីៗ អាម៉េរិកបាននិយាយថាខ្លួននឹងចាប់ផ្តើមពិនិត្យអ្នកដំណើរចូលមកពីចិន នៅអាកាសយានដ្ឋានចំនួន៣ នៅញូវយ៉កសាន់ ហ្វ្រានស៊ីស្កូ និងឡូស អ៊ែនជើឡេស៕ប្រែសម្រួល៖វាសនា
ថៃ វៀតណាម ហុងកុង និងជប៉ុនបង្កើនការត្រួតពិនិត្យសុខភាពអ្នកដំណើរមកពីចិន។អាម៉េរិកជាប្រទេស ចុងក្រោយគេដែលប្រកាសធ្វើការត្រួតពិនិត្យខុសភាពភ្ញៀវមកពីចិននៅអាកាសយានដ្ឋានក្នុងទីក្រុងធំចំនួន៣