ចិននិងមីយ៉ាន់ម៉ាគ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងហេដ្ឋារចនាសម្ព័ន្ធដ៏ធំមួយបន្ទាប់ពីកិច្ចជំនួបនៅថ្ងៃសៅរ៍ទី១៨ខែមករារវាងប្រធានាធិបតីចិន លោកស៊ីជីនពីងនិងលោកស្រី អ៊ុង សានស៊ូជី មេដឹកនាំមីយ៉ាន់ម៉ា ដែលបានសន្យាឈរនៅជាមួយក្រុងប៉េកាំងជារៀងរហូតទៅ។
ដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃរបស់មេដឹកនាំចិននៅរដ្ឋធានីនៃប្រទេសមីយ៉ាន់ម៉ាកើតឡើងនៅពេលដែលក្រុមអ្នកវិនិយោគលោកខាងលិច ចាប់ផ្តើមងាកចេញពីប្រទេសនេះ ដោយសារតែវិបត្តិរ៉ូហ៊ីងយ៉ា។
មានការបង្ក្រាបដោយយោធាទៅលើក្រុមជនជាតិភាគតិចអ៊ីស្លាមរ៉ូហ៊ីងយ៉ាកាលពីឆ្នាំ ២០១៧ ដែលក្រុមអ្នកស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិបានហៅថាជាអំពើប្រល័យពូជសាសន៍។ ការបង្ក្រាបដោយយោធានេះ បានបង្ខំឱ្យក្រុមជនជាតិរ៉ូហ៊ីងយ៉ាប្រមាណជា៧៤០.០០០នាក់ឆ្លងកាត់ព្រំដែនចូលប្រទេសបង់ក្លាដែស។
ក្រុងប៉េកាំងបានឈរយ៉ាងររឹងមាំជាមួយមីយ៉ាន់ម៉ា ទោះបីជាមានការថ្កោលទោសក៏ដោយ។
បន្ទាប់ពីបានទៅដល់កាលពីថ្ងៃសុក្រ លោក ស៊ី ជីនពីង បានហៅដំណើរទស្សនកិច្ចនេះថាជា “ពេលវេលាជាប្រវត្តិសាស្ត្រ” សម្រាប់ទំនាក់ទំនងរវាងប្រទេសជិតខាងទាំង២នេះ នេះបើយោងតាមកាសែតមីយ៉ាន់មា Global New Light ។
ជាការឆ្លើងតបក្នុងជំនួបនោះ លោកស្រី អ៊ុង សាន ស៊ូជី បាននិយាយថា ប្រទេសនេះនឹងឈរនៅខាងភាគីចិន។
លោកស្រីបាននិយាយនៅក្នុងអំឡុងពិធីទទួលជួបពិភាក្សាកាលពីថ្ងៃសុក្រថា ” វាជាការពិតដែលថាប្រទេសជិតខាងគ្នាមិនមានជម្រើសផ្សេងទៀត ក្រៅតែពីឈរនៅជាមួយគ្នាជារៀងរហូតទៅនោះទេ”។
ប្រទេសធំអាស៊ីមួយនេះ ឥឡូវនេះគឺជាប្រទេសអ្នកវិនិយោគធំបំផុតរបស់មីយ៉ាន់ម៉ាហើយកិច្ចព្រមព្រៀងសំខាន់ទាំងនោះគឺ រួមទាំងការកសាងកំពង់ផែទឹកជ្រៅតំបន់សេដ្ឋកិច្ចនិង ផ្លូវរភ្លើងល្បឿនលឿនតភ្ជាប់បណ្តាញឆ្លងកាត់ប្រទេសនេះ៕ប្រែសម្រួល៖សុខា/sn
លោក ស៊ី ជីនពីង បានហៅដំណើរទស្សនកិច្ចនេះថាជា “ពេលវេលាជាប្រវត្តិសាស្ត្រ” សម្រាប់ទំនាក់ទំនងរវាងប្រទេសជិតខាងទាំង២នេះ