ទីភ្នាក់ងារសារព័ត៌មានTasnim របស់អ៊ីរ៉ង់បានរាយការណ៍ថា ប្រអប់ខ្មៅរបស់យន្តហោះអ៊ុយក្រែនដែល យោធាអ៊ីរ៉ង់បានបាញ់ទម្លាក់ដោយចៃដន្យនៅខែនេះនោះ នឹងត្រូវប្រគល់ទៅអោយអ៊ុយក្រែន។
ប្រអប់ខ្មៅត្រូវអាជ្ញាធរអ៊ីរ៉ង់រកឃើញភ្លាមក្រោយការធ្លាក់យន្តហោះកាលពីថ្ងៃ០៨មករា
អាជ្ញាធរអ៊ីរ៉ង់ក៏កំពុងត្រៀមអ្នកជំនាញមកពីបារាំង កាណាដា និងសហរដ្ឋអាម៉េរិក សំរាប់ធ្វើការត្រួតពិនិត្យទិន្នន័យចេញពីប្រអប់ថតទិន្នន័យហោះហើរនេះផងដែរ។
សូមរំលឹកថាមនុស្សទាំង១៧៦នាក់នៅក្នុងយន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍អ៊ុយក្រែនដែលត្រូវបានបាញ់ទម្លាក់កាលពីថ្ងៃ០៨មករាបានស្លាប់ទាំងអស់ក្រោយពីវាចេញពីទីក្រុងតេអេរ៉ង់ឆ្ពោះទៅកាន់ទីក្រុងកៀវ ប្រទេសអ៊ុយក្រែន។ដោយសារជនរងគ្រោះ៥៧នាក់ជាជនជាតិកាណាដា នាយករដ្ឋមន្ត្រីកាណាដា ទាមទារអោយធ្វើការស៊ើបអង្កេតពេញលេញនិងសុំអោយអ៊ីរ៉ង់ប្រគល់ប្រអប់ខ្មៅទៅបារាំងដើម្បីវិភាគ។
តែនាយកស៊ើបអង្កេតគ្រោះថ្នាក់នៅអង្គការអាកាសចរណ៍ស៊ីវិលអ៊ីរ៉ង់ ត្រូវបានទីភ្នាក់ងារសារព័ត៌មានTasnimស្រង់សម្តីដែលបាននិយាយថា «ដោយប្រើជំនាញមកពីប្រទេសបារាំង កាណាដា និងអាម៉េរិក យើងនឹងព្យាយាមអានទិន្នន័យការហោះហើររបស់យន្តហោះដែលធ្លាក់នៅទីក្រុងកៀវ។បើមិនបានសំរេច ប្រអប់ខ្មៅនេះនឹងត្រូវបញ្ជូនទៅបារាំង។តែច្បាស់ណាស់ ប្រអប់ខ្មៅនេះនឹងមិនត្រូវបើកពិនិត្យនៅអ៊ីរ៉ង់ទេ»។
សូមបញ្ជាក់ថា អ៊ីរ៉ង់ កាន់តែប្រឈមវិបត្តិជ្រៅឡើងទាំងនៅបរទេសនិងក្នុងស្រុកដោយសារតែឧបទ្ទវហេតុធ្លាក់យន្តហោះនេះក្រោយពីអាជ្ញាធរពន្យារពេលជាច្រើនថ្ងៃទើបប្រកាសថាវាត្រូវយោធារបស់ខ្លួនបាញ់ធ្លាក់ដោយច្រឡំចំពេលយោធាអ៊ីរ៉ង់ស្ថិតក្នុងភាពប្រុងជើងការខ្ពស់បំផុតក្រោយពីខ្លួនបានបាញ់កាំជ្រួចលើកងកម្លាំងអាម៉េរិកនៅអ៊ីរ៉ាក់ជាការសងសឹកការដែលឧត្តមសេនីយ៍អ៊ីរ៉ង់កំពូលម្នាក់ត្រូវដ្រូនអាម៉េរិកសម្លាប់៕ប្រែសម្រួល៖វាសនា