ដោយ:សុខុម/ស្ទឹងត្រែង:កម្លាំងនគរបាលខេត្តស្ទឹងត្រែង បង្ក្រាបរថយន្តក្រុងវៀតណាមមួយគ្រឿង បង្កប់ដឹកជញ្ជូនឈើប្រណីតល្មើសច្បាប់និងបានឃាត់ខ្លួនមនុស្ស៧នាក់បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត។ការបង្ក្រាបនេះបានធ្វើឡើងនៅវេលាម៉ោង៨និង២០នាទីព្រឹកថ្ងៃទី១៨ខែមករាឆ្នាំ២០២០នៅលើដងផ្លូវជាតិលេខ៧៨ត្រង់គោលដៅប៉ុស្តិ៍ត្រួតពិនិត្យចរាចរផ្លូវគោកជិតផ្លូវចូលទៅទំនប់វារីអគ្គិសនីសេសាន្តក្រោម២ស្ថិតក្នុងឃុំភ្លុក ស្រុកសេសានខេត្តស្ទឹងត្រែង។
សមត្ថកិច្ចបានឱ្យដឹងថារថយន្តក្រុងនេះបានផ្ទុកឈើប្រណីតដោយដឹកចេញពីខេត្តស្ទឹងត្រែងឆ្ពោះទៅកាន់ខេត្តរតនគិរីក្នុងបំណងនាំឆ្លងដែនចូលទៅប្រទេសវៀតណាមតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវស្ថិតក្នុងស្រុកអូរយ៉ាដាវខេត្តរតនគិរី។សមត្ថកិច្ចបន្តថាដោយមានការសង្ស័យក៏បានឃាត់រថយន្តក្រុងនេះត្រួតពិនិត្យហើយបានរកឃើញមានផ្ទុកសុទ្ធតែឈើប្រណីត។នៅក្នុងពេលនោះក៏បានឃាត់ជនជាតិវៀតណាមចំនួន៧នាក់ផងដែរ។
រថយន្តក្រុងដឹកឈើល្មើសច្បាប់និងជនសង្ស័យ៧នាក់ត្រូវបានបញ្ជូនមកកាន់ការិយាល័យនគរបាលប្រឆាំងបទល្មើសនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងដើម្បីចាត់ការជាបន្តតាមច្បាប់។ក្រោយពីបង្ក្រាបរថយន្តដឹកឈើល្មើសច្បាប់នេះសមត្ថកិច្ចមិនបានទម្លាយអត្តសញ្ញាណមេឈ្មួញរស់នៅខេត្តស្ទឹងត្រែងទេ។គេសង្ស័យថាស្ត្រីវៀតណាមដែលបើកសិប្បកម្មធំៗនៅក្នុងខេត្តគឺជាអ្នកពាក់ព័ន្ធជាមួយរថយន្តក្រុងដឹកភ្ញៀវវៀតណាមបន្លំដឹកឈើជាយូរណាស់មកហើយ៕S/