ដោយ:គង់ហេង/កំពង់ចាម៖អាជ្ញាធរខេត្តកំពង់ចាមគ្រោងនឹងកែប្រែតំបន់ផ្លូវឈ្មោះ«អារក្សត្នោត» ក្នុងទឹកដីឃុំត្រពាំងគរ ស្រុកជើងព្រៃជាតំបន់សេដ្ឋកិច្ចឧស្សាហកម្មនិងជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ នាពេលអនាគត។ ដោយសារតំបន់នេះមានបណ្តាញផ្លូវជាភូមិសាស្ត្រម្ខាងជាប់ផ្លូវជាតិលេខ៦ ភ្នំពេញ-ខេត្តសៀមរាបនិងម្ខាងទៀតជាប់បណ្តាញផ្លូវឆ្ពោះទៅកាន់តំបន់រមណីយដ្ឋានទឹកឆាស្រុកព្រៃឈរ។

នេះជាការលើកឡើងរបស់លោកអ៊ុនចាន់ដាអភិបាលខេត្តកំពង់ចាមនៅក្នុងការសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រាលក្រួសក្រហមឈ្មោះ« អារក្សត្នោត»ប្រវែង ៦.០០០ ម៉ែត្ររវាងភូមិអារក្ស និងភូមិត្នោតបាក់ ឃុំត្រពាំងគរស្រុកជើងព្រៃ។ដោយមានការអញ្ជើញចូលរួមពីលោកបណ្ឌិតហ៊ុនម៉ាណែតតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងលោកវេងសាខុនរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។

លោកអភិបាលខេត្តបានមានប្រសាសន៍ថាបងប្អូនប្រជាពលរដ្ឋច្រើនភូមិជុំវិញតំបន់នេះទទួលបានអត្ថប្រយោជន៍ដោយផ្ទាល់មុនគេគឺការធ្វើដំណើរលើកផ្លូវប្រវែងប្រាំមួយគីឡូម៉ែត្រនេះ។អ្នកទទួលបានអត្ថប្រយោជន៍ដូចគ្នាបន្ទាប់មក គឺប្រជាពលរដ្ឋមួយផ្នែករបស់ស្រុកព្រៃឈរ។
លោកអ៊ុនចាន់ដាបានមានប្រសាសន៍ទៀតថាក្រៅពីអត្ថប្រយោជន៍នៃការធ្វើដំណើរគឺផ្លូវនេះបង្កលក្ខណ:ក្នុងការទទួលសេវាច្រើនណាស់ព្រមទាំងបានបង្ខិតនូវសេវាសាធារណ:ដល់បងប្អូនប្រជាពលរដ្ឋ។ ពិសេសផ្តល់ឲ្យបងប្អូនជាកម្មករធ្វើការនៅរោងចក្រតំបន់ស្គន់ស្រុកជើងព្រៃ ធ្លាប់ជួលផ្ទះគេស្នាក់នៅ គឺឥឡូវយើងចេញពីផ្ទះទៅធ្វើការពេលព្រឹកបានវិលមកផ្ទះយើងវិញនៅពេលល្ងាចបានសម្រាកជួបជុំក្រុមគ្រួសារហើយ។

លោកបានបន្ថែមថាការធ្វើដំណើររបស់សិស្សទៅសាលារៀនជិតបង្កើយការធ្វើដំណើរទៅកាន់មណ្ឌលសុខភាពឬមន្ទីរពេទ្យក៏ឆាប់រហ័សមិនលំបាកនិងបានភាពកាន់តែងាយស្រួលក្នុងការទំនាក់ទំនងជាមួយអាជ្ញាធរគឺធ្វើឲ្យជីវភាពសេដ្ឋកិច្ចគ្រួសារប្រជាពលរដ្ឋកាន់ធូរធារប្រសើរឡើង។ដោយផ្លូវមួយខ្សែនេះអាចនឹងវត្តន៍ជាផ្លូវក្រាលកៅស៊ូ ឬបេតុង ហើយដីនៅជុំវិញតំបន់នេះមានហាងឆេងខ្ពស់។

លោកបានបន្តថាយើងនឹងពិភាក្សាពិគ្រោះដើម្បីអភិវឌ្ឍន៍និងកែប្រែតំបន់នេះជាតំបន់ផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ហើយ គឺនឹងផ្តល់ដោយប្រយោល គឺនឹងប្រែក្លាយជាតំបន់សេដ្ឋកិច្ចឧស្សាហកម្ម និងជាតំបន់ទាក់ទាញភ្ញៀវទេសចរ។ ដោយផ្លូវ «អារក្សត្នោត»នេះតភ្ជាប់ផ្លូវជាតិលេខ៦ រវាងភ្នំពេញ និងខេត្តសៀមរាប និងម្ខាងទៀតតភ្ជាប់បណ្តាញផ្លូវតំបន់រមណីយដ្ឋានទឹកឆា ស្រុកព្រៃឈរ៕S/


