
ដោយៈមុនីរ័ត្ន,ប.ជ័យ/បន្ទាយមានជ័យ:សំណុំរឿងធ្វើទារុណកម្មត្រូវបានបំបែក។នៅទីបំផុតមេបញ្ជាការរងប៉េអឹមខេត្តបន្ទាយមានជ័យ និងកូនចៅម្នាក់ ត្រូវបានចាប់ខ្លួនបញ្ជូនទៅតុលាការ ក្នុងករណីធ្វើទារុណកម្មប្រជាពលរដ្ឋតវ៉ារឿងជម្លោះដីធ្លីរហូតដល់ស្លាប់ ។
មន្ត្រីប៉េអឹមដែលចាប់ខ្លួនមានទី១. លោក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និង២.លោកឆយ រជ្ជនា ជំនួយការការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តបន្ទាយ ។
ការចាប់ខ្លនមន្ត្រីប៉េអឹមទាំងពីរនាក់នេះ គឺបន្ទាប់ពីសម្តេចតេជោហ៊ុនសែន បានបញ្ជាឲ្យលោកនាយឧត្តមសេនីយ៍ សៅ សុខា មេប៉េអឹមលើផ្ទៃប្រទេសស្រាវជ្រាវបន្ទាន់ដើម្បីចាប់ជនដៃដល់មកផ្តន្ទាទោស ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យប៉េអឹមលើផ្ទៃប្រទេសនៅថ្ងៃទី១៩ ខែមករា នេះបានឲ្យដឹងថា បន្ទាប់ពីទទួលបាននូវព័ត៌មានភាពមិនប្រក្រតីនៃការអនុវត្តន៍តួនាទី ភារកិច្ចបណ្តាលឱ្យស្លាប់ជនសង្ស័យដោយកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា
កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបង្កើតគណៈកម្មការចំពោះកិច្ច ដើម្បីធ្វើការស្រាវជ្រាវ ផ្ទៀងផ្ទាត់ ជាលទ្ធផលបានរកឃើញការពិតដូចខាងក្រោមៈ
១.នាយទាហាននៃកងរាជអាវុធហត្ថចំនួនពីរនាក់ បានប្រើអំពើហិង្សាដោយវាយជនសង្ស័យពិតប្រាកដមែន។ -វរសេនីយ៍ឯក ស ប៊ុនសៀង មុខងារមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងររនុសេនីយ៍ទោ ឆយ រជ្ជនា មុខងារជំនួយការការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។
២.ការធ្វេសប្រហែសក្នុងការអនុវត្តន៍តួនាទីភារកិច្ចដោយឃាត់ខ្លួនជនសង្ស័យនៅជាមួយក្រុមក្មេងដែលកំពុងអប់រំបន្សាបគ្រឿងញៀន និងបណ្តោយឱ្យក្មេងទាំងនោះវាយធ្វើបាបជនសង្ស័យ។ ក្រោយពីការបញ្ជូនខ្លួនទៅកាន់ពន្ធនាគារតាមដីកាឃុំខ្លួនបណ្តោះអាសន្នរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបន្ទាយមានជ័យ ជនត្រូវចោទឈ្មោះ ទុយ ស្រស់ បានស្លាប់។
៣.ជាវិធានការនៅថ្ងៃទី១៨ខែមករាឆ្នាំ២០២០ មន្ត្រីនគរបាលយុត្តិធម៌នៃគណៈកម្មការចំពោះកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានកសាងសំណុំរឿងនាយទាហាននៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចំនួនពីនាក់ បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការចោទប្រកាន់តាមច្បាប់។
ទាក់ទងករណីនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យនាយឧត្តមសេនីយ៍ សៅ សុខា មេប៉េអឹមលើផ្ទៃប្រទេស និងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ស្រាវជ្រាវករណីប្រជាពលរដ្ឋតវ៉ារឿងជម្លោះដីធ្លីនៅខេត្តបន្ទាយមានជ័យ ត្រូវបានគេធ្វើទារុណកម្មរហូតដល់ស្លាប់។ ដោយសម្តេចបានបញ្ជាឲ្យចាប់អ្នកដែលប្រព្រឹត្តធ្វើទារុណកម្មលើប្រជាពលរដ្ឋដល់ស្លាប់ យកមកផ្តន្ទាទោស។
ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងជំនួបលើកទី៤ ជាមួយអ្នកសារព័ត៍មាននារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នៅកោះពេជ្រ។
តំណាងអ្នកមានជម្លោះដីធ្លីបីនាក់ដែលនៅមានជីវិតក្រោយពេលតំណាងម្នាក់ទៀតដែលជាប់ឃុំជាមួយគ្នាបានស្លាប់កាលពីដើមខែនេះ បានដាក់ពាក្យប្តឹងកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ថាបានវាយធ្វើទារុណកម្មលើក្រុមលោក ដើម្បីបង្ខំយកចម្លើយសារភាព។
កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ ប្រជាពលរដ្ឋប្រមាណ២០០នាក់ តំណាងឱ្យ៦០០គ្រួសារ មកពីឃុំចង្ហារ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ តវ៉ានៅមុខសាលាខេត្តក្នុងជម្លោះដីធ្លី បន្ទាប់សមត្ថកិច្ចចាប់តំណាងរបស់ពួកគាត់ប្រាំនាក់ឃុំខ្លួន។ លុះរហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២០ តំណាងម្នាក់ក្នុងចំណោមនោះ ឈ្មោះ ទុយ ស្រស់ បានស្លាប់ ដោយខេត្តបញ្ជាក់ថា ដោយសារតែបញ្ហាញៀនស្រា ប៉ុន្តែអ្នកជាប់ឃុំជាមួយចោទថា ដោយសារការធ្វើទារុណកម្ម។
ទោះយ៉ាងណា ជុំវិញករណីស្លាប់លោក ទុយ ស្រស់នេះ អ្នកជាប់ឃុំជាមួយអះអាងថា បានឃើញផ្ទាល់ភ្នែកករណីវាយធ្វើទារុណកម្មពីកម្លាំងសមត្ថកិច្ច។
លោក នូវ នឿន តំណាងម្នាក់ក្នុងចំណោមមនុស្សបីនាក់ ដែលបានដាក់ពាក្យបណ្ដឹងនៅថ្ងៃទី១២ ខែមករា បានប្រាប់វីអូឌីតាមទូរស័ព្ទថា ការស្វែងរកកិច្ចអន្តរាគមន៍តាមរយៈមេធាវី អង្គការមិនមែនរដ្ឋាភិបាលនៅពេលនេះ គឺដើម្បីទាមទាររកយុត្តិធម៌សម្រាប់ខ្លួនលោកផ្ទាល់ និងមនុស្សផ្សេងទៀត។ បើតាមលោក នឿន ក្នុងអំឡុងពេលចាប់ និងឃុំខ្លួននោះ គឺកងកម្លាំងកងរាជអាវុធហត្ថខេត្ត បានវាយធ្វើបាបពួកគាត់ស្ទើរស្លាប់។
លោកបន្ថែមថា «ដាក់ខ្នោះរួចរុញចូលក្នុងឡាន វ៉ៃបន្ថែម បុកបន្ថែម កាច់ក និងវ៉ៃពីមុខ។ អ៊ីចឹង ពួកខ្ញុំត្រូវបានគេរុញចូលក្នុងឡានទាំងប្រាំនាក់ រួចយកពួកខ្ញុំទម្លាក់នៅមុខដងទង់ជាតិ។ ខ្ញុំស្មានថាឱ្យពួកខ្ញុំគោរពទង់ជាតិ។ ពួកខ្ញុំគេតម្រូវឱ្យអង្គុយនៅមុខដងទង់ជាតិហ្នឹងតែម្ដង។ បន្ទាប់មក គេឱ្យតម្រៀបជួរគ្នា ហើយចាប់ផ្ដើមទាត់វ៉ៃម្នាក់ៗបីបួនជើងៗ។ បើខ្ញុំវិញ គេ(ប៉េអឹម) ទាត់បីជើង រួចថែមមួយដៃទៀត របូតធ្មេញមួយចំហៀង»។
នៅព្រឹកថ្ងៃទី១២ ខែមករា សកម្មជនដីធ្លីបីនាក់ រួមមាន លោក អាន រួន លោក នូវ នឿន និងលោក ហ៊ឹម គីរី បានស្នើសុំមេធាវីពីខាងសមាគមអាដហុក។ លោក អាន រួន បញ្ជាក់ថា ការពឹងពាក់មេធាវីពីអង្គការសង្គមស៊ីវិលនៅពេលនេះ គឺដើម្បីបើកផ្លូវឱ្យពួកគាត់អាចមានលទ្ធភាពក្នុងការតតាំងតាមផ្លូវច្បាប់នៅតុលាការ នាពេលខាងមុខ។
លោក នូវ នឿន បញ្ជាក់ថា ក្នុងចំណោមតំណាងប្រាំនាក់ ដែលត្រូវបានកងរាជអាវុធហត្ថចាប់ខ្លួន គឺមានតែបីនាក់ប៉ុណ្ណោះសម្រេចចិត្តដាក់ពាក្យប្តឹង ប្រឆាំងការធ្វើទារុណកម្មនេះ។ ចំណែកអ្នកផ្សេងទៀត លោកមិនបានដឹងថា មានមូលហេតុអ្វីបានពួកគេមិនប្តឹង។ លោកដាក់ការសង្ស័យថា អ្នកទាំងនោះមានការភ័យខ្លាចចំពោះសុវត្ថិភាព។
ទាក់ទងនឹងសុវត្ថិភាពនេះដែរ តំណាងទាំងបីនាក់ ដែលមកស្នើសុំមេធាវី និងដាក់ពាក្យបណ្ដឹងនៅការិយាល័យ អាដហុក អះអាងថា ពេលនេះមានមនុស្សស្លៀកស៊ីវិល តាមឃ្លាំមើលពួកគាត់ជាប្រចាំ។
ទាក់ទងសំណុំរឿងព្រហ្មទណ្ឌនេះ សកម្មជនដីធ្លីបានអះអាងថា អ្នកដែលបញ្ជាឱ្យវាយធ្វើបាប និងទាត់ធាក់ពួកគេ គឺជាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ឈ្មោះ សរ ប៊ុនសឿង។
ប្រភពបន្ថែមថា លោក ប៊ុនសឿង ក្រៅពីបញ្ជាឱ្យកូនចៅវាយ និងធ្វើទារុណកម្មយកចម្លើយហើយ មន្ត្រីរូបនេះបានប្រើហិង្សាដោយខ្លួនឯងមកលើពួកគាត់ជាអ្នកតវ៉ារឿងដីធ្លីផ្ទាល់ថែមទៀត។
លោក អាន រួន តំណាងម្នាក់ក្នុងចំណោមសកម្មជនទាំងប្រាំនាក់ ថ្លែងថា លោកត្រូវបានលោក សរ ប៊ុនសឿង ចាប់ទះកំផ្លៀង និងវាយបត់កក្នុងបំណងឱ្យស្លាប់ មុននឹងត្រូវបញ្ជូនចូលទៅក្នុងរថយន្ត។ លោកបន្តថា ក្នុងអំឡុងពេលឃុំខ្លួននៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការរងរូបនេះ បានបញ្ជាឱ្យកូនចៅ វាយសួរចម្លើយបន្ថែមទៀត ក្នុងទម្រង់ធ្ងន់ធ្ងរមកលើពួកគាត់។
លោកបន្ថែមថាគ្នាគេបីបួននាក់ រើម៉េចឈ្នះ។ គេដាក់យកៗ (វាយ) ខ្ញុំឡើងឈាមក្បាលជោកអាវអស់។វាយខ្ញុំឡើងរយះត្របកភ្នែក។ អុកជង្គង់ និងអូសវ៉ៃពីលើក្បាលថែមទៀត រួចហើយដាក់មួកសុវត្ថិភាព រួចអូស ហើយកាច់កខ្ញុំបំបាក់។ វ៉ៃនេះវ៉ៃមែនទែន វ៉ៃយកឱ្យងាប់តែម្ដង។ មកដល់ខាងក្នុងទីបញ្ជាការកងរាជអាវុធហត្ថ លោក ប៊ុនសឿង គេវ៉ៃថែមទៀត។ ម្នាក់ថែមបីបួនជើងទៀត ទប់គ្នាហ្នឹងឯង៕សរន/Ha


