ក្រសួងការបរទេសបង្ហាញលទ្ធផលកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅវៀតណាម

ដោយៈ មុនី​រ័ត្ន/ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស​ និង​សហ​ប្រតិបត្តិការ អន្តរជាតិ បានដឹកនាំគណៈប្រតិភូកម្ពុជា ដើម្បីចូលរួម​កិច្ច​ប្រជុំចង្អៀត​រដ្ឋមន្រ្តីការបរទេសអាស៊ាន នៅថ្ងៃទី១៦ និង១៧ ខែមករា​ ឆ្នំា២០២០​ នៅទីក្រុងញ៉ាចាង ប្រទេសវៀតណាម។

រដ្ឋមន្រ្តីការបរទេសអាស៊ានបានគាំទ្រមូលបទ «ភាពស្អិតរមួត និងការឆ្លើយតប» របស់វៀតណាម ដែលជាប្រធានអាស៊ានឆ្នាំនេះ និងអាទិភាពចម្បងចំនួន៥​ ដើម្បីជំរុញការកសាង​សហគមន៍ អាស៊ាន។ រដ្ឋមន្ត្រីការបរទេសអាស៊ាន​បាន​កត់​សម្គាល់​​នូវឯកសារសមទ្ធិផលសំខាន់ៗ ដែលបាន ដាក់ចេញដោយវៀតណាម ក្នុងនាមជាប្រធានអាស៊ាន ដែលស្របនឹងកិច្ច​ខិតខំ​ប្រឹងប្រែងរបស់ ប្រធានអាស៊ាន​មុនៗ ដើម្បីសម្រេចគោលដៅនៃការកសាងសហគមន៍អាស៊ាន។

យោងតាមសេចក្តី​ប្រកាសព័ត៍មាន​របស់​ក្រសួង​ការបរទេស និងសហ​ប្រតិ​បត្តិការ​អន្តរ​ជាតិ កាលពី​ថ្ងៃទី១៨ ខែមមករា បានបង្ហាញថា ក្នុងឱកាសកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការ​បរទេស​អាស៊ាន បានពិភាក្សានូវ​បញ្ហា​សំខាន់ៗ​មួយ​ចំនួន បន្តពីកិច្ច​ប្រជុំ​កំពូលអាស៊ានលើកទី៣៥ និង៣៦ ដែលប្រទេសថៃធ្វើជាប្រធាន ជាពិសេស​វិធី​សាស្រ្ត ដើម្បី​ជំរុញដំណើរការកសាងសហគមន៍អាស៊ាន​។ រដ្ឋមន្ត្រីការបរទេសអាស៊ាន បាន​ផ្លាស់​ប្តូរ​ទស្សនៈ ស្តីពីទំនាក់ទំនងខាងក្រៅរបស់អាស៊ាន និង​បញ្ហា​តំបន់និងអន្តរ​ជាតិ​នានា ដែលជា​ប្រយោ​ជន៍ និងកង្វល់រួម​របស់អាស៊ាន។

ចំពោះការកសាងសហគមន៍អាស៊ាន រដ្ឋមន្ត្រីការបរទេសអាស៊ាន បាន​ពិភាក្សា​ប្រកប​ដោយ​ផ្លែផ្កា ស្តីពីវិធីសាស្ត្រដើម្បីធ្វើឲ្យបានសម្រេចពេញលេញ នូវចក្ខុវិស័យ​សហគមន៍អាស៊ាន​ឆ្នាំ​២០២៥។ រដ្ឋមន្ត្រីការបរទេសអាស៊ាន រំពឹងនូវលទ្ធផល​នៃការ​ពិនិត្យ​ឡើង​វិញពាក់កណ្តា​ល​អាណត្តិ​នៃចក្ខុវិស័យ​ សហគមន៍អាស៊ានឆ្នាំ២០២៥ និង​ផែន​ទីលម្អិតនៃសហគមន៍ទាំងបី នៅក្នុង​ឆ្នាំ​២០២០។ រដ្ឋមន្ត្រី​ការបរទេសអាស៊ាន ក៏បានប្រកាន់យកនូវវិធីសាស្ត្រសម្លឹងមើលទៅមុខ ដោយបាន​​ផ្តួចផ្តើមការ​ពិភាក្សា​លើ​ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ ហើយនិងវិស័យ​ដែលមានសារៈ​សំខាន់​​សម្រាប់សមាហរណកម្មអាស៊ាន រួមទាំងការលើកម្ពស់ពាណិជ្ជកម្ម និងការ​វិនិ​យោគក្នុងតំបន់  ការអភិវឌ្ឍប្រកបដោយចីរភាព ការតភ្ជាប់អាស៊ាន សេដ្ឋកិច្ចឌីជីថល និង​​ការ​អភិវឌ្ឍវិស័យ បចេ្ចកវិទ្យាយ៉ាងឆាប់រហ័សក្នុងបរិបទនៃបដិវត្តន៍ឧស្សាហ​កម្មទីបួន ទីក្រុងវៃឆ្លាត សន្តិ​​សុខប្រព័ន្ធ អ៊ិនធឺណិត ការលើកកំពស់ស្ត្រី និងសមភាព​យេនឌ័រ ការប្រែប្រួលអាកាសធាតុ  ផ្សែងអ័ព្ទឆ្លងដែន និងបញ្ហា​សន្តិសុខ​មិនមែន​ប្រពីណីដទៃទៀត។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានឆ្លៀតឱកាសជម្រាប​ជូនកិច្ចប្រជុំ​ចង្អៀត អំពីអាទិភាពកម្ពុជានៅក្នុងអាស៊ានសម្រាប់ឆ្នាំ២០២០​។ ពាក់ព័ន្ធនឹងសសរ​ស្តម្ភន​យោបាយ​សន្តិ​សុខ​​អាស៊ាន  លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ក្នុងនាម​ជាប្រទេសដែល​ផ្តួចផ្តើម​និងធ្វើ​ជា​ម្ចាស់​ផ្ទះនៃមជ្ឈមណ្ឌលតំបន់អាស៊ាន​សម្រាប់សកម្ម​ភាពមីន កម្ពុជាជានិច្ចជាកាល បេ្តជ្ញាចិត្ត​ជួយ​មជ្ឈមណ្ឌល ឱ្យដំណើរការបាន​ពេញ​លេញនិងមានប្រសិទ្ធភាព ក្នុងការបង្កើន​ការ​យល់ដឹង​ពី​ផល​ប៉ះពាល់ នៃសំណល់​យុទ្ធភណ្ឌពីសង្គ្រាម និងបានលើកទឹកចិត្ត ដោយមជ្ឈ​មណ្ឌល​មាន​វឌ្ឍ​ភាព​ជា​វិជ្ជ​មាន ក្នុងការកសាងសមត្ថភាពស្ថាប័ន និងពង្រីកដំណើរការនៅឆ្នាំ២០១៩។

ប្រមមុខការទូតកម្ពុជាបានសង្កត់ធ្ងន់ថា ការផ្សារភ្ជាប់ទំនាក់ទំនងរវាងអាស៊ាន​ជាមួយ​ប្រទេសដៃគូសន្ទនាអាស៊ាន គឺជា​មូលដ្ឋាន​គ្រឹះនៃការកសាងសហគមន៍អាស៊ាន និងមជ្ឈ​ភាពរបស់​អាស៊ាន។ ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនកិច្ច​ប្រជុំស្តី​​ពី​ការត្រៀ​ម​រៀបចំ​កិច្ច​ប្រជុំ​កំពូលថ្នាក់ដឹកនាំអាស៊ាន-នូវែលសេឡង់ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ នៅដាណាង ប្រទេស​វៀតណាម។

​រដ្ឋមន្ត្រីកា​របរទេស​អាស៊ាន បានពិភាក្សា ពីសំណើរបស់សហរដ្ឋអាមេរិក ដើម្បី​រៀបចំ​កិច្ច​ប្រជុំកំ​ពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ​២០២០ នៅឡាសវេហ្គាស សហរដ្ឋអាមេរិក។

ឆ្នាំ២០២០ ជាឆ្នាំដែលមានសារៈសំខាន់សម្រាប់កិច្ចសហប្រតិបត្តិការ​រវាង​អាស៊ាន និងអង្គការ សហប្រជាជាតិ ហើយក៏ជាខួប៧៥ឆ្នាំ​នៃការបង្កើត​អង្គការ​សហ​ប្រជា​​ជាតិ។ ក្នុងន័យ​នេះ រដ្ឋមន្ត្រី ការបរទេសអាស៊ាន បានគាំទ្រនូវសំណើរ​របស់​វៀតណាម ដែលជាប្រធានអាស៊ាន​ឆ្នាំ២០២០ និងជាប្រធានក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិសម្រាប់ខែមករា ឆ្នាំ២០២០  ក្នុងការរៀប ចំឱ្យអាស៊ានបាន​ជម្រាប​​ជូនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ពីប្រធានបទ “កិច្ចសហ- ប្រតិ​បត្តិ​ការ​​រវាង​អង្គការសហប្រជាជាតិ និងអង្គការតំបន់ និងអនុតំបន់ ក្នុងការថែ​រក្សា​សន្តិភាព និងសន្តិសុខអន្តរជាតិ​៖​ តួនាទីរបស់អាស៊ាន”​ នៅក្នុងខែមករា ឆ្នាំ២០២០ នេះ នៅទីក្រុងញូវយ៉ក។

