មន្ទីរបរិស្ថានខេត្តសៀមរាប ណែនាំដល់សាធារណជនទូទៅក្នុងខេត្ត សូមកុំដុតរានព្រៃ និង ដុតសំរាម

ដោយ:គូលែន/ សៀមរាប ៖ មន្ទីរបរិស្ថានខេត្តសៀមរាប ណែនាំដល់សាធារណជនទូទៅក្នុងខេត្ត សូមកុំដុតរានព្រៃ និង ដុតសំរាមដែលមានសារជាតិប្លាស្ទិក ក្នុងខណៈពេលដែលផ្សែងអ័ព្ទកំពុងកើតមានឡើងនៅក្នុងខេត្តសៀមរាប។

នេះគឺជាការបញ្ជាក់អោយដឹងរបស់លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០នេះ ក្នុងឱកាសចុះត្រួតពិនិត្យមើលផ្សែងអ័ព្ទនៅក្នុងភូមិសាស្ត្រក្រុងសៀមរាប។

លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប បានបញ្ជាក់ថា នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២០នេះ បានសង្កេតឃើញថា មានផ្សែងអ័ព្ទ ដែលមាន កម្រិតក្រោមបន្ទាត់ពណ៌ក្រហម បានគ្រប់ដណ្ដប់នៅក្នុងភូមិសាស្រ្តក្រុងសៀមរាប ប៉ុន្តែចាប់ពីម៉ោង១១ថ្ងៃនេះមក ផ្សែងអ័ព្ទនេះបានថមថយជាបណ្ដើរៗហើយ ប៉ុន្តែលោក និង មន្ត្រីជំនាញរបស់លោក កំពុងតាមដានស្ថានភាពគុណភាពខ្យល់នេះ ជាប់ជាប្រចាំ ។

លោកបានបន្តថា ជាមួយនឹងការធ្វើទំនាក់ទំនងជាមួយក្រសួងបរិស្ថាន ផ្សែងអ័ព្ទនេះនឹងកើតមានឡើងនៅក្នុងប្រទេសកម្ពុជាយើង ខណៈពេលនេះ ផ្សែងអ័ព្ទនេះ កំពុងកើតមានឡើងនៅទិសខាងលិចក្នុងភូមិសាស្ត្រខេត្តកោះកុង ហើយបើមើលតាមរូបភាពពីផ្កាយរណបវិញ នៅក្នុងភូមិសាស្ត្រខេត្តសៀមរាបប៉ែកខាងជើង មានផ្សែងអ័ព្ទក្នុងកម្រិតក្រោមបន្ទាត់ពណ៌ក្រហម ។

លោកប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប បានបន្តទៀតថា នេះជាបញ្ហារួមរបស់យើងទាំងអស់គ្នា ដូច្នេះ ដើម្បីទប់ស្កាត់ និង កាត់បន្ថយកំណើនផ្សែងអ័ព្ទនេះ សូមសំណូមពរដល់សាធារណជនទាំងអស់ កុំដុតរានព្រៃឈើ និង កុំដុតសំរាម ជាពិសេសសំរាមដែលមានជាតិប្លាស្ទិច ព្រោះកំណើនផ្សែងអ័ព្ទនេះ នឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់យើងទាំងអស់គ្នា ហើយក្នុងរយៈពេល២ទៅ៣ថ្ងៃទៀត ខ្យល់នេះ នឹងឆ្លងផុតភូមិសាស្ត្រខេត្តសៀមរាបហើយ ដែលនៅពេលនោះ យើងនឹងលែងព្រួយបារម្ភពីការប៉ះពាល់ដល់សុខភាពហើយ ។

គួររំលឹកថា ពាក់ព័ន្ធនឹងបញ្ហាផ្សែងអ័ព្ទនេះ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ម្សិលមិញនេះ ក្រសួងបរិស្ថាន បានចេញសេចក្តីជូនដំណឹងមួយ ស្ដីពីវិធានការទប់ស្កាត់និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ដោយយោងតាមលទ្ធផលនៃការអង្កេតតាមដានគុណភាពខ្យល់ពីស្ថានីយត្រួតពិនិត្យគុណភាពខ្យល់ ដែលក្រសួងបរិស្ថានបានដំឡើងនៅតាមបណ្តារាជធានី ខេត្តទូទាំងប្រទេស បានបង្ហាញថា ស្ថានភាពភាពគុណភាពខ្យល់មានការធ្លាក់ចុះគួរឱ្យបារម្ភ ជាពិសេសកំហាប់ប៉ារ៉ាម៉ែត្រភាគល្អិតនិចល PM10 និង PM2.5 មានការកើនឡើងលើសកំណត់ស្តង់ដា ដែលជាហានិភ័យបង្កការប៉ះពាល់ចំពោះសុខភាពប្រជាពលរដ្ឋ ។

សេចក្តីជូនដំណឹង បានបង្ហាញទៀតថា ប្រភពនិងសកម្មភាពសំខាន់ៗ ដែលជាហេតុបង្កឱ្យមានកំហាប់ភាគល្អិតនិចល PM10 និង PM2.5 មានការកើនឡើងនេះមានជាអាទិ៍ ការបញ្ចេញផ្សែងពីរោងចក្រឧស្សាហកម្ម ពីយានយន្តប្រើប្រាស់ប្រេងម៉ាស៊ូតនិងពីចំហេះឥន្ធនៈ ផ្សេងទៀត ភ្លើងឆេះព្រៃ ការដុតរានព្រៃ ការដុតវាលស្មៅ ការដុតគល់ជញ្ជាំង ការដុតសំរាម ការដុតសំណល់រឹងនៅតាមទីចំហ និងទីលានចាក់សំណល់ ការដ្ឋានសំណង់ជាដើម។

ដើម្បីកែលម្អគុណភាពខ្យល់នៅតាមរាជធានី ខេត្ត ក្រសួង បរិស្ថាន សូមជម្រាបជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិនិងមន្ទីរបរិស្ថានរាជធានី ខេត្ត នូវវិធានការមួយចំនួនដូចខាងក្រោម៖

១. ត្រូវចាត់វិធានការទប់ស្កាត់ភ្លើងឆេះព្រៃ និងការដុតសំរាម សំណល់រឹងនៅតាមទីចំហ ការឆេះនៅតាមទីលានចាក់សំរាម

២. ត្រូវចាត់វិធានការទប់ស្កាត់ការហុយធូលីពីការដ្ឋានសំណង់ និងការដ្ឋានកែលម្អហេដ្ឋារចនាសម្ព័ន្ធនិងធូលីហុយនៅតាមដងផ្លូវ

៣. សម្អាតអនាម័យនៅតាមដងផ្លូវ និងទីសាធារណៈ

៤, អប់រំប្រជាពលរដ្ឋកុំឱ្យដុតសំរាម សំណល់រឹង ការដុតស្មៅគល់ជញ្ជាំង និងសំណល់កសិកម្មផ្សេងៗទៀត ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular