ដោយៈសុផល/កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ និងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្ម នៃសាធារណរដ្ឋប្រជាមានិតចិនកាលពីរសៀលថ្ងៃទី១៧មករាឆ្នាំ២០២០បានចុះអនុស្សរណៈស្តីពីគម្រោងដាំដុះកប្បាស ១០ម៉ឺនហិកតា ក្នុងខេត្តកំពង់ស្ពឺ។
លោកវ៉ីសំណាងអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺបានឱ្យដឹងថា៖ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានធ្វើឱ្យមានសន្តិភាពនិងជំនឿជឿទុកចិត្តពីសំណាក់អ្នកវិនិយោគទុនក្រៅប្រទេស។ជាក់ស្ដែងក្នុងខេត្តកំពង់ស្ពឺរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទទួលបានការវិនិយោគ ២៦១រោងចក្រ ដំណាំស្វាយកែវល្មៀត៤.៥០០ហិកតានិងដំណាំអំពៅជាង ៤ម៉ឺនហិកតាផងដែរ ។
លោកបានបន្តថា៖ចំពោះវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មនៃប្រទេសចិនបានចាប់អារម្មណ៍ទៅលើការដាំដុះដំណាំកប្បាសនៅខេត្តកំពង់ស្ពឺនេះគឺពិតជាធ្វើឱ្យប្រជាពលរដ្ឋទូទាំងខេត្តរីករាយស្វាគមន៍និងរំពឹងថាដំណាំកប្បាសនេះនិងជួយប្រជាពលរដ្ឋកាត់បន្ថយភាពក្រីក្រអាចផ្ដល់ការងារជាច្រើដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ស្ពឺនេះ។ជាពិសេសដើម្បីកាន់តែរឹតចំណងមិត្តភាពកិច្ចសហប្រតិបត្តិការជាមួយគ្នាទៅវិញទៅមករវាងខេត្តកំពង់ស្ពឺនិងវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្ម នៃសាធារណៈរដ្ឋប្រជាមានិតចិន។
លោក Li Zheng ប្រធានវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មនៃសាធារណរដ្ឋប្រជាមានិតចិន បានមានប្រសាសន៍ថា៖ដោយសារមើលឃើញថាខេត្តកំពង់ស្ពឺមានអាកាសធាតុល្អដីមានជីជាតិនិងសក្តានុពល សក្តិសមនឹងដំណាំកប្បាសចំណែកប្រជាជននៅខេត្តកំពង់ស្ពឺ ក៏ឧស្សាហ៍ព្យាយាម។ដូច្នេះ វិទ្យាស្ថានមានគោលបំណងវិនិយោគដាំកប្បាសចំនួន១០ម៉ឺនហិកតានៅខេត្តកំពង់ស្ពឺជាលើកដំបូងសិន ។ លោកបន្តថាប្រសិន ១០ម៉ឺនហិកតានេះ ទទួលបានជោគជ័យ វិទ្យាស្ថាន និងក្រុមហ៊ុនវិនិយោគ នឹងបន្តដាំដុះនៅខេត្តផ្សេងៗទៀត ។
លោក តឹក ង៉ូយ សហគ្រិនខ្មែរ-អាមេរិក ដែលគេស្គាល់ថាជាស្ដេចនំដូណាត់ បានដឹកនាំគណៈប្រតិភូ នៃវិទ្យាស្ថានស្រាវជ្រាវអភិឌ្ឍន៍កសិកម្មនិងក្រុមហ៊ុនវិនិយោគដាំកប្បាសរបស់ប្រទេសចិនមកវិនិយោគនៅកម្ពុជា។លោកបានមានប្រសាសន៍ឱ្យដឹងថា៖លោកបានទៅទស្សនកិច្ចដំណាំកប្បាសនៅប្រទេសចិនដោយប្រជាជនចិននៅខេត្តស៊ីជាំងដាំកប្បាស១ហិកតាទទួលបានផល៧តោន។
ដែលមានចំនួនច្រើនបើប្រៀបធៀបទៅដំណាំស្រូវនិងមានតម្លៃខ្ពស់មានភាពងាយស្រួលដាំដែលអាចរកចំណូលបានខ្ពស់សម្រាប់ប្រជាកសិករ។នេះជាជោគជ័យមួយទៀតសម្រាប់កម្ពុជាដែលជាប្រទេសមានសន្តិភាពក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គសេនាបតីតេជោដែលធ្វើឱ្យអ្នកវិនិយោគកសិកម្មកប្បាសនៃប្រទេសចិនមើលឃើញកម្ពុជាមុនគេក្នុងចំណោមបណ្ដាប្រទេសអាស៊ាន ។
លោក តឹក ង៉ូយ បានបន្ថែមទៀតថា បន្ទាប់ពីការចុះអនុស្សរណៈយោគយល់ រវាងខេត្តកំពង់ស្ពឺ និងវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មនៃប្រទេសចិនទៅលើកិច្ចសហប្រតិបត្តិការលើកសិកម្មដំណាំក្បាសនេះ មិនយូរទេភាគីចិនមកធ្វើការបណ្ដុះបណ្ដាល ការងារបច្ចេកទេសផ្ដល់ពូជល្អលេខ១ ជី និងការថែទាំដល់ប្រជាកសិករខ្មែរហើយនៅពេលប្រមូលផលគឺលក់ឱ្យក្រុមហ៊ុនតែម្ដងដោយក្រុមហ៊ុនធានាទីផ្សារជូនកសិករ៕S/
ចំណងជើងរូបថតៈ ខេត្តកំពង់ស្ពឺនិងវិទ្យាស្ថានស្រាវជ្រាវ អភិវឌ្ឍន៍កសិកម្ម ចិន សហការដាំកប្បាស ១០ម៉ឺនហិកតា