ដោយបូកគោ/កំពត៖រដ្ឋបាលខេត្តកំពតបានតម្រូវឱ្យអ្នកបំពានទ្រព្យសម្បត្តិរបស់រដ្ឋបម្រុងកាន់កាប់ដោយការចាក់លុបដើមកោងកាងនៅកន្លែងពីរផ្សេងគ្នានៃស្រុកទឹកឈូធ្វើការកាយដីចេញរួចដាំដុះឡើងវិញក្នុងកំណត់កាលវេលាជាក់លាក់មួយ។
លោកសសូរិននាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពតបានបញ្ជាក់ថាផ្អែកតាមសំណូមពរពីប្រជានេសាទសហគមន៍ព្រែកត្នោត កាលពីរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានជលផលសហការជាមួយថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តកំពតបានចុះពិនិត្យមើលការចាក់ដីមួយកន្លែងស្ថិតក្នុងភូមិព្រែកត្នោត ឃុំព្រែកត្នោត ស្រុកទឹកឈូ។
ក្រុមការងារបានប្រទះឃើញរថយន្តដឹកដីពាក់ស្លាកលេខខ.មជាច្រើនគ្រឿងដែលអ្នកបើកបរបានចតទុក រួចគេចខ្លួនអស់ តែម្ចាស់គ្រឿងចក្រម្នាក់បានបញ្ជាក់ថាការចាក់ដីនេះគឺធ្វើឱ្យលោកឧកញ៉ាគុយ លៀងគី។លោកនាយខណ្ឌបានបន្តថាតាមការពិនិត្យជាក់ស្តែងសកម្មភាពដែលបានចាក់ដីនោះគឺប៉ះពាល់ព្រៃលិចទឹករយៈបណ្តោយ៩៩ម៉ែត្រនិទទឹង១០ម៉ែត្រព្រមទាំងខូចខាតបង្គោលឡាក់ចំនួនបីដើម។ដូច្នេះ រដ្ឋបាលខេត្តកំពតបានកំណត់ថ្ងៃជាក់លាក់មួយដោយតម្រូវឱ្យអ្នកចាក់លុបត្រូវកាយដីចេញ និងដាំដើមកោងកាង ព្រមទាំងរៀបចំធ្វើបង្គោលឡាក់ឡើងវិញ។
លោកស សូរិននៅបានបញ្ជាក់ឱ្យដឹងទៀតថាជាមួយគ្នានោះដែរ មុននេះមួយថ្ងៃ គឺកាលពីថ្ងៃទី១៨ ខែមករាឆ្នាំ២០២០មន្ត្រីខណ្ឌរដ្ឋបានជលផលនៃមន្ទីរកសិកម្មរិក្ខាប្រមាញ់និងនេសាទខេត្តកំពតសហការជាមួយរដ្ឋបាលឃុំកោះតូចបានចុះពិនិត្យមើលការចាក់ដីមួយកន្លែងស្ថិតក្នុងភូមិគីឡូដប់ពីរ ឃុំកោះតូចស្រុកទឹឈូ។
សកម្មភាពនៃការចាក់ដីនៅទីនោះបានប៉ះពាល់លើដងព្រែកនិងព្រៃកោងកាងទំហំ១៥ម៉ែត្រគុណនឹង៤០ម៉ែត្រ។ លោកនាយខណ្ឌបានបន្តថាតាមការស្រាវជ្រាវសកម្មភាពចាក់ដីនេះធ្វើឡើងដោយឈ្មោះ ហេង សុភី មេការឱ្យក្រុមហ៊ុនចិនមួយដែលមកវិនិយោគក្នុងទឹកដីឃុំកោះតូចនោះ។ក្រុមការងារក៏បានតម្រូវឱ្យសាមីខ្លួនធ្វើការកាយដីចេញ និងដាំដើមកោងកាងឡើងវិញដូចករណីនៅឃុំព្រែកត្នោតដែរ៕S/