ប្រធានាធិបតីចិនលោកស៊ី ជីនពីង បានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋចំនួន២ថ្ងៃនៅមីយ៉ាន់ម៉ាកាលពីថ្ងៃសៅរ៍ទី១៨មករា បន្ទាប់ពីបានចូលរួមចុះហត្ថលេខានិងធ្វើជាអធិបតីនៃការចុះកិច្ចព្រមព្រៀងមួយជួរ ចាប់ពីការជំរុញទំនាក់ទំនងទ្វេភាគី ដល់ការពន្លឿនមហិច្ឆតារបស់ចិនស្តីពីគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ»។
ភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់គ្នា(MOU) លិខិតនិងពិធីសារ គ្របដណ្តប់លើគំរោង៣៣នៅក្នុងវិស័យព័ត៌មាន ឧស្សាហកម្ម កសិកម្ម សន្តិសុខ និងការតាំងទីលំនៅរបស់ជនផ្លាស់ទីជម្រកក្នុងស្រុកនៅក្នុងរដ្ឋកាជីនរបស់មីយ៉ាន់ម៉ា ដែលជាប់ព្រំដែនចិន។
កិច្ចព្រមព្រៀងទាំងនេះត្រូវបានចុះហត្ថលេខាបន្ទាប់ពីមានជំនួបរវាងលោកស៊ី និងមេដឹកនាំមីយ៉ាន់ម៉ាលោកស្រី អ៊ុង សានស៊ូជី ។
កិច្ចព្រមព្រៀងសំខាន់បំផុតទំនងជា សម្បទាននិងកិច្ចព្រមព្រៀងចែកភាគហ៊ុនសំរាប់តំបន់សេដ្ឋកិច្ចពិសេស ក្យាយគ្យូ នៅឆកសមុទ្របឹងហ្កាល់។ជាមួយនឹងកំពង់ផែទឹកជ្រៅមួយ វាជាចុងផ្លូវនៃរបៀងសេដ្ឋកិច្ចចិន-មីយ៉ា់ន់ម៉ា ចម្ងាយ១.៧០០គីឡូម៉ែត្រ ។វាជាផ្លូវតភ្ជាប់សំខាន់មួយនៅក្នុងគំនិតខ្សែក្រវាត់និងផ្លូវ ដែលចុងម្ខាងទៀតនៅក្នុងខេត្តយុនណានរបស់ចិន។
កិច្ចព្រមព្រៀងផ្សេងទៀតពាក់ព័ន្ធនឹងផែនការរបៀងសេដ្ឋកិច្ចនេះរួមមានបំពង់បង្ហូរប្រេងនិងហ្គាសហើយនឹងគំរោងផ្លូវថ្នល់និងផ្លូវដែកពីចិនឆ្លងកាត់ផ្នែកផ្សេងៗរបស់មីយ៉ាន់ម៉ាទៅកាន់ តំបន់សេដ្ឋកិច្ចពិសេស ក្យាយគ្យូ៕ប្រែសម្រួល៖វាសនា
ទីប្រឹក្សារដ្ឋ អ៊ុង សានស៊ូជី ស្វាគមន៍ប្រធានាធិបតីចិន នៅវិមានប្រធានាធិបតី ក្នុងទីក្រុង ណៃពីដោរ កាលពីថ្ងៃ១៨មករា