ប៉ូលិស២នាក់ រងការវាយដំដល់ចេញឈាមពីសំណាក់បាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យនៅហុងកុងកាលពីថ្ងៃអាទិត្យទី១៩មករា នៅពេលអំពើហិង្សាបានផ្ទុះឡើងនៅការជួបជុំទាមទារសេរីភាពបែបប្រជាធិបតេយ្យកាន់តែធំឡើងមួយ។
បញ្ហាបានកើតឡើងនៅពេលប៉ូលិសបញ្ជាអោយបំបែកការជួបជុំ ក្រោយប៉ូលិសបានធ្វើការឃាត់ខ្លួនមនុស្សនិងឆែកឆេរនៅផ្លូវជិតៗនោះ ហើយរងការគប់ដបទឹកនិងថ្នាំលាបមកលើ។ប៉ូលិសស្លៀកពាក់ស៊ីវិលមួយក្រុមបានព្យាយាមនិយាយជាមួយអ្នករៀបចំការជួបជុំតែត្រូវពួកអ្នកប្រឆាំងតវ៉ាពាក់ម៉ាសមុខ វាយមកលើពួកគេរហូតបែកក្បាល។
ក្រោយមកសហការីរបស់គេបានចូលឃាត់និងនាំពួកគេចេញទៅ។
ក្នុងសេចក្តីថ្លែងការណ៍លើហ្វេសប៊ុក កងកម្លាំងប៉ូលិសហុងកុងបាននិយាយថា«អំពើដូច្នេះ មិនត្រូវអត់ឱនអោយឡើយ»។
ប៉ូលិសបង្ក្រាបបាតុកម្មបានសំរុកចូល បាញ់គ្រាប់បែកផ្សែងបំបែកបាតុករ និងធ្វើការចាប់ខ្លួនមនុស្សមួយចំនួន រួមមានបាតុករម្នាក់ដែលរបួសឈាមក្បាល។
ប៉ូលិសចាប់ខ្លួនបុរសម្នាក់ដែលមានរបួសក្បាល ក្រោយប៉ូលិសបាញ់គ្រាប់បែកផ្សែងបំបែកហ្វូងបាតុកម្មនៅហុងកុង
ការប្រឆាំងតវ៉ានៅហុងកុងបានបន្តអស់ពេល៧ខែមកហើយដោយដំបូងវាបង្កឡើងពីការប្រឆាំងនឹងពង្រាងច្បាប់បត្យាប័នមួយតែទោះជាវាត្រូវបានអាជ្ញាធរហុងកុងលុបចោល ចលនាប្រឆាំងតវ៉ាមិនបានបញ្ឈប់ហើយពួកអ្នកប្រឆាំងតវ៉ាទាមទារសិទ្ធិសេរីភាពធំឡើង។
ក្នុងបាតុកម្មកាលពីថ្ងៃអាទិត្យ មនុស្សរាប់ពាន់នាក់បានជួបជុំនៅកណ្តាលសង្កាត់ពាណិជ្ជកម្មរបស់ទីក្រុងដោយពួកគេស្រែកពាក្យស្លោកដូចជា«សាមគ្គីជាមួយហុងកុង ប្រយុទ្ធដើម្បីសេរីភាព»។បាតុករខ្លះ គ្រវីទង់អាម៉េរិក អង់គ្លេសនិងទង់ឯករាជ្យហុងកុង៕ប្រែសម្រួល៖វាសនា