រដ្ឋមន្ត្រីការបរទេសអាស៊ានក៏បានផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាក្នុងតំបន់ និងអន្តរ​ជាតិ​ដែលលេចធ្លោ មួយចំនួន​ ដោយសង្កត់​ធ្ងន់ទៅលើបញ្ហាដូចខាងក្រោម៖​រដ្ឋមន្ត្រីការ​បរទេសអាស៊ានបានកត់សំគាល់វឌ្ឍនភាព នៃកិច្ចសន្ទនា​ក្នុងន័យស្ថាបនារវាង មីយ៉ាន់​ម៉ានិងបង់ក្លាដែស ចំពោះដំណើរការ​នៃការធ្វើ​មាតុភូមិនិវត្ត​ន៍របស់ជនបាត់បង់ ទីលំនៅ​នៅរដ្ឋរ៉ាខាញ។រដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏បានវាយតម្លៃខ្ពស់ដល់កិច្ចខិតខំ ប្រឹងប្រែង​របស់អគ្គលេខាធិការអាស៊ាន ក្នុងការដឹកនាំការអនុវត្តអនុសាសន៍នៃការវាយតម្លៃ សេចក្តីត្រូវការបឋម ហើយបានទន្ទឹងរង់ចាំមើលការអនុវត្តនូវការវាយតម្លៃ​ពីតម្រូវការ​គ្រប់ជ្រុងជ្រោយ។ រដ្ឋមន្ត្រីការបរទេសអាស៊ាន បានបង្ហាញពីការត្រៀមរួចរាល់​របស់​អាស៊ាន ក្នុងការជួយគាំទ្រដល់ដំណើរការ​នៃការធ្វើ​មាតុភូមិនិវត្ត​ន៍ ឱ្យបានឆាប់រហ័ស មានសុវត្ថិភាព និងមានសណ្តាប់ធ្នាប់។

ចំពោះបញ្ហាសមុទ្រចិនខាងត្បូង រដ្ឋមន្ត្រីការបរទេសអាស៊ាន បានគូសបញ្ជាក់​អំពីវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការ ​និងកិច្ច​ពិគ្រោះយោបល់រវាងអាស៊ាន និងចិន ជាពិសេសការបញ្ចប់ ការពិភាក្សាជុំទី១ និងការ​ចាប់ផ្តើម​​ពិភាក្សាជុំទី២ នៃសេចក្តី​ព្រាងអត្ថ​បទចរចាតែមួយ នៃ​ក្រមប្រតិបត្តិនៃសមុទ្រចិនខាងត្បូង។ រដ្ឋមន្ត្រីការ​បរទេស​អាស៊ាន បានគូសបញ្ជាក់ពី សារៈសំខាន់​នៃការអនុវត្តសេចក្តីថ្លែងការណ៍ ស្តីពីការ​ប្រតិ​បត្តិ​​របស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង (DOC) ឱ្យបាន​ទាំងស្រុង ពេញលេញ និងមានប្រសិទ្ធភាព ។

ដ្ឋមន្រ្តីការបរទេសអាស៊ានរំពឹងទុកពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី​ភា​​ពជាដៃគូ សេដ្ឋកិច្ចតំបន់គ្រប់ជ្រុងជ្រោយ (RCEP) នៅឆ្នាំនេះ ដែលនឹងរួ​មចំណែក​បន្ថែមទៀត ដល់ កំណើនសេដ្ឋកិច្ច និងវិបុលភាពក្នុងតំបន់ ។

ក្រៅពីកិច្ចប្រជុំចង្អៀត លោកឧបនាយករដ្ឋមន្ត្រី មានជំនួបទ្វេភាគីជាមួយ លោក​ដោន ប្រាំម៉ូដវីណៃ រដ្ឋមន្រ្តីក្រសួងការបរទេសថៃ ដើម្បីពិភាក្សា​ពីទំនាក់​ទំនង​ទ្វេ​ភាគី​រវាងកម្ពុជានិងថៃ និងបានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែល​ជាកង្វល់រួម៕/B

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងកិច្ចប្រជុំចង្អៀត​រដ្ឋមន្រ្តីការបរទេស​អាស៊ាន​នៅវៀតណាម (រូបថតៈក្រសួងការបរទេស)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular